en     km
en     km

ភាគីពាក់ព័ន្ធគាំទ្រការចូលរួមរបស់ពលរដ្ឋកម្ពុជា ដោយបន្ថែមថវិកាបន្ត រយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)

Share

ដំណើរទស្សនៈកិច្ច ស្តីពីការអនុវត្តគណនេយ្យភាពសង្គមក្នុងកំណែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តោតលើសាលាបឋមសិក្សា មណ្ឌលសុខភាព និងសេវារដ្ឋបាលនៅរដ្ឋបាលឃុំ សង្កាត់។ រូបភាព៖ អង្គការទស្សនៈពិភពលោក

 

ភ្នំពេញ៖ ភាគីមួយចំនួនដែលរួមមាន ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (World vission Cambodia) សហការគ្នា ហើយប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF) ដែលមានរយៈពេល២ឆ្នាំ(២០២៣-២០២៥)។ ការបន្ដការសហការគ្នានេះ ធ្វើឡើងក្នុងគោលបំណងចម្បងជំរុញ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងសិទិ្ធរបស់ពួកគេ តាមរយៈការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវសាធារណៈ ។ នេះបើតាមការឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកនៅកម្ពុជានៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣។

ខ្លឹមសារនៃសេចក្តីប្រកាសគូសបញ្ជាក់ថា ក្នុងគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង «ភាពជាដៃគូរវាងប្រទេសអូស្រ្តាលី និងធនាគារពិភពលោក ដើមី្បលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌នៅកម្ពុជា» ដែលបានផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន ១៥លានដុល្លាអូស្រ្តាលី។

ជុំវិញការទទួលជំនួយពីប្រទេសអូស្រ្តាលីនេះ ក្នុងសេចក្តីប្រកាសក៏បានដាក់បញ្ចូលសម្រងសម្តីដើមរបស់ លោក ជេនេស អ៉ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ថា៖«ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោក យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១០៤៣ សាលាបឋមសិក្សាចំនួន ៤៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥» ។

ពាក់ព័ន្ធទៅនឹង គម្រោងគណនេយ្យភាពសង្គមនេះ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការធានា និងលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន៕

Share

ព័ត៌មានទាក់ទង

Image