ក្រោយពេលចូលពន្ធធនាគារ២-៣ថ្ងៃ លោក នី ណាក់ បានបង្ហាញការដឹងកំហុដដែលផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជាវជាមុន។ នេះបើតាមការឱ្យដឹងពីភរិយាលោក នី ណាក់ ក្រោយពេលជួបមុខប្ដីនៅពន្ធធនាគារព្រៃស នាព្រឹកមិញនេះ។ លោកស្រីបានស្នើសុំរាជរដ្ឋាភិបាលដោះលែងប្ដីរបស់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយរដ្ឋផ្នែកកសិកម្មផងដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ភរិយាលោក នី ណាក់ លោកស្រី សុខ ស៊ីណេត នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានស្នើសុំរាជរដ្ឋាភិបាល ឱ្យប្ដីរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយរដ្ឋផ្នែកកសិកម្ម ក្រោយពេលប្ដីជាប់ពន្ធធនាគារព្រៃស ពីរបីថ្ងៃ។ អ្នកស្រី សុខ ស៊ីណេត បញ្ជាក់ថា ប្ដីរបស់ខ្លួនមានការសោកស្តាយ និងដឹងនូវកំហុស ដែលបានយក ព័ត៌មានមកផុសក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមិនបានស្រាវជាវជាមុន។
លោក នី ណាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្រោមបណ្ដឹងពីលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ តុលាការបានសម្រេចឃុំខ្លួនសកម្មជនរិះគន់ការងាររាជរដ្ឋាភិបាលរូបនេះ ក្រោមបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងបទមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម។ នេះបើផ្អែកតាម សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោក នី ណាក់ ត្រូវបានបញ្ជូនទៅដាក់ក្នុងបណ្ឌលកែប្រែទី១ ឬ គុកព្រៃស កាលពីថ្ងៃទី៦ ខែមករា បន្ទាប់ពីឃុំខ្លួនបណ្ដោះអាស្នននៅក្រសួងមហាផ្ទៃ១យប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានចាត់ទុកករណីការឃុំខ្លួនអ្នកជំនាញកសិកម្ម នី ណាក់ ថាជាការរំលោភសិទ្ធិបញ្ចេញមតិធ្ងន់ធ្ងរ មិនអាចទទួលយកបានឡើយ។ HRW បានទាមទារឱ្យទម្លាក់ចោលការចោទ និងដោះលែង លោក នី ណាក់ ឡើងវិញឱ្យមានសេរីភាព។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានអះអាងថា ការបញ្ចេញមតិរបស់លោក នី ណាក់ គឺប្រាស់ចាកពីអ្វីដែលមានចែងក្នុងច្បាប់ និងជាការរំលោភលើរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌរបស់កម្ពុជា ទើបតុលាការកំពុងអនុវត្តចំណាត់ការតាមច្បាប់។
កាលពីឆ្នាំ២០២០ លោក នី ណាក់ ក៏ធ្លាប់ត្រូវបានតុលាការបានផ្តន្ទាទោសឱ្យជាប់ពន្ធធនាគារ រយៈពេល១៨ ខែផងដែរ ក្រោមបណ្ដឹងពីលោក វេង សាខុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋទាក់ទិននឹង ការប្រកាសពីផែនការទិញម៉ាស់មកពាក់ឱ្យសត្វមាន់ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយលោកបានចេញពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
គេសង្កេតឃើញថា ក្រោយចេញពីពន្ធធនាគារលើកមុន លោក នី ណាក់ បានប្រកាសគាំទ្រគណបក្សកាន់អំណាច និងថតរូបជាមួយ សម្ដេច ហ៊ុន សែន និងសម្ដេច ហ៊ុន ម៉ាណែតផងដែរ។ តែយ៉ាងណា លោកនៅតែរិះគន់លើការងាររាជរដ្ឋាភិបាលដដែលលើទំព័រហ្វេសប៊ុកឈ្មោះ IMan-KH ដែលលោកគ្រប់គ្រង៕