en     km
en     km

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនដល់ ៦២នាក់

Share

ក្រុមអ្នកជួយសង្គ្រោះជប៉ុននៅតែបន្តព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមានគ្រោះរញ្ជួយដីបណ្តាលឱ្យបាក់និងដួលរំលំអគារតូចធំ និងសម្លាប់មនុស្សចំនួន ៦២នាក់។ ខណៈអាជ្ញាធរព្រមានឱ្យដាក់ការប្រុងប្រយ័ត្នពីការបាក់ដីជាយថាហេតុ និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

(កញ្ញា សៃ ចន្ធី រាយការណ៍)

 

យោងតាមរដ្ឋាភិបាលក្នុងតំបន់នៃប្រទេសជប៉ុន បានប្រកាសនៅថ្ងៃពុធ​ ទី០៣ ខែមករា ឆ្នាំ២០២៤ថា បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ វាយលុកខេត្ត Ishikawa នៃកោះ​ Honshu ប្រទេសជប៉ុនត្រូវប្រឈមនឹងរលកយក្សស៊ូណាមិក្នុងកម្រិតកម្ពស់ជាងមួយម៉ែត្រ ព្រមទាំងអណ្តាតភ្លើងឆាបឆេះពាសពេញតំបន់ និងការដាច់ផ្លូវថ្នល់ជាកំណាត់ៗពិបាកធ្វើដំណើរជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាលថា ពលរដ្ឋដែលបានស្លាប់ក្នុងហេតុការណ៍ទាំងនេះ បានកើនដល់ទៅ ៦២នាក់ និងមនុស្សជាង ៣០០នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ ខេត្តនៃឧបទ្វីប Noto ត្រូវបានវាយប្រហារពីគ្រោះមហន្តរាយនេះយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារអគាររាប់រយខ្នងត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆាបឆេះ និងផ្ទះសម្បែងរបស់ពលរដ្ឋជាច្រើនខ្នងបានដួលរលំ។ រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្សជាង ៣,១៨០០នាក់​ កំពុងស្ថិតនៅក្នុងជម្រកសមស្របដើម្បីគេចចេញពីគ្រោះថា្នក់។ ជាងនេះទៀត ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមជីកកកាយរកជនរងគ្រោះក្រោមគំនរអគាររយៈពេលជាង ៤០ម៉ោងបានកន្លងផុតទៅ

ដោយឡែក ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ ហើយ​ត្រូវ​តាម​ដាន​ការ​បាក់​ដី​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ ទី០៣ ខែមករា ឆ្នាំ២០២៤​។ តាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់អាមេរិកបានបង្ហាញថា ការរញ្ជួយដីនេះមានកម្រិត ៧.៥ រ៉ិចទ័រ ខណៈដែល JMA បានវាស់វែងគឺឃើញថាស្ថិតនៅកម្រិត ៧.៦។ ជាមួយគ្នានេះ ប្រទេសជប៉ុនបានដកការព្រមានជុំវិញលទ្ធភាពដែលនឹងអាចមានរលកយក្សស៊ូណាមិទាំងអស់ បន្ទាប់ពីរលកកម្ពស់យ៉ាងហោចណាស់ ១.២ ម៉ែត្របានវាយប្រហារទីក្រុង Wajima ហើយមានរលកយក្សស៊ូណាមិតូចៗវាយប្រហារតំបន់ផ្សេងៗជាបន្តបន្ទាប់។

សូមរំលឹកថា ប្រទេសជប៉ុនជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ហើយភាគច្រើនមិនមានការខូចខាតអ្វីនោះឡើយ។ ក៏ប៉ុន្តែ រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីឆ្នាំមុនថា ចំនួននៃការរញ្ជួយដីនៅក្នុងតំបន់ Noto Peninsula បានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១៨​ និងត្រូវបានបំភ័យដោយការរញ្ជួយដីក្រោមបាតសមុទ្រកម្រិត ៩.០ រ៉ិចទ័រ នៅភាគឦសានប្រទេសជប៉ុនក្នុងឆ្នាំ២០១១ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១៨៥០០ នាក់ស្លាប់ ឬបាត់ខ្លួន៕

ប្រភព៖ CNA​ ចុះថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image