en     km
en     km

កសិករដាំដំឡូងជ្វានៅកំពង់ឆ្នាំងព្រួយបារម្ភការប្រឈមនឹងបំណុលធនាគាព្រោះតម្លៃដំឡូងចុះថោកខ្លាំង

Share

កសិករមួយចំនួនក្នុងភូមិ ព្រៃខ្មែរ និងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ដែលប្រកបរបរដាំដំឡូងជ្វាបានត្អូញត្អែថា ជីវភាពរបស់ពួកគេអាចប្រឈមនឹងភាពខ្វះខាតគ្មានលុយសងថ្លៃ ជី ថ្លៃថ្នាំ ថ្លៃជួលដី និងដោះបំណុលធនាគា ដោយសារការប្រមូលផលដំឡូងឆ្នាំនេះលក់បានក្នុងតម្លៃថោកខ្លាំងពេកបើធៀបនិងឆ្នាំមុនៗ។ លោក អ៊ុក ដែន រាយការណ៍៖

អ្នកស្រី ជឹន អឹម អាយុ៤០ ឆ្នាំ ជាពលរដ្ឋរស់នៅភូមិ ព្រៃខ្មែរ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានប្រាប់ក្រុមសារពត៌មានវិទ្យុស្ត្រីថា ក្តីលំបាករបស់កសិករសព្វថ្ងៃ គឺនៅពេលដែលដាំបានហើយ ឈ្មួញទម្លាក់តម្លៃឲ្យថោកខ្លាំងពេក ដែលធ្វើឲ្យប្រឈមនឹងការខាតបង់ មិនត្រឹមតែមិនចំណេញទេ ប៉ុន្តែថែមទាំងធ្វើឲ្យជំពាក់គេទៀតផង។

«ឈ្មួញនៅពេលដែលវាទុញម្ដងៗវាទម្លាក់ថ្លៃយើងដំឡូងមួយពាន់ជាងវាទម្លាក់នៅសល់តែ ៧០០៛៨០០៛ ­­ពេល ៧០០-៨០០ អញ្ចឹងក្នុងមួយចំការយើងដាំអស់ ៣ លាន ៤ លានដល់ពេលយើងក៏វិញដល់ដំឡូងធ្លាក់ថ្លៃវាអត់ដល់អ្វីដែលយើងចង់បានវាអត់ដល់ដើម មួយចំការយើងអស់ ៤លានដល់ពេលដំឡូងធ្លាក់ថ្លៃយើងគាស់វិញបានតែ ២ លានអីហ្នឹង»។

អ្នកស្រី ជឹន អឹមបន្តថា នៅពេលដែលដំឡូងធ្លាក់ថ្លៃដូចនេះ ធ្វើឲ្យជីវភាពកសិករខ្វះខាតខ្លាំង  អ្នកខ្លះលក់របស់របរសងគេ និងមានខ្លះទៀត ត្រូវបង្ខំចិត្តខ្ចីគេថែម ធ្វើឲ្យរឹតតែជំពាក់គេលើសដើម។

លោក ឡេ ធីម៉ាក អាយុជាង៣០ឆ្នាំរស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់ អ្នកសារព័ត៌មានវិទ្យុស្ត្រីថា លោកមានក្តីបារម្ភ ព្រោះដំឡូងថោកជាងឆ្នាំមុនៗ។ កាលពីឆ្នាំមុនក្នុងខែ១១-១២  ដំឡូងបានតម្លៃជាង២០០រៀលហើយ តែឆ្នាំនេះធ្លាក់ថោក។

«ខ្ញុំបារម្ភដែរព្រោះជំពាក់គេក៏ច្រើនការចំណាយដើមទុនក៏ច្រើនដែរហើយដំឡូងថោកអញ្ចឹងយើងខ្លាចអត់បានឲ្យគេវិញអញ្ចឹងណា អត់បានសងគេវិញអញ្ចឹងណា។ បើបានត្រឹមតែ ១០០០៛ អីអញ្ចឹង យើងអាចតទល់រួចបើយើងចុះនៅក្រោម ១០០០៛ អញ្ចឹងវាអត់បាន»។

លោកស្រីហ៊ឹម ជះ វ័យ 60 ឆ្នាំរស់នៅភូមិចាថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ត្រីថាលោកស្រីមានតែការប្រកបមុខរបរដាំដំឡូងមួយមុខគត់គ្មានរបរអ្វីផ្សេងទេ នៅពេលដែលដំឡូងថោកបែបនេះ ការប្រឈមជីវភាពអាចនិងគ្មានលុយសងគេលើថ្លៃឈ្នួលដី ជី ថ្នាំ កម្មករ ជាដើម។

«ជួលចំការគេមួយហិចតា ៣០ ម៉ឺនរៀលក្នុងមួយឆ្នាំដំឡូងបានថោក មិនមែនថាចង់បានថ្លៃ មួយពាន់ ឬមួយពាន់ជាងអីនោះទេ តែឆ្នាំនេះ ៤០០ ទៅ ៣០០ ទៀតផង»។

លោក ឡេ ធីម៉ាក ទទួចសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារលក់ចេញដើម្បីជួយសម្រួលដល់ជីវភាពកសិករដែលបច្ចុប្បន្នកំពុងខ្វះខាតខ្លាំង ណាមួយដល់ពេលប្រមូលផល់ដំឡូងហើយលក់បានតម្លៃថោកទៀត ដែលអាចប្រឈមនិងការដែលគ្មានលុយសងថ្លៃ ជី ថ្លៃថ្នាំ ថ្លៃពូជ និងបំណុលធនាគារ។

ឆ្លើយតបនឹងរឿងនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានប្រាប់ក្រុមព័ត៌មានវិទ្យុស្ត្រីថា លោកបានទទួលដំណឹងនេះហើយ ដោយលោកក៏បានចាត់មន្ត្រីរបស់លោកចុះទៅពិនិត្យមើលជាក់ស្ដែងហើយរួចហើយដែរ។លោកបញ្ជាក់ថា៖

«ដំឡូងរបស់គាត់ពេលនេះគឺចុងដៃហើយគាត់បានប្រមូលផលប្រហែល ៦០-៧០% ហើយឆ្នាំនេះតម្លៃដំបូងគឺបាន ១៤០០៛ក្រោយមកធ្លាក់នៅ ៨០០៛ ក្រោយមកធ្លាក់នៅ ៦០០៛ក៏ឈ់ទ្រឹងត្រឹមហ្នឹង។ ខ្ញុំក៏បានទំនាក់ទំនងកសិដ្ឋានចញ្ចឹមស្វាធំៗចំនួន២ដែលនៅជិតនោះជួយទិញដំឡូងរបស់ពួកគាត់ និងបានរកដៃគូរវិស័យឯកជនពីខាងក្រៅដើម្បីរកទីផ្សារជូនពួកគាត់ ដោយសារថាគាត់ដាំពេលដែលទៅដាំហ្នឹងប្រមូលផលគឺរួមគ្នាច្រើនអញ្ចឹងទៅណាស»

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងរូបនេះបន្តថា ទីផ្សារនៅកម្ពុជាសព្វថ្ងៃដំឡូងជ្វាផ្គត់ផ្គង់តែក្នុងស្រុកនៅឡើយ ដោយសារស្ថានភាពការដាំគឺមិនទាន់ប្រមូលផ្ដុំបានច្រើន ដូច្នេះទីផ្សារមិនទាន់ធំទូលាយនៅឡើយទេ។ ម្យ៉ាងទៀតលោកបញ្ជាក់ថាដោយសារឆ្នាំនេះវាចុងរដូវហើយ ប៉ុន្តែសម្រាប់ឆ្នាំក្រោយលោកប្តេជ្ញាថានឹងធ្វើផែនការដោយចាត់ក្រុមការងារចុះទៅចងក្រងក្រុមដាំដំឡូងជ្វា ហើយនិងរកដៃគូអតិថិជន វិស័យឯកជនដើម្បីធ្វើកិច្ចសន្យាប្រមូលទិញពីប្រជាកសិករ៕

អត្ថបទ៖ អ៊ុក ដែន

Share

ព័ត៌មានទាក់ទង

Image