ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ប្តេជ្ញាធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីនដោយជំរុញឱ្យមានវត្តមានពេញលេញពីអ្នករស់រានមានជីវិតពីគ្រាប់មីនដោយឈរលើមូលដ្ឋានស្មើភាពជាមួយអ្នកដទៃនៅក្នុងសង្គម តាមរយៈបន្តសហការជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍។ ការប្តេជ្ញាទាំងនេះបង្ហាញឡើងក្នុងឱកាសប្រារព្ធទិវាជនពិការអន្តរជាតិថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោក លី ធុជ គូសបញ្ជាក់ថា បន្ទាប់ពីអស់រយៈពេលជាង២៥ឆ្នាំ ដែលរដ្ឋភាគីរួមទាំងសង្គមស៊ីវិលនិងអង្គការតំណាងនៃអ្នករស់រានមានជីវិតពីគ្រាប់មីន ចូលរួមអនុវត្តអនុសញ្ញា «ហាមប្រាមមីនប្រឆាំងមនុស្ស»(អនុសញ្ញាអូតាវ៉ា) មកទល់នឹងបច្ចប្បន្នក៏កម្ពុជានៅតែបន្តរក្សាការសន្យាការពារ និងលើកកម្ពស់ជនរងគ្រោះដោយសារគ្រាប់មីនបន្តទៅទៀត ក្នុងគោលបំណង ផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីមីន និងគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់។ លើសពីនេះទេសរដ្ឋមន្រ្តីរូបនេះលើកឡើងថាលោកចង់ឃើញវត្តមានការចូលរួមពេញលេញពីអ្នករស់រានមានជីវិតពីគ្រាប់មីន ធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នាទៅនឹងអ្នកដទៃនៅក្នុងសង្គម។
ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៃការប្រារព្ធទិវាជនពីការអន្តរជាតិនេះ លោក លី ធុជ មានប្រសាសន៍ថា ជាឱកាស អាចឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រជាជនរងគ្រោះដោយគ្រាប់មីន ហើយក្នុងនោះមានក្មេងស្រី និងប្រុស បុរសនិងស្ត្រីពិការចំនួន១,៣ប៊ីលាននាក់ដែលកំពុងជួបប្រទះ រួមទាំងអ្នករស់រានមានជីវិតពីគ្រាប់មីន។ លើសពីនេះលោកសង្កត់ធ្ងន់ថា ឱកាសនេះក៏ជាពេលវេលាដែលកម្ពុជាសម្តែងក្តីសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលពួកគេបានធ្វើចំពោះសហគមន៍ពិភពលោកចម្រុះ ដែលលោកអះអាងថាទាំងនេះជាភាពរឹងមាំនិងភាពធន់របស់ជនរងគ្រោះ ប្រឈមមុខនឹងគ្រោះអាសន្ននិងវិបត្តិមនុស្សធម៌ពួកគេសមនឹងទទួលបានការកោតសរសើរនិងទទួលស្គាល់៕