en     km
en     km

ក្រសួងមហាផ្ទៃដកហូតមុខតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ទៀត ក្រោយល្មើសវិន័យនគរបាល

Share

ដើមឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃបានបញ្ចប់មុខតំណែងមន្ដ្រីជាច្រើនរូប ក្នុងរូបភាពល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់ទៀត ឱ្យទៅជាមន្ដ្រី បន្ថែមពីលើមន្ដ្រី១២ រូបផ្សេងទៀត ដែលបានបញ្ចប់មុខតំណែងតែម្ដងនៅថ្ងៃជាមួយគ្នា។


ក៏ប៉ុន្តែសេចក្ដីសម្រេចជុំវិញស្នងការរងខេត្តម្នាក់នោះ ទើបចេញផ្សាយលើតេឡេក្រាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។ ស្នងការរងខេត្តព្រះសីហនុនោះ មានឈ្មោះថា ហម សុវណ្ណារិទ្ធ អត្តលេខ ៧៤៤៩៤ ឋានន្ដរស័ក្ដិជាវរសេនីយ៍ទោ គឺស័ក្ដិ៤កន្លះ តែទន្ទឹមគ្នានៃការដកហូតមុខតំណែង ឋានន្ដរស័ក្ដិក៏ត្រូវបានបន្ថយចំនួន១ថ្នាក់ផងដែរ មកត្រឹមវរសេនីយ៍ត្រី គឺស័ក្ដិ៤ វិញ។ ជាមួយគ្នាលោកក៏ត្រូវបានផ្ទេរភារកិច្ចដោយបង្ខំពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនៅអង្គភាពអន្ដរាមន៍ នៃស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមការបញ្ជាក់ពីសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ។

មន្ដ្រីក្រសួងមហាផ្ទៃបើកកិច្ចប្រជុំ

លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនទាន់បំភ្លឺបន្ថែមលើករណីនេះនោះទេ ខណៈលោកមិនទទួលទូរសព្ទ និងមិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមនៅឡើយ។

លោក ស សុខា ឧបនាយករដ្ឋ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ ក្រោយពេលលោក ស សុខា ឡើងកាន់តំណែង បានជម្រុះមន្ដ្រីជាច្រើនពីក្របខណ្ឌ ដោយមូលហេតុភាពអសកម្ម មិនគោរពវិន័យ និងអវត្តមានញឹកញាប់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ លោកបានអនុវត្តយុទ្ធនាការសម្អាតផ្ទះយើង ក្នុងការជម្រុះមន្ដ្រីក្រោមឱវាទក្រសួង។
ត្រឹម១សប្ដាហ៍ដំបូងនៃដើមឆ្នាំ២០២៤ប៉ុណ្ណោះ សេចក្ដីសម្រចជាហូរហែរបានចេញមកជាបន្ដបន្ទាប់។ សង្គមស៊ីវិលលើកឡើងថា ការដកហូតមុខតំណែងមន្ដ្រីដែលអសកម្ម គឺជារឿងល្អ ដើម្បីជំរុញប្រសិទ្ធិភាពនៃការបម្រើសង្គមជាតិ និងជម្រុះចោលមន្ដ្រីពុករលួយ។ តែយ៉ាងណា សង្គមស៊ីវិលស្នើឱ្យក្រសួងគួរបង្ហាញពីមូលហេតុដែលតម្លាភាពផងដែរ ដើម្បីឱ្យមហាជនបានឃើញពីភាពត្រឹមត្រូវចំពោះការអនុវត្តច្បាប់របស់មន្ដ្រី៕

Share

ព័ត៌មានទាក់ទង

Image