en     km
en     km

ករណីជួញដូរមនុស្សក្នុងឆ្នាំ២០២៣កើនឡើងបើធៀបនឹង​ឆមាស​ទី​១ ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២

Share

ភ្នំពេញ៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ​សរុប​មាន​ចំនួន៨៧​ករណី ប៉ុន្តែ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ គឺ​មាន​ចំនួន​ត្រឹមតែ៧៤​ករណី ប៉ុណ្ណោះ។ ពោលទិន្នន័យនេះ កើនឡើងចំនួន១៣ករណីបើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។

នេះបើផ្អែកតាមគណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ហាញ​របាយការណ៍​ក្នុង​ពិធី​ខួប​លើក​ទី​១៧ នៃ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ១២​ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «បច្ចេកវិទ្យា​ជា​មធ្យោបាយ ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​ដើម្បី​ជួញដូរ​មនុស្ស»។​

ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​តុលាការ​ចំនួន៩៦​នាក់ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​២៨១​នាក់ ផង​ដែរ។

ជុំវិញរបាយការណ៍នេះ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អំពាវនាវឱ្យអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិទាំងអស់ និងមន្ទីរអង្គភាពក្រោមឱវាទគ្រប់ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានម៉ត់ចត់ជាទីបំផុត។ ការណ៍ដែលធ្វើបែបនេះ ព្រោះលោករដ្ឋមន្រ្តីចាត់ទុកថា « ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងលើកកម្ពស់សក្ដានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ»។

យ៉ាងណាមិញ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សលោក Volker Türk  ធ្លាប់​ចេញ​របាយការណ៍​មួយ ដែលរកឃើញថា ក្នុតំបន់អាស៊ី​អាគ្នេយ៍មានមនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជួញដូរ​ដោយ​ក្រុម​ឧក្រិដ្ឋជន និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់តាមរយៈការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។ ក្នុងនោះ នៅកម្ពុជាមានមនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់​ត្រូវបានបង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ ហើយមានជន​រងគ្រោះ​ប្រឈមមុខ​នឹង​ការ​រំលោភ​បំពាន​ និង​ការ​គំរាមកំហែង​សុវត្ថិភាព ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ ដែលជាករណីពាក់ព័ន្ធនឹងការជួញដូរមនុស្ស។

ជាដំណោះស្រាយ លោកស្រី ជូ​ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ធ្លាប់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា ដើម្បីបោសសម្អាតករណីជួញដូរមនុស្ស គឺទាមទារឱ្យមានការសហការរវាងជាតិ និងអន្តរជាតិ ប្រកបដោយភាពស្មោះត្រង់។ បន្ថែមពីនេះលោកស្រី ប្តេជ្ញាថាក្រសួងនឹង ចូលរួមធានាលុបបំបាត់ចោលករណីអំពើជួញដូរមនុស្សនៅកម្ពុជាតាមដែលអាចធ្វើទៅបាន៕

Share

ព័ត៌មានទាក់ទង

Image