en     km
en     km

កម្មការីនីពីរនាក់ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងាររឿងបាត់បង់អត្ថប្រយោជន៍

Share

កម្មការីនីពីរនាក់បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងារសុំកិច្ចអន្តរាគមន៍រឿងបាត់បង់អត្ថប្រយោជន៍ការងារ និងស្នើសុំឱ្យភាគីពាក់ព័ន្ធជួយរកដំណោះស្រាយដើម្បីរក្សាបាននូវអត្ថប្រយោជន៍របស់កម្មករ។

លោក អ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍

កាលពីថ្ងៃទី២២ខែ ធ្នូ ឆ្នាំ២០២៣ កម្មការីនី ស៊ឹម ស៊ាងលី និង អឿសា រ៉េត បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងារ ឱ្យជួយរកដំណោះស្រាយ លើបញ្ហាការបាត់បង់អត្ថប្រយោជន៍របស់ខ្លួន ដែលក្រុមហ៊ុន អ៊ែភល អឺភែរឹល (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅ ភូមិជំពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានចេញលិខិតជូនដំណឹងរួមមកថា ឱ្យកម្មករនិយោជិត ទាំងអស់ឈប់សំរាកចំនួន២ថ្ងៃ គឺថ្ងៃទី២៥ និង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលថ្ងៃទី២៥ ខែវិច្ឆិកា នឹងឈប់សម្រាកមួយថ្ងៃដោយមានប្រាក់ឈ្នួល (ត្រឹម)ហើយថ្ងៃទី២៩ ខែវិច្ឆិកា នឹងឈប់សម្រាកមួយថ្ងៃទៀតមិនមានប្រាក់ឈ្នួល ប៉ុន្តែរក្សាអត្ថប្រយោជន៍ ផ្សេងៗ។

អ្នកស្រី  អឿ សា រ៉េត អាយុ ៣៦ ឆ្នាំជាកម្មការីនី ផ្នែកដេរបានប្រាប់វិទ្យុស្ត្រីថា ក្នុងនាមអ្នកស្រីទាំងពីរជាប្រតិភូ បុគ្គលិក និងជាថ្នាក់ដឹកនាំសហជីពដែរ បានជជែកជាមួយតំណាងក្រុមហ៊ុនឱ្យឈប់សំរាកតាមគោលការណ៍ដែលក្រសួងបានកំណត់ដើម្បីរក្សានូវអត្ថប្រយោជន៍កម្មករ តែតំណាងក្រុមហ៊ុនមិនព្រម។ ចុងក្រោយក្រុមហ៊ុនបានសម្រេចឱ្យអ្នកស្រី ទាំងពីរនាក់ មកធ្វើការជាធម្មតា សម្រាប់ថ្ងៃទី២៥ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ។

អ្នកស្រីថា នៅថ្ងៃទី២៥ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានបើកទ្វាឱ្យចូលធ្វើការ តែនៅពេលបើកប្រាក់ឈ្នួល បែរជាក្រុមហ៊ុនបានកាត់ប្រាក់ថ្លៃបាយថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៥ និងបានកាត់ប្រាក់ឈ្នួល ទាំងអស់សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលក្រុមហ៊ុនបានឱ្យ ពួកអ្នកស្រីមកធ្វើការហើយ ក្រុមហ៊ុនខ្លួនឯងមិនបើកទ្វា តែបែរជាកាត់ប្រាក់ឈ្នួលពួកអ្នកស្រីទៅវិញ។

«ចា៎!គាត់ឱ្យឈប់ហ្នឹង មុនដំបូងគាត់ចង់កាត់លុយផង​ តែបានតំណាងគេស្នើទៅបានកាត់មួយ free មួយ  គាត់អ្នកឱ្យគេឈប់ទេ តែគាត់កាត់លុយគេ។ បើតាមច្បាប់ការងារ បើក្រុមហ៊ុនអត់ឥវ៉ាន់ឱ្យធ្វើ ឱ្យយើងឈប់ទៅគិតឱ្យយើងហាសិបៗអញ្ចឹងបាន   តែនេះគេកាត់ពេញថ្ងៃតែម្តង។ និយាយរួមអ្នកដែលព្រមព្រៀងគេផ្តិតមេដៃ ព្រមឈប់អញ្ចឹងទៅណា៎ ពួកខ្ញុំអត់ព្រម ក៏គាត់ថាឱ្យពួកខ្ញុំមកធ្វើការធម្មតាទៅគាត់គិតលុយឱ្យអញ្ចឹងណា៎ ហើយខាងរដ្ឋបាលក៏គាត់បាននិយាយជាមួយពួកខ្ញុំគាត់ថាឱ្យពួកខ្ញុំមកដែរ ហើយខាងផលិតកម្មហ្នឹង គាត់ជាអ្នកចាត់ចែងការងារឱ្យខ្ញុំធ្វើអ៊ីចឹងណា៎ តែដល់ពេលហើយខ្ញុំមកធ្វើការធម្មតា តែគាត់អត់គិតលុយឱ្យចា៎ »

អ្នកស្រី អឿ សារ៉េត

   

អ្នកស្រី ស៊ឹម ស៊ាងលី អាយុ ៣៦ ឆ្នាំជាកម្មការីនី ផ្នែកដេរជាតំណាងកម្មករ និងជាប្រធានសហជីពឯករាជ្យ នៅក្នុងរោងចក្រនេះ បានប្រាប់វិទ្យុស្ត្រីថា ការប្តឹងទាមទានេះ​ គឺមិនមែនដើម្បីតែប្រយោជន៍ខ្លួនឯងទេ តែអ្នកស្រីចង់ឱ្យក្រុមហ៊ុនរក្សានូវអត្ថប្រយោជន៍របស់កម្មករ ដែលសព្វថ្ងៃកំពុងប្រឈមនឹងភាពខ្វះខាត ការចំណាយច្រើន ខ្លះទៀតជាប់បំណុលធនាគារ ឯប្រាក់ខែក៏តិច ហើយមកប្រឈមនឹងក្រុមហ៊ុនកាត់អត្ថប្រយោជន៍ទៀត។

 « គោលបំណងទីមួយ ខ្ញុំអត់ចង់ឱ្យកាត់លុយរាល់ពេលដែលគាត់ឱ្យកម្មករឈប់អ៊ីចឹង ខ្ញុំអត់ចង់ឱ្យគាត់កាត់លុយកម្មករ និយាយរួមដោយសារអី ឥឡូវបងឯងដឹងស្រាប់ហើយ សម័យកូវីដ ប្រាក់ខែក៏វាអត់ច្រើនហើយណាមួយម្នាក់ៗបង់ធនាគារកូនចាយ ម៉ែចាយគ្រប់សព្វបែបយ៉ាង  ហើយប្រាក់ខែបើចេញម៉ោង ៤ៈ០០ អីខ្ញុំអីនិយាយឲ្យអាក្រក់ស្ដាប់បងបានតែ ២៣០ អីហ្នឹង ហើយដល់ពេលហើយគាត់អ្នកឱ្យយើងឈប់គាត់ងាកកាត់ងាកកាត់អ៊ីចឹងងាប់បាត់ហើយកម្មករ មានអីទៀត»

អ្នកស្រី ស៊ឹម ស៊ាងលី

ជុំវិញរឿងនេះលោក អាំង សេង ប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ មានប្រសាសន៍ថា រឿងនេះគឺជារឿងធម្មតា គ្រាន់តែជារឿងយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ ហើយនាយកដ្ឋានវិវាទការងារ នឹងដោះស្រាយករណីនេះ មិនគួរដល់ថ្នាក់ចុះផ្សាយពត៌មានទេ។  លោកបញ្ជាក់ថាលោកមិនមានការបកស្រាយអ្វីទេ ហើយលោកគ្មានតួនាទីត្រូវឆ្នើយតបអ្នកសារពត៌មានដែរ ព្រោះក្រសួងគេមានអ្នកនាំពាក្យគេហើយ ម្យ៉ាងទៀតរឿងនេះលោកក៏នឹងចុះសម្របសម្រួលដែរ។

វិទ្យុស្ត្រីមិនទាន់អាចសុំការបំភ្លឺពី លោក ប៊ូ សំណាង ប្រធានរដ្ឋបាលរោងចក្រអេបផល អែភើរ៉ឹល បានទេ គិតមកទល់នឹងពេលនេះ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកលើក។

លោក រី សិទ្ធីណែត ប្រធានសហព័ន្ធសហជីពឯករាជ្យតាមរយៈកិច្ចសម្ភាសជាមួយវិទ្យុស្ត្រី លោកមានប្រសាសន៍ថា  វាមិនមានជារឿងតូចតាចនោះទេ តែនេះគឺជារូបភាពដែលនិយោជក កេងប្រវ័ញ្ចផលប្រយោជន៍របស់កម្មករ។ លោកថា ប្រសិនបើក្រុមហ៊ុនចង់ដាក់ ឱ្យកម្មករនិយោជិតសម្រាកបាន លុះណាតែមានការ  សុំព្យួរការងារ ហើយនិងមានការឯកភាពពីនាយកដ្ឋាន ក្រោយពីមានការឯកភាពពីនាយកដ្ឋានហើយ  ទើបរោងចក្រមានសិទ្ធិព្យួរ ហើយដើម្បីអាចព្យួរបានគឺកម្មករនិយោជិតត្រូវតែទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាលចំនួន ៤០ ដុល្លារនិងពីរោងចក្រ ៣០ ដុល្លារតាមច្បាប់ការងារ។ តែបើក្រុមហ៊ុនចេញសេចក្តីជូនដំណឹង និងអត្តនោម័តដោយភាគីនិយោជកតែឯង គឺធ្វើឲ្យ កម្មករខាតបង់អត្ថប្រយោជន៍ច្រើន។

«នៅពេលដែលគាត់ចេញសេចក្តីជូនដំណឹងមួយហើយ អត្តនោម័តដោយភាគីនិយោជកតែឯងអ៊ីចឹងធ្វើឲ្យកម្មករប្រមាណជា ៦០០នាក់ បានបាត់បង់អត្ថប្រយោជន៍ ទីមួយគឺថ្ងៃទី ២៥ គឺគាត់បាត់បង់លុយបាយប្រមាណ ០ ដុល្លា ៥០សេន អ៊ីចឹងបើគុណនឹងកម្មករ ៦០០នាក់ ស្មើនឹងប្រហែលជា ៣០០ ដុល្លារ ហើយអត្ថប្រយោជន៍ទី  ពីរ គឺសម្រាប់ថ្ងៃទី ២៩ដែលក្រុមហ៊ុនឱ្យឈប់ប្រហែលជា ៣០០ ដុល្លារ ទៀតហើយបើយើងគណនាប្រាក់ថ្ងៃ នៅថ្ងៃទី ២៩ប្រមាណពីម្នាក់ ៧ ដុល្លារគុណនឹង ៦០០ នាក់ទៀតឃើញលុយប៉ុន្មានពាន់ហើយ អ៊ីចឹងនេះ គឺជាការកេងប្រវ័ញ្ចមួយហើយជារឿងធំមួយ ដែលកន្លងមកមានរោងចក្រជាច្រើនបានអនុវត្តបែបនេះ»

លោក រីសិទ្ធីណែត

លោកបញ្ជាក់បន្ថែមថា កន្លងមកមានករណីដូចនេះច្រើនហើយ  ហើយរោងចក្រជាច្រើនបានធ្វើបែបនេះ តែក្រសួងការងារដូចជាមិនសូវអើពើ ដោយថាជារឿងតូចតាច។

«ក្រសួងមិនដែលអើពើពីរឿងនេះទេ ជាពិសេសគាត់ថារឿងនេះជារឿងតូចតាចប៉ុន្តែសួរថាកម្មករម្នាក់ត្រូវកាត់អស់ ៧ ដុល្លារជារឿងតូចតាចឯណាសម្រាប់កម្មករ ហើយបើថៅកែគាត់កាត់ទាំងអស់គ្នា ៦០០នាក់សួរថាប៉ុន្មានពាន់ ជារឿងតូចតាចឬយ៉ាងម៉េច លុយម៉ាកាគោកពាន់ដុល្លារហ្នឹង ជារឿងតូចតាចរបស់នយោជក់មែន ទីពីរជារឿងតូចតាចរបស់ក្រសួងការងារវាត្រឹមត្រូវហើយ  ព្រោះមិនមែនកាត់លុយរបស់មន្ត្រីក្រសួងការងារ បើកាត់លុយគាត់ បានគាត់គិតថាច្រើន »

អ្នកស្រី ស៊ឹម ស៊ាងលី សំណូមពរដល់ក្រសួងការងារ នាយកដ្ឋានដោះស្រាយវិវាទការងារ និងភាគគីពាក់ព័ន្ធឱ្យជួយយកចិត្តទុកដាក់ដោះបញ្ហាវិវាទការងារ ដោយផ្អែកលើអត្ថប្រយោជន៍របស់កម្មករ ជាពិសេសក្នុងករណីបើក្រុមហ៊ុន ចង់ឱ្យកម្មករឈប់ អ្នកស្រីស្នើ ក្រុមហ៊ុនកុំកាត់លុយកម្មករ   ប្រសិនជាមិនមានការងារឱ្យធ្វើ ឬចង់ឱ្យកម្មករឈប់សម្រាក  គួរដាក់លិខិត ជូនដំណឹងទៅ ក្រសួងការងារហើយអនុវត្តទៅតាមច្បាប់ការងារដើម្បីរក្សាបាននូវអត្ថប្រយោជន៍របស់កម្មករ ដោយឱ្យស៊ី ៥០%ទៅតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង

Image