en     km
en     km

លោក ម៉ូន ពេជ្រ ប្រកាសជួយជ្រោមជ្រែងម្ដាយលោក កង សារ៉ន រហូតដល់ជីវិតចុងក្រោយ

Share

ជាមួយនឹងខ្លឹមសារប្រកាសស្វែងរកអ្នកស្គាល់ លោក ម៉ូន ពេជ្រ និស្សិតល្បីឈ្មោះដែលបញ្ចប់ការសិក្សាផ្នែកយោធាពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point បានប្រកាសថា លោកនឹងផ្តល់ថវិកាប្រចាំខែដល់ម្តាយលោក កង សារ៉ន រហូតដល់ជីវិតចុងក្រោយ។ ការប្រកាសផ្តល់ថវិកានេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះមកចាប់ខ្លួនលោក កង សារ៉ន ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទជេរប្រមាថ បទញុះញង់ និងប្រមាថព្រះមហាក្សត្រតាមអំណាចសាលក្រមតុលាការខេត្តបន្ទាយមានជ័យ។

តាមរយៈគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា Moon Pich លោកបានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់នឹងរូបថតលោកយាយចាស់ជរា ដោយសរសេរខ្លឹមសារអះអាងបន្ថែមថាការសម្រេចផ្ដល់ថវិកាជួយម្ដាយសកម្មជនសង្គម ដែលមានវ័យ១០២ឆ្នាំនេះ គឺមិនមែនដើម្បីគាំទ្រឬប្រឆាំងនឹងសកម្មភាពណាមួយឡើយ លោកគ្រាន់តែសង្ឃឹមថា លោកយាយបានទទួលការមើលថែ និងមានអាហារពិសាគ្រប់គ្រាន់ ដើម្បីលោកយាយមានសុខភាពល្អប៉ុណ្ណោះ។

លោក កង សារ៉ន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលា​ម៉ោង៦ល្ងាច ថ្ងៃសៅរិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោក គឺជាសកម្មជនសង្គមមួយរូបដែលរិះគន់រដ្ឋាភិបាល ដោយមិនសំចៃមាត់ ពិសេសបក្សកាន់អំណាចជុំវិញបញ្ហាសង្គមមួយចំនួនដូចជា បញ្ហាដីធ្លី អំពើពុករលួយ គ្រឿងញៀន និងករណីអន្តោប្រវេសន៍វៀតណាមលើទឹកដីកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image