en     km
en     km

លោក ស សុខា ព្រមានបណ្ដេញពីក្របខ័ណ្ឌបើមន្រ្តីក្រសួងមហាផ្ទៃបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់មិនចូលសារភាព

Share

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨

ខេត្តព្រះសីហនុ

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពីមហាជន និងវែកញែកស្វែងរកយុត្តិធម៌លើបណ្តាញសង្គមចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរងរបួសធ្ងន់ ហើយជនបង្កបែរជារត់គេចជាបន្តបន្ទាប់ ដោយក្នុងនោះគេសង្កេតឃើញថាខ្លះជាមន្រ្តីនគរបាល ខ្លះជាអ្នកមានអំណាចផងនោះ  លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងថា ករណីមានបញ្ហាបើករថយន្តបុក​ហើយគេចខ្លួនបែបនេះនៅតែបន្តកើតឡើង លោកស្នើឱ្យមន្រ្តីមានសមត្ថកិច្ចយកចិត្តទុកដាក់ និងអនុវត្តវិធានការឱ្យតឹងរឹង។ លើសពីនេះលោកសង្កត់ធ្ងន់ថាប្រសិនបើជនប្រព្រឹត្តិដែលរត់គេចនោះជាមន្រ្តីក្រសួងមហាផ្ទៃ លោកនឹងប្រកាសបណ្តេញពីក្របខ័ណ្ឌ។

ថ្លែងក្នុងវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកយកដំណោះស្រាយនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលមានករណីជនបង្ករត់គេចខ្លួន។ លោកអំពាវនាវទៅកាន់មន្រ្តីមានសមត្ថកិច្ច បង្កើនការយកចិត្តទុកដាក់ និងចុះទៅអនុវត្តវិធានការច្បាប់ស្វែករកជនប្រព្រឹត្តិឱ្យបានរហ័ស ដោយលោកសង្កេតឃើញថាកន្លងមក មានមន្រ្តីមួយចំនួនគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។

លើសពីនេះលោក ស សុខា ប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះករណីមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគាររូបណា បង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

«ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។»

ពាក់ព័ន្ធនឹងករណីនេះ រយៈពេលថ្មីៗកន្លងទៅមានករណីមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយខ្លួនបែរជាបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម។ ក៏ប៉ុន្តែមកទល់នឹងពេលនេះជនប្រព្រឹត្តិខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ បន្ទាប់ពីមហាជនចូលរួមបញ្ចេញមតិយោបល់ និងចែករំលែកព័ត៌មាននេះ ដោយមានភ្ជាប់នឹងសារក្នុងន័យទាមទារឱ្យមន្រ្តីមានសមត្ថកិច្ចតាមចាប់ជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ផ្អែកតាមរបាយការណ៍ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង២ពាន់នាក់ (២,៧០០នាក់) ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២៕​

Share

ព័ត៌មានទាក់ទង

Image