en     km
en     km

អ្នកកាសែតពីរនាក់បាត់បង់ជីវិតក្នុងការវាយប្រហាររវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់

Share

សារព័ត៌មាន Al Jazeera រាយការណ៍ឱ្យដឹងថា អ្នកកាសែតជនជាតិប៉ាឡេស្ទីនពីររូបត្រូវសម្លាប់នៅក្នុងតំបន់ហ្គាហ្សា អំឡុងពេលបំពេញការងារ ខណៈមន្រ្តីនៅហ្គាហ្សាចោទប្រកាន់លើកងកម្លាំងអ៊ីស្រាអែលថាជាអ្នកបង្ក។

(កញ្ញា កែវ សុជាតា រាយការណ៍)

អ្នកកាសែតទាំងពីររូបនេះ មានឈ្មោះថា Hamza Wael Dahdouh និង Mustafa Thuria ជាបុគ្គលិកបម្រើការនិងថតជាខ្សែវីដេអូឱ្យសារព័ត៌មាន AFP ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។ ខណៈអ្នកកាសែតម្នាក់ទៀតដែលស្ថិតនៅក្នុងទីតាំងកើតហេតុជាមួយជនរងគ្រោះទាំងពីរខាងលើ បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

សាក្សីនៅទីតាំងកើតហេតុបានប្រាប់សារព័ត៌មាន AFP ថា គ្រាប់រ៉ុក្កែតពីរគ្រាប់បានបាញ់សំដៅមករថយន្តរបស់អ្នកកាសែត ដោយមួយគ្រាប់បុកចំពីមុខរថយន្ត និងមួយគ្រាប់ផ្សេងទៀតបុក លោក Hamza ដែលកំពុងអង្គុយក្បែរអ្នកបើកបរ។ សាក្សីរូបនេះសុំមិនបញ្ចេញឈ្មោះ និងបញ្ជាក់ទៀតថា ក្រោយគ្រាប់រ៉ុក្កែតបុកនឹងរថយន្តភ្លាម ក៏បង្កទៅជាអណ្តាតភ្លើងឆាបឆេះ ដែលស្ទើរតែគ្មានសល់បំណែកសាកសពនោះឡើយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា ការស្លាប់របស់អ្នកកាសែតគឺជាសោកនាដកម្ម ដែលមិនអាចនឹកស្មានដល់ ហើយជារឿងមិនគួរកើតមានឡើងទាល់តែសោះ។ ជាងនេះទៀត មន្រ្តីសុខាភិបាលនៅតំបន់ហ្គាហ្សាបានចោទប្រកាន់ថា នេះជាស្នាដៃរបស់អ៊ីស្រាអែលក្នុងការបិទបាំងមិនឱ្យអ្នកកាសែតផ្តិតយកទិដ្ឋភាពជាក់ស្តែងនៃសង្រ្គាមយកទៅផ្សព្វផ្សាយជាសាធារណៈ។

ស្របគ្នានេះដែរ សារព័ត៌មាន Al Jazeera បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសុំថ្កោលទោសយ៉ាងខ្លាំងចំពោះការកំណត់គោលដៅបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែល បើទោះបីពួកគេជាជនស៊ីវិលមិនមានប្រដាប់អាវុធនៅក្នុងដៃក្តី។

ក៏ប៉ុន្តែ កងទ័ពអ៊ីស្រាអែលបានពន្យល់ប្រាប់តាមរយៈសារព័ត៌មាន AFP ថា ពេលនោះខ្លួនកំពុងបើកការវាយប្រហារជាមួយនឹងភេរវករដែលបើកឡានដូចគ្នាទៅនឹងឡានរបស់អ្នកកាសែត។ យ៉ាងណា កងទ័ពអ៊ីស្រាអែលបានសារភាពថា ទាហានអ៊ីស្រាអែលម្នាក់ក្នុងចំណោមទាហានជាច្រើននាក់ បានបាញ់អ្នកយកព័ត៌មានដែលពាក់មួកសុវត្ថិភាព និងអាវកាក់ការពារគ្រាប់កាំភ្លើងដែលមានសញ្ញាថា «សារព័ត៌មាន» ពិតប្រាកដមែន តែក្រោមហេតុថាយល់ច្រឡំថាជាសកម្មប្រយុទ្ធប្រឆាំងនឹងក្រុមរបស់ខ្លួន។

គួរបញ្ជាក់ថា គណៈកម្មាធិការការពារអ្នកសារព័ត៌មានបង្ហាញថា អ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកសារព័ត៌មានយ៉ាងតិច ៧៩នាក់ដែលជាជនជាតិប៉ាឡេស្ទីន ភាគច្រើនត្រូវសម្លាប់ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ជម្លោះនេះ បានសម្លាប់មនុស្សដែលរស់នៅអ៊ីស្រាអែលប្រហែល ១,១៤០នាក់ ភាគច្រើនសុទ្ធសឹងជាជនស៊ីវិល។ រីឯ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២២,៨៣៥នាក់៕

ប្រភព៖ AFP ចុះថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image