en     km
en     km

មេដឹកនាំកម្ពុជាគ្រោងជួបបារាំងលើកពីបញ្ហាបរិស្ថាន អន្ដរកាលថាមពល និងអាកាសធាតុមកដោះស្រាយ

Share

កម្ពុជាគ្រោងលើកយកបញ្ហាបរិស្ថាន អន្ដរកាលថាមពល និងអាកាសធាតុមក ទៅជួបជាមួយប្រធានាធិបតីបារាំងអំឡុងពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ខាងមុនេះ។ តែអ្នកវិភាគនយោបាយថា អាចមានបញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យនឹងត្រូវបានលើកឡើងពីភាគីបារាំងមកវិញផងដែរ ដើម្បីជំរុញឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និង គោលការណ៍ប្រជាធិបតេយ្យ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នឹងទៅជួបប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាសាធារណរដ្ឋបារាំង។ ក្នុងលិខិតឆ្លើយតបតាមការអញ្ចើញពីប្រធានាធិបតីបបារាំង ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យសំខាន់ៗដែលនឹងត្រូវយកមកពិភាក្សាមានដូចជា បញ្ហាការប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន បញ្ហាអន្ដរកាល និងការប្រែប្រួលអាកាសធាតុ និងលើកស្ទួយសន្ដិភាពលើពិភពលោក។

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ដ្រីកម្ពុជាអះអាងថា ការពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ដ្រអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបារាំង។

ក្នុងលិខិតអញ្ចើញមកនាយករដ្ឋមន្ដ្រីកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាក្រុង បានលើកឡើងថា លោកប្រាថ្នាចង់ឱ្យទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ដ្រីកម្ពុជាថ្មី បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ  ក្នុងនោះមានវិស័យអន្តរកាលថាមពលជាដើម។ បន្ថែមពីនេះ ទស្សនកិច្ចលើកទីមួយនេះដែរ លោក ម៉ាក្រុងថា នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយជើងចាស់មួយរូបយល់ឃើញថា ការគ្រោងលើកឡើងពីបញ្ហាបរិស្ថាន អន្ដរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ដើម្បីជជែកជាមួយបារាំងជារឿងល្អមួយ ខណៈបារាំងកំពុងដើរតួយ៉ាងសំខាន់ក្នុងការងារបរិស្ថាន។ តែយ៉ាងណា លោកថា បញ្ហាសិទ្ធិមនុស្ស និងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ក៏អាចនឹងភាគីបារាំងលើកឡើងមកដែរ ព្រោះបារាំងជាសមាជិកសហគមន៍អឺរ៉ុប ដែលមានតម្លៃគោលខាងការគោរពសិទ្ធិមនុស្ស និងការអនុវត្តប្រជាធិបតេយ្យ។

គួរជម្រាបថា បារាំងក៏ជាប្រទេសមួយដែលសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយសារអវត្តមានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពក្នុងការបោះឆ្នោត។ ស្ថានទូត​បារាំង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​នោះ​ដោយ​អំពាវ​នាវឱ្យ​មាន​ការ​ដោះ​លែង​សមាជិក​គណបក្ស​ជំទាស់​ដែល​ឃុំ​ខ្លួន ​និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ស្តារ​ប្រជា​ធិបតេយ្យ ​ស្រប​តាម​គោល​ការណ៍​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​និង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

យ៉ាងណាទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឡើងក្រោយព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាជាងមួយខែប៉ុណ្ណោះ ខណៈព្រះមហាក្សត្របានយាងទៅកាន់ប្រទេសបារាំងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង

Image