en     km
en     km

ប្រធានាធិបតីចិនប្តេជ្ញាពង្រឹងការបង្ក្រាបបទល្មើសពុករលួយក្នុងជួរដ្ឋាភិបាល

Share

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping ប្តេជ្ញាថានឹងបង្កើនការបង្រ្កាបអំពើពុករលួយនៅក្នុងវិស័យសំខាន់ៗរួមមានវិស័យហិរញ្ញវត្ថុ ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាដើម។ ក្នុងនាមលោកជាមេដឹកនាំកំពូលរបស់ចិនបម្រើការក្នុងជួររដ្ឋាភិបាលរយៈពេលប្រមាណជាង ២០ឆ្នាំ លោកនៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តប្រឆាំងនឹងការប្រព្រឹត្តបទល្មើសពុករលួយ និងសម្អាតជនណាដែលធ្វើប្រាសចាកពីច្បាប់មន្រ្តីរាជការ។

លោក Xi បានមានប្រសាសន៍បែបនេះ បន្ទាប់រដ្ឋាភិបាលចិន ១០ឆ្នាំចុងក្រោយនេះ ប្រឈមនឹងការកើនឡើងនៃចំនួនអ្នកប្រព្រឹត្តអំពើពុករលួយកេងប្រវញ្ច ដោយប្រើឈ្មោះថាជាអ្នកអនុវត្តច្បាប់។ ជុំវិញបញ្ហានេះ អ្នកវិភាគមួយចំនួនយល់ថា នេះជាយន្តការរបស់លោក Xi ក្នុងការបោសសម្អាតអ្នកប្រឆាំងគោលនយោបាយរបស់ខ្លួនប៉ុណ្ណោះ។

កាលពីថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ អតីតនាយកប្រតិបត្តិកំពូលនៅក្រុមហ៊ុនប្រេងនិងឧស្ម័នរដ្ឋមួយ ត្រូវបានចាប់ខ្លួនពីបទល្មើសដែលសង្ស័យថា បានស៊ីសំណូក។ នៅថ្ងៃដដែលនេះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតលើអតីតប្រធានការិយាល័យប្រតិបត្តិការសេដ្ឋកិច្ចធ្វើការផ្តាច់មុខលើថ្នាំជក់របស់រដ្ឋ។ ចំណែកកាលពីចុងខែធ្នូ ឆ្នាំ២០២៣ អតីតអនុប្រធាននិយតករធនាគារ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ។

យោងតាមតួលេខផ្លូវការចុងក្រោយបង្អស់ពីខែមិថុនា ឆ្នាំ២០២២ មន្ត្រីបម្រើការក្នុងគណបក្សផ្សេងៗនៅក្នុងប្រទេសចិនប្រហែល ៤.៨លាននាក់ ត្រូវទីភា្នក់ងារប្រឆាំងនឹងអំពើពុករលួយបើកការស៊ើបអង្កេត។ ក្នុងចំណោមនោះ មន្រ្តីជាង ១,៥លាននាក់ ត្រូវបានកាត់ទោសតាមនីតិវិធីផ្លូវច្បាប់ ដោយមន្រ្តីខ្លះកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលតិច-យូរ និងមន្រ្តីខ្លះត្រូវបណ្តេញចេញពីមុខតំណែងមន្រ្តីរាជការ ដកឋានន្តរស័ក ឬឯមន្រ្តីខ្លះទៀតត្រូវបណ្ដេញចេញពីគណបក្ស៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image