en     km
en     km

រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមយល់ព្រមលើការចរចាសន្តិភាព

Share

រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្តរបស់ប្រទេសហ្វីលីពីនបានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ បន្ទាប់ពីបានផ្អាកជម្លោះអស់រយៈពេល  ៦ឆ្នាំ ដោយមានគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធដែលធ្លាប់កើតមានឡើងជាច្រើនទសវត្សរ៍។ នេះបើយោងតាមប្រភពពីភាគីទាំងពីរ និងអ្នកសម្របសម្រួលប្រទេសន័រវេសបាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

(កញ្ញា សៃ ចន្ធី រាយការណ៍)

រដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្តរបស់ប្រទេសហ្វីលីពីន បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ បន្ទាប់ពីបានផ្អាកនូវជម្លោះរវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្តរបស់ប្រទេសនេះអស់រយៈពេល ៦ឆ្នាំ។ កិច្ចចរចាសន្តិភាពនេះធ្វើឡើងក្នុងគោលបំណងបញ្ចប់ជម្លោះបង្ហូរឈាមរវាងអាជ្ញាធរ និងកងទ័ពប្រជាជនថ្មី NPA ដែលជាស្លាបយោធានៃបក្សកុម្មុយនិស្តហ្វីលីពីន CPP ដែលបានវាយប្រហារគ្នាអស់រយៈពេលជាង ៥0ឆ្នាំមកហើយ និងបានសម្លាប់មនុស្សជាង ៤ម៉ឺននាក់ផងដែរ។

យោងតាមគណៈប្រតិភូជាន់ខ្ពស់បាននិយាយថា កាលពីសប្តាហ៍មុនភាគីទាំងពីរបានយល់ព្រមលើ«ចក្ខុវិស័យរួមសម្រាប់សន្តិភាព» ដែលស្វែងរកការដោះស្រាយចំពោះឧបសគ្គសំខាន់ៗ ដែលក្រសួងការបរទេសន័រវេសបានបង្ហាញកាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាមិញ ប្រសិនបើការចរចានេះទទួលបានជោគជ័យ នោះក្រុមឧទ្ទាមកុម្មុយនិស្តនឹងបញ្ចប់ការប្រឆាំងជាមួយក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាល ហើយប្រែក្លាយទៅជាចលនានយោបាយវិញ។ នេះបើយោងតាមអ្នកសម្របសម្រួលរបស់ប្រទេសន័រវេស ដែលធ្លាប់បានធ្វើការសម្របសម្រួលដំណើរការសន្តិភាពរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍អស់រយៈពេលប្រហែល ២0ឆ្នាំ។

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមកុម្មុយនិស្ត បានដាក់គោលការណ៍ចំពោះការព្រមព្រៀងរវាងភាគីទាំងពីរ លើការដោះស្រាយជម្លោះប្រដាប់អាវុធដោយសន្តិវិធី  ហើយភាគីទាំងពីរក៏បានបន្ថែមទៀតថា កិច្ចចរចាសន្តិភាពចំពោះការដោះស្រាយនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចសង្គម និងនយោបាយចាប់ផ្តើមមានពន្លឺសាជាថ្មី។

ដោយឡែក លោក Carlito Galvez ទីប្រឹក្សាដំណើរការសន្តិភាពរបស់រដ្ឋាភិបាល បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងម៉ានីលថា ការដកបក្សកុម្មុយនិស្តនិងក្រុមពាក់ព័ន្ធចេញពីបញ្ជីរដ្ឋាភិបាលនៃអង្គការភេរវកម្មដែលបានចាត់តាំង ត្រូវបានបញ្ចូលក្នុងកិច្ចពិភាក្សាខាងលើនេះផងដែរ។

សូមជម្រាបថា ទោះបីមានការព្រមព្រៀងរវាងភាគីទាំងពីរខាងលើក្នុងការដោះស្រាយជម្លោះប្រដាប់អាវុធដោយសន្តិវិធីក៏ដោយ ក៏ភាគីទាំងពីរនេះមិនទាន់មានបទបញ្ជាចំពោះការឈប់បាញ់ភ្លាមៗណាមួយត្រូវបានប្រកាសជាផ្លូវការនោះទេ។ ប្រតិបត្តិការប្រឆាំងរបស់ក្រុមឧទ្ទាមនេះទៀតសោត នឹងនៅតែបន្ត។ នេះបើយោងតាមប្រមុខយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ Romeo Brawner ។ ប៉ុន្តែលោកនិយាយបន្តថា ប្រសិនបើជម្លោះនេះបញ្ចប់ជាស្ថាពរ នោះកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងអាចផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅកាន់ការការពារទឹកដីពីខាងក្រៅ ហើយធនធានទាំងអស់ដែលខិតខំប្រឹងប្រែងនឹងត្រូវបានចាត់ចូលទៅក្នុងការការពារទឹកដី។

សូមរំលឹកផងដែរថា ការចរចាជាផ្លូវការនេះ ធ្លាប់បានធ្វើឡើងម្ដងរួចមកហើយដោយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅចុងក្រោយក្នុងឆ្នាំ២០១៧  ប៉ុន្តែត្រូវបានបញ្ចប់ដោយការបរាជ័យ និងធ្វើឱ្យលោកត្រូវចាកចេញពីតំណែងនៅពាក់កណ្តាលឆ្នាំ២០២២ ដែលជំនួសមកវិញនូវប្រធានាធិបតីថ្មី គឺលោក Ferdinand Marcos ។

សូមបញ្ចាក់ផងដែរថា អ្នកសម្របសម្រួលន័រវេស បានរក្សាទំនាក់ទំនងជាមួយភាគីដែលនាំទៅដល់ការចរចាសម្ងាត់ និងពិធីចុះហត្ថលេខាសម្ងាត់កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលប្រជុំនៃទីក្រុង Oslo និងមានការចូលរួមដោយមេដឹកនាំក្រុមឧទ្ទាមនិរទេស និងរដ្ឋមន្ត្រីរដ្ឋាភិបាលហ្វីលីពីនមួយចំនួនក្នុងចំណោមអ្នកផ្សេងទៀត។ សេចក្តីប្រកាសនេះ កើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីលោក Marcos Jr. បានចេញដីកាលើកលែងទោសដល់ក្រុមឧទ្ទាមមួយចំនួន រួមទាំងអតីតសមាជិកនៃចលនាកុម្មុយនិស្តផងដែរ៕

ប្រភព៖ CNA news ចុះថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image