ងាកមកមើលព័ត៍មានសុខភាពវិញ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹង ការជ្រុះសក់ ឈឺសន្លាក់ បាត់បង់គ្រាប់ឈាម ដើម្បីឱ្យ នាងកញ្ញា លោក លោកស្រី យល់ដឹងបន្ថែម។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត្រ។ តទៅនេះសូមអញ្ជើញស្ដាប់ដូចតទៅ៖
បើតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតកម្ពុជា បានបង្ហាញថា មិនមានមនុស្សច្រើនទេ ដែលធ្លាប់លឺឬស្គាល់ជំងឺ Lupus ប្រហែលមកពីជំងឺនេះ មិនមានឈ្មោះជាខេមរភាសា។ ផ្ទុយទៅវិញ ជំងឺនេះត្រូវបានសង្កេតឃើញកើតមានលើប្រជាជនអាស៊ី (Prevalence) ចំនួនពី ៣០ ទៅ ៥០នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ដែលភាគច្រើនកើតឡើងទៅលើមនុស្សស្រី។
Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ ដែលហៅតាមភាសាបច្ចេកទេស គឺអូតូ អ៊ីមមីន ឌីសស៊ីស (Auto Immune Disease) ។ ជាទូទៅជំងឺនេះ ប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឱ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។ រីឯ រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖ អស់កម្លាំង គ្រុនក្តៅ ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ។ បន្ថែមពីនេះ មានការឈឺសន្លាក់ បាត់បង់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត) និងបញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។ នេះបើយោងតាមការចុះផ្សាយពីមន្ទីរពេទ្យកាល់ម៉ែត្រ។
ចំណែកឯការព្យាបាលវិញ ប្រភពខាងលើបញ្ជាក់ថា ជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់មកវិញបាន។ ដូចនេះប្រសិនបើប្រជាពលរដ្ឋ មានរោគសញ្ញាដូចដែលបានរៀប និងពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកុំឱ្យជំងឺនេះវិវត្តទៅរកសភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ