en     km
en     km

ក្រសួងសេដ្ឋកិច្ច៖ ការដំឡើងពន្ធថ្នាំជក់យឺតយ៉ាវនៅក្នុងប្រទេសកម្ពុជា ដោយសារខ្លាចមានបារីគេចពន្ធច្រើន

Share

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថាហេតុផលមួយ ក្នុងចំណោមហេតុផលដទៃដែលធ្វើឱ្យការដំឡើងពន្ធថ្នាំជក់មានការយឺតយ៉ាវនៅក្នុងប្រទេសកម្ពុជា គឺបារម្ភករណីមានបារីគេចពន្ធច្រើន។ តែសង្គមស៊ីវិល ថានេះជាបញ្ហានៃការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាគយ និងភាគីពាក់ព័ន្ធនៅតាមព្រំដែន មិនទាក់ទងទៅនឹងការដំឡើងពន្ធ។

កញ្ញា គុជ ស៊ីកុល រាយការណ៍ ………

រយៈពេលច្រើនឆ្នាំមកនេះគេសង្កេតឃើញថាការដំឡើងពន្ធថ្នាំជក់ហាក់មានសភាពយឺតយ៉ាវខ្លាំង ហើយរបាយការណ៍របស់WHOបញ្ជាក់ផងដែរថា ពន្ធថ្នាំជក់នៅកម្ពុជាស្ថិតនៅកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសជិតខាង។

ជុំវិញបញ្ហានេះក្នុងកិច្ចពិភាក្សាតុមូលើប្រធានបទ«វិធានការពន្ធលើថ្នាំជក់»ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបថារាជរដ្ឋាភិបាលនឹងដំឡើងពន្ធថ្នាំជក់ ប៉ុន្តែការដំឡើងពន្ធនេះគឺធ្វើទៅបានតាមលទ្ធភាពជាក់ស្តែង ហើយបច្ចប្បន្នលោកថាក្រសួងកំពុងតែសិក្សាបន្ថែមដើម្បីធានាថាមិនមានផលប៉ះពាល់ត្រឡប់វិញពេលដំឡើងពន្ធ។ ក្នុងនោះលោកក៏បានលើកយកពីរត់ពន្ធបារីខុសច្បាប់មកជជែកផងដែរ ហើយលោកអះអាងថានេះនៅតែជាក្តីបារម្ភ។

«រាជរដ្ឋាភិបាលតាំងចិត្តថាដំឡើងពន្ធបារីដើម្បីជួយទប់ស្កាត់ការជួយឱ្យឈប់ជក់បារី  ប៉ុន្តែដំឡើងធ្វើមិចតាមលក្ខខណ្ឌដែលអាចធ្វើទៅបាន ហើយនេះក៏ជាអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបើស្តីពីការអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ហ្នឹង ប៉ុន្តែគ្រាន់តែថាយើងព្យាយាមហើយតែយើងព្យាយាមតាមលក្ខខណ្ឌដែរ កម្ពុជាមានព្រំដែនវែងណាស់ មានទាំងសមុទ្រ​ មានទាំងដីគោក កាលណាការបង់ព្ធបារីនាំឱ្យមានភាពខុសប្លែក ឬក៏ច្រើនជាងការគេចពន្ធនោះគេនឹងផ្ទេរពីការរត់ពន្ធត្រឹមត្រូវទៅរកការគេចពន្ធ»

យ៉ាងណាមិញតាមរយៈការធ្វើបទបង្ហាញរបស់ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បានឱ្យដឹងថា ការដែលនាំឱ្យមានការគេចពន្ធមិនទាក់ទងទៅនឹងការដំឡើងពន្ធឡើយ តែផ្ទុយទៅវិញករណីនេះជាបញ្ហានៃការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាគយ និងភាគីពាក់ព័ន្ធនៅតាមព្រំដែន។

«ទាក់ទង់នឹងបារីរត់ពន្ធ និងបារីគេចពន្ធនេះអត់ទាក់ទងនឹងអត្រាពន្ធទេ ប៉ុន្តែនៅក្នុងនោះ នៅក្នុងការបោះពុម្ពផ្សាយ(ការបោះពុម្ពផ្សាយរបស់អង្គការពិភពលោក) បានបញ្ជាក់ថាពាក់ព័ន្ធជាមួយអភិបាលកិច្ច​ល្អច្រើនជាង វិធានការរត់បន្តឹងនៅតាមព្រំប្រទល់អីវាចូលរួមចំណែកក្នុងការកាត់បន្ថយ មិនមែនអត្រាពន្ធទេ ដែលក្នុងអត្ថបទបោះពុម្ពផ្សាយ​ក៏បានបញ្ជាក់ផងដែរថាពេលខ្លះមានអត្រាពន្ធលើបារីទាប ប៉ុន្តែអត្រាគេចពន្ធខ្ពស់»

ការបោះពុម្ពផ្សាយរបស់អង្គការពិភពលោក(WHO) រកឃើញឥទ្ធិអវិជ្ជមាននៃយុទ្ធសាស្រ្តរបស់ធុរកិច្ច ឬភាគីក្រុមហ៊ុនបារីតែងប្រើប្រាស់ដើម្បីជាការរារាំងមិនឱ្យដំឡើងពន្ធ ដោយប្រើពាក្យជាភាសាអង់គ្លេសថា«SCARE»។ WHO ចង់សំដៅទៅលើចំណុចទាំង៥ដែលជាអត្ថន័យពេញនៃអក្សរនីមួយៗ។ ក្នុងនោះអក្សរ C តំណាងឱ្យពាក្យពេញថា «Court and legal challenge threats» ដែលភាគច្រើនគេតែងនិយាយថា កាលណាដំឡើងពន្ធថ្នាំជក់កាន់តែខ្ពស់ នាំឱ្យមានបារីគេចពន្ធកាន់តែច្រើន ហើយនេះWHO អះអាងថាជាចំណុចមួយនៃការបំភ័យរបស់ក្រុមហ៊ុនបារីផងដែរ។

យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ រកឃើញថា នៅពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ដល់ ៧៥ភាគរយ នោះកម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ នារយៈពេល៥ឆ្នាំខាងមុខ។ ចំណូលនេះនឹងកើនដល់ ៩៣៣ លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងការដំឡើងពន្ធថ្នាំជក់នេះ វានឹងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ លើសពីនេះអង្គការសហប្រជាជាតិ សង្កត់ធ្ងន់ផងដែរថាការដំឡើងពន្ធនឹងមិនធ្វើឱ្យមានបារីគេចពន្ធឡើយ៕

Share

ព័ត៌មានទាក់ទង

Image