en     km
en     km

នាទីសុខភាព៖វិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម!

Share

ងាកមកមើលព័ត៍មានសុខភាពវិញ​ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹងវិធីសាស្ដ្រព្យាបាលគ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម នឹងដើម្បីឱ្យនាងកញ្ញា លោក លោកស្រី ក៏ដូចជាម្ដាយគ្រប់រូបគួរយល់ដឹងបន្ថែម។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្ដាប់ដូចតទៅ៖

 

 គ្រាប់គ្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់គ្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់គ្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះទឹកនោមស្រួចស្រាវ។ ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្រ្តីផងដែរ។

រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជា  សភាពអ្នកជំងឺឡេះឡះ  ពិបាកទ្រាំ ខ្សោយកម្លាំង ចុកពោះលើថ្ងាស ពិបាកនោម នោមក្រហល់ក្រហាយ ទំហំទឹកនោមតូច នោមតិចមិនចង់ចេញ ជួនក្ដៅខ្លួន ទឹកនោមល្អក់ ស្ទះនោមជិតឈឹង មានទឹកនោមប៉ោងលើថ្ងាស់  បើគ្រាប់គ្រួសធ្លាក់មកផ្នែកក្រោមនៃបង្ហួរនោមយើងអាចស្ទាបឃើញ ។

ដោយយោងតាមការបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត ការធ្វើរោគវិនិច្ឆ័យ  យើងអាចដឹងថាគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធី ពិនិត្យអេកូសាស្ដ្រថតកាំរស្មីអ៊ិច។ រីឯវិធីព្យាបាលវិញ  ដំណោះស្រាយនៃការព្យាបាលរួមមានៈ

-គ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើ យើងអាចបាញ់គ្រាប់គ្រួស បញ្ចូលក្នុងប្លោកនោម (Pression Hydrostatique) រួចយើងឆ្លុះបំបែកគ្រាប់គ្រួស ក្នុងប្លោកនោមជាក្រោយ ។

បញ្ជាក់៖ ជៀសវាងការវះកាត់បង្ហួរនោមយកគ្រួសចេញ ដែលជាហេតុធ្វើឱ្យបង្ហួរនោមរួមតូច។

-បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral): យើងអាចបំបែកគ្រួសដោយចុង Pince មុខវែង។

ចំណែកផលវិបាកវិញ ប្រភពខាងលើដដែលបានបញ្ជាក់ថា បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវជួបនូវផលលំបាកមានដូចជា ការបង្ករោគធ្ងន់ធ្ងរតាមប្លោកនោម បង្ហួរនោម រលាកប្លោកនោម បង្ហួរនោមរ៉ាំរ៉ៃ បង្ហួរនោមរួមតូច នឹងបង្ហួរនោមស្ទះជិតឈឹងជាដើម។

ដំបូន្មានរបស់ក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម​  សូមឱ្យអ្នកដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវ ដែលបណ្តាលមកពីគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើ សូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញនិងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិ បំបែកគ្រាប់គ្រួសតាមរយៈម៉ាស៊ីនឡាហ្សែរ LASER។

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

 

Share

ព័ត៌មានទាក់ទង

Image