en     km
en     km

 តើឈ្មោះ ហេង សួរ ក្នុងអនុក្រឹត្យដែលទទួលបានដីព្រៃបូកគោ ជាអ្នកណា?

Share

ភ្នំពេញ៖ បុគ្គលឈ្មោះ ហេង សួរ ដែលមានចែងក្នុងអនុក្រឹត្យមួយដែលត្រូវបានសម្តេច ហ៊ុន សែន ចុះហត្ថលេខាសម្រេចកាត់ឆ្វៀលផ្ទៃដីក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជិត ១០០​ហិកតា ខេត្តកំពតដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិបុគ្គលនេះ បង្កឱ្យមានការភ្ញាក់ផ្អើល និងចោទជាសំណួរថាតើអាចទេបុគ្គលដែលក្លាយជាកម្មសិទ្ធិដីធ្លីនោះជាឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមហាជនមើលឃើញថាឈ្មោះបុគ្គលគឺដូចទៅនឹងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ។

ថ្មីៗនេះសារព័ត៌មានមួយចំនួនបានចុះផ្សាយ ដោយយោងតាមអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិរបស់សម្តេច ហ៊ុន សែន ថាបានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៩១ហិកតា ៥៥អា ៤០សង់ទីអា នៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្រប ឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិបុគ្គលឈ្មោះ ហេង សួរ។ក៏ប៉ុន្តែបុគ្គលឈ្មោះ ហេង សួរ នោះក្នុងអនុក្រឹត្យមិនបានបញ្ជាក់អត្តសញ្ញាណថាជាអ្នកណា និង​មាន​មុខងារតួនាទីអ្វីនោះ​ទេ។

បន្ទាប់ពីមានសារព័ត៌មានមួយចំនួន ដែលមានមូលដ្ឋានលើទឹកដីសហរដ្ឋអាម៉េរិក ចុះផ្សាយនូវរឿងរ៉ាវនេះ បង្កឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនទូទៅភ្ញាក់ផ្អើល ទៅលើឈ្មោះបុគ្គលដែលជាម្ចាស់កម្មសិទ្ធិផ្ទៃដីទាំងនោះ​ព្រោះថាឈ្មោះបុគ្គលដែលមានចែងក្នុងអនុក្រឹត្យមានលក្ខណៈដូចទៅនឹងឈ្មោះលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសាធារណជនក៏ងឿងឆ្ងល់ ដោយចោទជាសំណួរថា តើពិតទេបុគ្គលឈ្មោះហេង សួរ ដែលសម្តេចហ៊ុន សែន ចុះហត្ថលេខាប្រទានកម្មផ្ទៃដីទំហំជាង៩០ហិកតា ឱ្យទៅជាកម្មសិទ្ធិរបស់បុគ្គលនោះ អាចជាលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារទេ?

ដើម្បីឆ្លើយតបជុំវិញបញ្ហានេះ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានព្យាយាមសុំការបំភ្លឺពី កញ្ញា អ៊ឹម រចនាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលជាក្រសួងសាមី ដោយជាអ្នកដាក់លិខិតស្នើសុំអនុក្រឹត្យទៅសម្តេចហ៊ុន សែន ឱ្យពិនិត្យនិងចុះហត្ថលេខាព្រមព្រៀងលើលិខិតនោះ។ កញ្ញា រចនា អះអាងយ៉ាងច្បាស់ថា ការដែលលេចឮព័ត៌មានពីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយចំនួនដូចជា Cambodia Daily ថា ឈ្មោះបុគ្គលហេង សួរ ដែលទទួលបានដីព្រៃបូកគោ ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាព័ត៌មានបំភ្លៃ។ កញ្ញាចោទយ៉ាងចំៗថា សេចក្ដីរាយការណ៍របស់ខេមបូឌៀដេលី ដែលលែងមានភាពស្របច្បាប់របស់ខ្លួនបាត់ទៅហើយ គឺជាព័ត៌មានក្លែងក្លាយ ដែលផលិតឡើងដើម្បីបំពុលសាធារណជន ក្នុងចេតនាទុច្ចរិត និងមានចរិតលាបពណ៌ដល់រាជរដ្ឋាភិបាល។

បន្ថែមពីនេះវិទ្យុស្រ្តីក៏បានសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរូបនេះជុំវិញតួនាទី និងអត្តសញ្ញាណ របស់បុគ្គល ហេង សួរ ក្នុង​អនុក្រឹត្យនោះដែរ ប៉ុន្តែកញ្ញា អ៊ឹម រចនា លើកឡើងថា កញ្ញាសូមមិនមានការអធិត្ថាធិប្បាយបន្ថែមពាក់ព័ន្ធករណីនេះឡើយ។

ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានងាកទៅលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ប៉ុន្តែការអះអារបស់លោកក៏មិនខុសគ្នាទៅនឹងកញ្ញា អ៊ឹម រចនា ឡើយ ដោយបដិសេធថា ឈ្មោះ ហេង សួរ ដែលទទួលបានដីក្នុងអនុក្រឹត្យនោះមិនមែនជារដ្ឋមន្ត្រីការងាររបស់លោកឡើយ។ លោកបានប្រាប់ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីលោកមិនបានធ្វើការបកស្រាយ និងបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលឈ្មោះ ហេង សួរនោះឡើយ ​ហើយលោកសូមរក្សាឯកជនភាពរបសើបុគ្គម្នាក់នោះ ដោយលោកលើកឡើងក្នុងសំណេរដើមថា«ក្រសួងកសិកម្ម រាយការណ៍មក។ យើងគោរពឯកជនភាពរបស់គាត់។ គាត់ជាពលរដ្ឋទេ។»

តាមអនុក្រឹត្យនេះត្រូវាបានដាក់ឱ្យអនុវត្តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដែលក្នុងនោះរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីរៀបចំដែនដី រដ្ឋមន្ត្រីកសិកម្ម និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យចាប់ពីថ្ងៃទី៩​នោះតទៅ។

តាមអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ពោលនៅមុន៣សប្តាហ៍ដែល  ​សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោទៅជាកម្មសិទ្ធិរបស់ឈ្មោះ ហេង សួរ ទំហំផ្ទៃដីរបស់ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានកែប្រែដោយពង្រីកពីទំហំ១៥ម៉ឺន ៤៤៥៨ហិកតាទៅទំហំ១៥ម៉ឺន៦ពាន់១១៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

Share

ព័ត៌មានទាក់ទង

Image