ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» អំពាវនាវឱ្យអ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់សហកាគ្នា លុបបំបាត់ព័ត៌មានក្លែងក្លាយ និងបន្តប្រយុទ្ធប្រឆាំងព័ត៌មានទាំងឡាយណាដែលមានលក្ខណៈបំពុលសង្គម។
ខ្លឹមសារនៃសារលិខិតអបអរសាទរក្នុងឱកាសនេះ សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកថាប្រធានបទ«ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» មានសារៈសំខាន់ចំពោះអ្នកសារព័ត៌មានទាំងឡាយ ស្របពេលដែលលោកសង្កេតឃើញថា ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនសមត្ថភាពខ្លួនដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបានព័ត៌មានពិត។
ក្រៅពីការអំពាវនាវឱ្យយកចិត្តទុកដាក់នឹងក្រមសីលធម៌វិជ្ជាជីវៈ សម្តេចនាយករដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលនឹងបន្តការលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានអនឡាញប្រភេទធុនតូចរយៈពេលប្រាំឆ្នាំ ពោលពីឆ្នាំ២០២៣- ដល់ឆ្នាំ២០២៨ ព្រមទាំងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០ភាគរយ។ លោកអះអាងថាការធ្វើបែបនេះ ក្នុងគោលបំណងសម្រួលបន្ទុករបស់អ្នកសារព័ត៌មានដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
ជុំវិញប្រធានបទទាក់ទងទៅនឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានតែងលើកមកជជែកស្ទើរតែជារៀងរាល់ឆ្នាំ ក្នុងនោះមានមតិចម្រូងចម្រាស់ជាច្រើនលើកមកនិយាយ ហើយភាគច្រើនឃើញថាសាធារណជន រួមទាំងអ្នកធ្វើការអង្គការសហគមស៊ីវិលសម្តែងក្តីបារម្ភទៅលើករណីអ្នកសារព័ត៌មានអនឡាញ ដែលគេសង្កេតឃើញថានូវរាល់ព័ត៌មានដែលអ្នកសារព័ត៌មានអនឡាញផ្សាយចេញសុទ្ធសឹងតែមិនគោរពទៅតាមក្រមសីលធម៌ឡើយ។
បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួនសរុបជិត២០០០ស្ថាប័ន។ ក្នុងនោះឃើញថាសារព័ត៌មានអនឡាញមានចំនួនជាង ៩០០ អាជ្ញាប័ណ្ណ ដែលជាចំនួនច្រើនជាងគេធៀបទៅនឹង ស្ថាប័នដទៃ៕