en     km
en     km

មហាជនត្អូញត្អែរតម្លៃផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាបទាមទារឲ្យអាជ្ញាធរដោះស្រាយ

Share

ក្រោយមានការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថាផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប មិនមានការគិតលុយ បានធ្វើមហាជនជាច្រើនបានប្រតិកម្មព្រោងព្រាតនូវការចុះផ្សាយនោះ ដោយបញ្ជាក់ថានៅតែមានការគិតលុយលើផ្លូវហាយវេចូលព្រលានដដែល។

ជាក់ស្ដែង  កាលពីព្រឹក ថ្ងៃទី៣ ខែមករា​ ឆ្នាំ ២០២៤ អ្នកបើកបរតាក់ស៊ីប្រមាណ ៥០ នាក់ បានទៅធ្វើការតវ៉ានៅមុខរដ្ឋបាលខេត្តសៀមរាប ស្នើឲ្យអាជ្ញាធរខេត្ត ជួយរកដំណោះស្រាយ ក្នុងករណីនេះ។

មហាជនខ្លះថា​ បើរដ្ឋាភិបាលមិនដោះស្រាយរឿងនេះទេ ប្រាកដជាបាត់ភ្ញៀវទេសចរណ៍ទៅប្រទេសថៃនិងវៀតណាមអស់ហើយ។ អ្នកខ្លះថា ការផ្សព្វផ្សាយពីករណី «មិនយកលុយផ្លូវទៅព្រលានយន្តហោះសៀមរាប» គឺជាការបំភ្លើសតែប៉ុណ្ណោះ។

បញ្ហានេះ វិទ្យុស្រ្តីបានទាក់ទងលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ ខេត្តសៀមរាប តែលោកជាប់ប្រជុំ មិនអាចផ្ដល់ការបំភ្លឺបានទេ ។ តែកន្លងមកអាជ្ញាធរខេត្តធ្លាប់លើកឡើងថា នឹងសិក្សាតម្លៃព្រមទាំងចរចាជាមួយក្រុមហ៊ុនវិនិយោគ ព្រោះស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ក្រុមហ៊ុន។

សូមជម្រាបថា ផ្លូវហាយវេចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប បានបើកដំណើរការសាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។

យ៉ាងណាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ការយកសេវារថយន្តបើក កាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA)បានចាប់ផ្ដើមដំណើរការ។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលា​ដែលចូលចត​​ក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។នេះបើតាមការបញ្ជាក់ពី ក្រុមហ៊ុនវិនិយោគចិន៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

 

 

 

Share

ព័ត៌មានទាក់ទង

Image