en     km
en     km

សកម្មជនមាតាធម្មជាតិព្រួយបារម្ភយុវជនអាល្លឺម៉ងម្នាក់ ត្រូវបានបិទសិទ្ធិមិនឱ្យចូលកម្ពុជា ដូចលោកអាឡិច

Share

ក្រោយពេលចាកចេញពីការឃាត់ខ្លួន និងសាកសួរដោយសមត្ថកិច្ចនៅខណ្ឌដូនពេញ យុវជនអាល្លឺម៉ងម្នាក់ឈ្មោះ យ៉ាននីក ត្រូវចាកចេញទៅប្រទេសកំណើតវិញនៅថ្ងៃស្អែក។ ការណ៍នេះ ធ្វើឱ្យសកម្មជនបរិស្ថាន លោក ថុន រដ្ឋា បារម្ភខ្លាចក្រែងយុវជននេះ មានវាសនាដូចលោក អាឡិច មិនអាចចូលទឹកដីកម្ពុជាបានម្ដងទៀត។ តែសង្គមស៊ីវិលថា ផ្អែកលើសកម្មភាពរបស់យុវជនបរទេសនេះ មិនអាចស្ថិតក្នុងបញ្ជីខ្មៅឡើយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា បានបង្ហោះសារពីមាតុភូមិនិវត្តន៍របស់យុវជនជនជាតិអាល្លឺម៉ងម្នាក់ ដែលបានចូលរួមយុទ្ធនាការ “ថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ” ថាគាត់នឹងត្រលប់ទៅប្រទេសកំណើតខ្លួនវិញនៅថ្ងៃស្អែកនេះ។

លោក ថុន រដ្ឋា បញ្ជាក់ថា ការចាកចេញរបស់បុរសជនបរទេសរូបនេះ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញបានឃាត់ខ្លួន និងសួរនាំគាត់ រួមជាមួយសកម្មជនមាតាធម្មជាតិ១២នាក់ផ្សេងទៀត កាលពីថ្ងៃអាទិត្យ ទី៧ ខែមករា។

សកម្មជនរូបនេះមិនដឹងថា វាសនារបស់យុវជនអាល្លឺម៉ង់ ដែលចូលរួមការពារសម្បត្តិជាតិកម្ពុជាអាចត្រលប់មកកម្ពុជាវិញ ឬត្រូវមានអក្សរក្រហមជាប់ជាមួយលិខិតឆ្លងដែន ដូចបានកើតមានចំពោះសកម្មជនបរិស្ថានសញ្ជាតិអេស្បាញ លោកអាឡិចហ្សិនដ្រូ ហ្គន់ហ្សាលេស ដេវីសុនដែរ ឬអត់ទេ។ តែលោក សង្ឃឹមថា គាត់អាចវិលមកកាន់កម្ពុជាបានសារជាថ្មីតាមធម្មតា។

លោក ថុន រដ្ឋា បានលើកឡើងក្នុងសម្ដីដើមថា “គ្មានទេការរារាំងសិទ្ធិឈឺឆ្អាលទ្រព្យសម្បត្ដិធនធានធម្មជាតិពីគ្រប់ប្រជាជន ព្រោះគ្រប់គ្នារស់នៅពឹងផ្អែកលើខ្យល់ដកដង្ហើមដូចគ្នា ដូច្នេះការចូលរួមខ្វល់ខ្វាយ ឈឺឆ្អាលលើធនធានធម្មជាតិ មិនគួររើសអើង ដោយសារតែខុសភាសា ឬជាតិសាសន៍នោះទេ”។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ សកម្មជនបរិស្ថានជនបរទេសម្នាក់ និងជាប្រធានអង្គការចលនាមាតាធម្មជាតិ លោក អាឡិចហ្សិនដ្រូ ត្រូវបានអាជ្ញាធរកម្ពុជា បានបណ្ដេញមិនឱ្យចូលទឹកដីកម្ពុជា បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំងការបូមខ្សាច់នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅប្រទេសកម្ពុជា។

លោក  អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា បើផ្អែកទៅលើសកម្មភាពរបស់បុរសជនបរទេសនេះ ហាក់មិនមានអ្វីជារឿងខុសច្បាប់នោះទេ គឺជាសិទ្ធិសេរីភាពរបស់គាត់។

នាយកទទួលបន្ទុកកិច្ចការទូទៅរូបនេះបញ្ជាក់ថា ត្រឹមតែការឃាត់ខ្លួនសកម្មភាពរបស់សកម្មជនបរិស្ថាននោះ ទទួលរងការរិះគន់យ៉ាងចាស់ដៃទៅហើយ ព្រោះជាការរឹត្បឹតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការជួបជុំ និងជជែកគ្នានៅទីសាធារណៈ។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបសំនួរអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមទេ នៅរសៀលថ្ងៃនេះ។

គួរជម្រាបថា បុរសជនជាតិអាល្លឺម៉ងរូបនេះមានឈ្មោះថា យ៉ាននីក។  នៅពេលឃាត់ខ្លួន និងសួរចម្លើយត្រូវបានសមត្ថកិច្ចចាប់យកសម្ភារៈផ្ទាល់ខ្លួនរបស់គាត់ (ទូរសព្ទ) និងគម្រាមបញ្ជូនខ្លួនទៅប្រទេសកំណើរវិញផងដែរ។ នេះបើតាមការបញ្ជាក់ពីកញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ តាមរយៈវីដេអូដែលបង្ហោះលើហ្វេសប៊ុកមាតាធម្មជាតិ៕

Share

ព័ត៌មានទាក់ទង

Image