ភ្នំពេញ៖ បើទោះបីជាកន្លងមកប្រធានបទនៃការលើកកម្ពស់ក្មេងស្រី និងស្រ្តីត្រូវបានលើកយកមកជជែក ព្រមទាំងដាក់ចេញជាដំណោះស្រាយរួមក្តី ក៏ប៉ុន្តែបច្ចប្បន្នអង្គការសង្គមស៊ីវិលមួយចំនួននៅតែសង្កេតឃើញថាការរើសអើងទៅលើស្រ្តី ដែលរួមមានការប្រើអំពើហិង្សាផ្អែកលើយេនឌ័រ ការគម្រាមគំហែងនានាបន្តកើតមានឡើងស្ទើរតែគ្រប់វិស័យ គ្រប់ទីកន្លែងនៅក្នុងសង្គម។ នេះជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ។
ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី«យុទ្ធនាការ១៦ថ្ងៃ ឆ្នាំ២០២៣ ក្រោមប្រធានបទ គ្មានអំពើហិង្សាលើស្រ្តី និងក្មេងស្រីដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស យេនឌ័រ សិទ្ធិការងារ និងសង្គម ដូចជាសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ (LRSU) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងអង្គការយេនឌ័រ ទទូចឱ្យរដ្ឋាភិបាលក្រឡេកមើលតម្រូវការចំនួន១៦ដែលខ្លួនបានទាមទារឱ្យមានដំណោះស្រាយរួមស្ទើរជារៀងរាល់ឆ្នាំ ហើយពួកគេចាត់ទុកថាទាំងនេះជាបញ្ហារបស់ពលរដ្ឋដែលសង្គមគួរតែត្រួតពិនិត្យ និងបង្កើនការយកចិត្តទុកដាក់។
ខ្លឺមសារនៃសេចក្តីថ្លែងការណ៍រួមសង្គត់ធ្ងន់ថា បើទោះបីជារយៈពេលជិត៣០ឆ្នាំមកនេះភាគីរដ្ឋាភិបាលយកចិត្តទុកដាក់ ដោយធ្វើការលើបញ្ហាសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តីក្តី ប៉ុន្តែបច្ចប្បន្នអង្គការសង្គមស៊ីវិលសង្កេតឃើញថា «ការរើសអើងមកលើស្រ្តីនៅតែបន្តកើតមានឡើងស្ទើរតែគ្រប់វិស័យ គ្រប់ទម្រង់ និងទីកន្លែង ទាំងនៅក្នុងផ្ទះ ក្នុងសហគមន៍ កន្លែងធ្វើការ និងនៅតាមទីសារណៈជាដើម។
ក្នុងនោះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ អះអាងថាការលើកឡើងដូច្នេះគឺផ្អែកលើ ករណីជាក់ស្តែងដែលអង្គការសង្គមស៊ីវិលប្រមូលព័ត៌មាន និងទិន្នន័យពីភាគីដែលទាំងឡាយដែលធ្វើការលើបញ្ហាទាំងនេះ មកត្រួតពិនិត្យនិងដាក់ចេញជាលទ្ធផលរួម។
យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ លោក អំ សំអាត ទទួលស្គាល់ថាកន្លងមករាជរដ្ឋាភិបាលយកការស្នើសុំ និងអនុសាសន៍មួយចំនួនរបស់បណ្តាអង្គការសង្គមស៊ីវិលយកទៅពិចារណា។ ក៏ប៉ុន្តែលោកបញ្ជាក់ថាមិនទាន់ឃើញដាក់ចេញជាការឆ្លើយតបជាក់លាក់ណាមួយនៅឡើយ។
« បាទ! យើងឃើញមិនអត់ទេ ឃើញមានការទទួលយកតម្រូវការទាំងអស់ហ្នឹងទៅពិចារណា ប៉ុន្តែអត់ទាន់ឃើញមានការឆ្លើយតបហា៎ណាស់ ហើយយើងឃើញមានខាងរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារីហ្នឹងមានការប្តេជ្ញាចិត្តថា នឹងលុបបំបាត់អំពើហិង្សាទោលើស្រ្តី និងកុមារ ក៏ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំ២០៣០ខាងមុខ។»
ក្នុងយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី» ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី សង្កត់ធ្ងន់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យធ្លាក់ដល់កម្រិតទាបបំផុត ដូចដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើការប្តេជ្ញាចិត្ត នៅឯសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីចុងឆ្នាំ២០១៩ ជាមួយនឹងប្រទេសជាង ១៨០ ប្រទេស។
បន្ថែមពីនេះលោកនៅតែទទូចឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិចារណាធ្វើយ៉ាងណាធានាលុបបំបាត់ការរើសអើងលើស្រ្តី និងក្មេងស្រី រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ តាមរយៈការធ្វើវិសោតធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងបង្កើតឱ្យមានជម្រក សុវត្ថិភាពពលរដ្ឋ សម្រាប់ស្រី្តរងគ្រោះ ដោយសារអំពើហិងកសាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតមផ្ទះ កម្មករចំណាកស្រុក និងស្រ្តីនៅតាមសហគមន៍ ដែលនេះជាតម្រូវទី២នៃតម្រូវទាំង១៦ចំណុចដែលមានបញ្ចូលក្នុងសេចក្តីថ្លែងការរួមណ៍។
«យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅពិចារណាទៅលើតម្រូវការទាំង១៦ចំណុច ហើយនិងធ្វើការកែលម្អគោលនយោបាយ និងធ្វើ វិសោធនកម្មច្បាប់ដែលពាក់ព័ន្ធដើម្បីធានាលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារីក៏ដូចជាអំពើហិង្សាផ្អែកលើយេនឌ័របាទ។»
យុទ្ធនាការ១៦ថ្ងៃនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩១ ដោយក្រុមបុរសជនជាតិកាណាដាមួយក្រុម ដែលជាសកម្មភាពអាទិភាពដ៏សំខាន់មួយ ក្នុងចំណោមសកម្មភាពអាទិភាពជាច្រើនធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីគ្រប់ទម្រង់ និងជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងក្មេងស្រី និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ និងយុទ្ធសាស្ត្រទី១ ការបង្ការទប់ស្កាត់ នៃផែនការសកម្មភាពជាតិស្ដីពីការ ទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៣ ឆ្នាំ២០១៩-២០២៣។ យុទ្ធនាការនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយរាប់ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ៕