en     km
en     km

នាទីសុខភាព៖ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke)អាចបណ្ដាលឱ្យស្លាប់ឬធ្លាក់ខ្លួនពិការបាន!

Share

រូបភាព:CALMETT HOSPITAL PAGE

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួននៃអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់អាចប្រឈមដល់បាត់បង់អាយុជីវិតបាន។ ការស្គាល់ពីរោគសញ្ញានៃជំងឺនេះងាយស្រួល អាចឱ្យគេ ឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត គឺជាមធ្យោបាយប្រសើរបំផុតតែមួយគត់ដែលនាំអោយជីវិតមួយត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ចំពោះរោគសញ្ញាសំខាន់ៗរួមមាន៖

ទី១.ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន

ទី២. ទន់ដៃ ទន់ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)  និងវៀចមុខភ្លាមៗ។

រូបភាព:CALMETT HOSPITAL PAGE

ប្រសិនបើអ្នកជំងឺបានមកដល់មន្ទីរពេទ្យ ក្នុងថេរៈវេលា៤ម៉ោងដំបូង ក្នុងករណីស្ទះសរសៃឈាមខួរក្បាល គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ(Thrombolysis) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការ ប្រើប្រាស់ថ្នាំនេះទេ)។

យ៉ាងណាមិញ ប្រភពពីមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការព្យាបាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចឱ្យយើងធ្លាក់ខ្លួនពិការបាន ដែលជាការខាតបង់ធំធេងចំពោះខ្លួនយើង គ្រួសារ ក៏ដូចជាសង្គមជាតិយើងទាំងមូល។

ទន្ទឹមនឹងនេះដែរ ជាស្តង់ដារសកលថែទាំ-ព្យាបាលដែលផ្តល់ជូនប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត គ្រប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ត្រូវតែបានទទួលការព្យាបាលនៅក្នុងបន្ទប់ព្យាបាលបន្ទាន់នៃជំងឺនេះ(Stroke Unit) ដែលមានគ្រប់ផ្នែកជំនាញឯកទេសពាក់ព័ន្ធ ដូចជាខាងសង្គ្រោះបន្ទាន់ ខាងរូបភាពវេជ្ជសាស្រ្ត ខាងប្រសាទសាស្រ្ត សរសៃឈាមខួរក្បាល ខាងវះកាត់ប្រព័ន្ធប្រសាទ និងខាងព្យាបាលដោយចលនា។

បន្ថែមពីនេះ  ប្រភពដដែលបញ្ជាក់ថា “ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមានរោគសញ្ញាដូចរៀបរាប់ខាងលើ នៅផ្នែកថែទាំ-ព្យាបាលជំនាញជំងឺស្ទះសរសៃឈាមខួរក្បាល Stroke Unit នៃមន្ទីរពេទ្យកាល់ម៉ែត គឺជាកត្តាសត្យានុម័តនៃការ កាត់បន្ថយពិការភាព និងការកាត់បន្ថយកត្តាប្រឈមអាយុជីវិតដោយសារជំងឺនេះ”៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

 

 

Share

ព័ត៌មានទាក់ទង

Image