en     km
en     km

អាជ្ញាធរខេត្តត្បូងឃ្មុំ បំភ្លឺថាមិនមានការគំរាមកំហែងចាប់ខ្លួចយុវតី វ៉ែន ស៊ាងឡៃ ទេ

Share

ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីការចែករំលែកយ៉ាងផុសផុលលើបណ្តាញសង្គមទាក់ទងនឹងព័ត៌មានថា មានការគំរាមកំហែង និងចាប់ខ្លួនយុវតី  វ៉ែន ស៊ាងឡៃ ដែលបានបង្ហោះសារដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំនោះ   ស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ថាមិនមានការចាប់ខ្លួនឬគំរាមកំហែងចំពោះយុវត្តីរូបនោះឡើយ។ លោកអ៊ុក ដែន  សូមជូននូវសេចក្តីរាយការណ៍៖

 

រយៈពេលកន្លងមកនេះនៅលើបណ្តាញសង្គមមានការចែករំលែក តៗគ្នាអំពីយុវតីម្នាក់ដែលបានបង្ហោះសារ រឿងជនជាតិវៀតណាមចូលមករស់នៅលើទឹកដីខ្មែរ និងរូបភាពជាច្រើននាពេលកន្លងមក ។ ហើយថ្មីៗនេះក៏មានការផុសផុលរឿងសមត្ថកិច្ចចុះសាកសួរ និងមានការគំរាមកំហែងដល់យុវតី វ៉ែន សៀងឡៃ  ដែលធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និងភ័យខ្លាចថាមានការចាប់ខ្លួនយុវតីរូបនេះ។

ជុំវិញបញ្ហា ស្នងការដ្ឋាននគនបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺពត៌មានកាលពីថ្ងៃទី១៥ ខែធ្នូថា  ទាក់ទងនឹងគណនី ឈ្មោះ Serey vattanak  ដែលគ្រប់គ្រងដោយឈ្មោះ វ៉ែន សៀងឡៃ ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិ ជីពាង ឃុំ ក្រែក  ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ដែលបានបង្ហោះនិងចែករំលែកសារ ជាច្រើន ថាមានជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរច្រើន និងមានរូបភាពជាច្រើនទៀត ដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយមានការចែករចាយយ៉ាងផុសផុលក្នុងបណ្តាញសង្គម Facebook  ។ ថ្មីៗនេះមានការចែករំលែកតៗគ្នាទៀត  ពីការភ័យខ្លាចថាសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវតីរូបនោះ។ ស្នងការនគបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ថាពុំមានការ គំរាមកំហែង ឬចាប់ខ្លួនយុវតី ឈ្មោះ វ៉ែនស៊ាងឡៃ នោះទេ ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានលោក គង់ កាន និង លោក ប៉េង ប៊ុនរិទ្ធិ ដែលបានផុសលើគណនីfacebookរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣​  យុវតី វ៉ែនស៊ាងឡៃ បានសុំទោសចំពោះការបង្ហោះសារដែលធ្វើឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមនិងធ្វើឱ្យ ប៉ះពាល់ដល់ថ្នាក់ដឹកនាំនាពេលកន្លងមក។

« ខ្ញុំឃើញគេផុសខ្ញុំចង់ផុសនឹងគេដែរ ហើយខ្ញុំមានអារម្ភថាសោកស្តាយ ដែនខ្ញុំគិតថាជាការពិតទាំងដែលខ្ញុំមិនបានឃើញអីផ្ទាល់។ខ្ញុំសុំទោសដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមស៊ែ ចូលរួមបង្ហោះបន្តពីខ្ញុំនិង ចង់ឱ្យបងប្អូនទាំងអស់គ្នាលុបវិញទៅ ខ្ញុំបានជាខុស់ទៅហើយ។ ហើយក៏សុំទោសសម្តេចពុក សម្តេចម៉ែទាំងអស់ សូមកុំយកទោស យកពៃខ្ញុំអី ព្រោះខ្ញុំនៅក្មេង ខ្ញុំមិនដឹង»
លោក គង់ កាន (ឆ្វេង)និងលោក វ៉ែន សុខលៀង(ស្ដាំ) បងប្រុសរបស់​យុវតី វ៉ែន សៀងឡៃ

ក្នុងពេលនោះដែរលោកវ៉ែន សុខលៀង អាយុ ១៩ឆ្នាំ  ជាបងប្រុសរបស់យុវតី វ៉ែន ស៊ាងឡៃ បានសុំទោសដល់ថ្នាក់ដឹកនាំ អាជ្ញាធរ និងមហាជន ដែលកន្លងមកប្អូនស្រីរបស់លោកបង្ហោះសារមួយចំនួនដែលបង្កឱ្យមានការភាន់ច្រឡំ និងការចែករំលេកព័ត៌មានដែលគ្មានមូលដ្ឋានលាស់ លោកក៏ទទួលស្គាល់កំហុស និងបានសន្យាថា លែងឱ្យប្អូនស្រីធ្វើដូចនេះទៀត។

«គ្រាន់តែឃើញគេបង្ហោះច្រើនទាក់ទងនឹងយួនចូលស្រុកអីអ៊ីចឹងណា បើថាធាតុពិតខ្ញុំមិនទាន់បានឃើញពិតទេ គ្រាន់តែឃើញតាមគេបង្ហោះវីដេអូ ដូចជាសារគេបង្ហោះផ្សេងៗ តៗគ្នា ហើយក៏មានការស៊ែ តៗគ្នាតាមតែគេ តាមតែឯង ហើយក៏មិននឹកស្មានថាសារដែលប្អូនសរសេរហ្នឹង ផ្ទុះការចាប់អារម្ភដល់ថ្នាក់ហ្នឹងដែរ វាមិននឹកស្មានដល់។ តែបើចំណុចខ្លះទៅរឿងស៊ែរឿងអីហ្នឹងកាត់អត់មានប្រភពច្បាស់លាស់អ៊ីចឹងណា ខ្ញុំទទួលស្គាល់ ខ្ញុំក៏បានចូលមើលដែរឃើញប្អូនស្រីខ្ញុំស៊ែ ដូចជាទាក់ទងនឹងផ្ទះយួនផ្ទះអីពេញស្រុកខ្មែរអ៊ីចឹងទៅណាហ្នឹងហើយបង។អត់ទេបង គ្មានការគំរាមកំហែងអីទេបង។ ចង់ផ្តាំទៅមហាជនទាំងអស់ កុំមានការយល់ច្រឡំចំពោះប្អូនស្រីខ្ញុំអីតាមការពិតគ្មានការគំរាមកំហែងដោយអាជ្ញាធរមួយណាទេ គ្រាន់តែគាត់មកសួរថាសារដែលប្អូនស្រីបង្ហោះហ្នឹងមានគោលបំណងអ្វី គាត់សួរហ្នឹងល្អទេ សូមបងប្អុនកុំមានការយល់ច្រឡំ»

ទាក់ទងនឹងរឿងនេះលោក អ៊ុក សុវណ្ណចាន់ថន អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស នៃអង្គការ លីកាដូ ប្រចាំខេត្ត កំពង់ចាម បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី នៅថ្ងៃទី១៨ ខែធ្នូ ថា    បើតាមលោកបានទូរស័ព្ទសួរយុវតី វ៉ែន ស៊ាងឡៃ ផ្ទាល់ នាងបានប្រាប់ថាគ្មានការគំរាមកំហែង ឬ ចាប់ខ្លួនអ្វីឡើយ គ្រាន់តែមាន លោកមេឃុំទូរស័ព្ទមកប្រាប់ឱ្យលុបសារ ដែលបានបង្ហោះនោះ ហើយនាងក៏ព្រមលុប    ហើយពេលនេះនាងបានស្នាក់នៅផ្ទះ   និងមិនមានការភៀសខ្លួនដូចពត៌មាន លើបណ្តាញសង្គមនោះឡើយ។

«តាមដែលខ្ញុំទាក់ទងទៅគាត់ផ្ទាល់គាត់ថាអត់ទេ អត់មានអ្នកណាទៅគំរាមកំហែង អត់មានអ្នកណាទៅឃាត់ខ្លួនអីគាត់ទេ គ្រាន់តែដំបូងមានមេឃុំគាត់ហៅទូរសព្ទ័ទៅអ៊ុំប្រុសរបស់គាត់ ថាឱ្យលុបសារអីផ្សេងៗដែលគាត់បង្ហោះហ្នឹង ដល់អញ្ជឹងគាត់មានការភ័យខ្លាចអីអញ្ចឹងដែរដំបូង ក្រោយមកគាត់គាត់ក៏ព្រមលុមអីផ្សេងៗអញ្ចឹងទៅ ហើយតាមការបញ្ជាក់របស់គាត់ គាត់ថាអត់មានការចាប់ខ្លួនចាប់អីទេ។»

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះមានការចែករំលែកតតគ្នាលើបណ្តាញសង្គម Facebook ពីការគំរាមកំហែងទៅលើយុវតី វ៉ែន ស៊ាងឡៃ ដែលបានផុស  និងចែកចាយពត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលបង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គម។ យុវតី វ៉ែន ស៊ាងឡៃ បានលើកឡើងពីបញ្ហាវត្តមានជនជាតិវៀតណាមកំពុងរស់នៅលើទឹកដីកម្ពុជា និងភ្ជាប់ជាមួយក្ដីបារម្ភរបស់ខ្លួន ក្នុងទស្សនៈថាមិនត្រេកអរចំពោះការភ្ជាប់ទំនាក់ទំនងជាមួយវៀតណាម៕

អត្ថបទ៖អ៊ុក​​ ដែន

Share

ព័ត៌មានទាក់ទង

Image