en     km
en     km

ម៉ាឡេស៊ីលើកលែងទិដ្ឋាការដល់ចិននិងឥណ្ឌា ដើម្បីប្រជែងទេសចរណ៍នឹងប្រទេសជិតខាង

Share

ប្រទេសម៉ាឡេស៊ីសម្រេចអនុញ្ញាតលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសចិននិងឥណ្ឌាក្នុងរយៈពេល៣០ថ្ងៃ។ ការលើកលែងនេះធ្វើឡើង ខណៈប្រទេសនេះកំពុងប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនលើវិស័យទេសចរណ៍។

(កញ្ញា កែវ សុជាតា រាយការណ៍)

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រទេសម៉ាឡេស៊ីលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសចិននិងឥណ្ឌាក្នុងរយៈពេល៣០ថ្ងៃ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបញ្ជាក់ថា ការអនុម័តនេះសម្រេចជាធរមានចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោក អាន់វ៉ា ធ្លាប់បាននិយាយនៅក្នុង​សមាជ​ប្រចាំ​ឆ្នាំដែលប្រព្រឹត្តឡើងកាល​ពី​ចុង​សប្តាហ៍មុន​ថា​ នៅឆ្នាំ​បន្ទាប់នេះ ប្រទេសម៉ាឡេស៊ី​នឹង​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ចំណង​ការ​ទូត​ជាមួយ​ប្រទេស​ចិន ខណៈម៉ាឡេស៊ីនឹងបើកទ្វារព្រំដែនស្វាគមន៍ភ្ញៀវទេសចរចិនដែលមានបំណងមកកម្សាន្តម៉ាឡេស៊ីដោយមិនទាមទារឯកសារទិដ្ឋាការនោះឡើយ។ លោក អាន់វ៉ា អះអាងថា ក្នុងអំឡុងពេលរៀបចំផែនការថវិកាឆ្នាំ២០២៤ រដ្ឋាភិបាលមានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ២៦.១លាននាក់នៅឆ្នាំ២០២៦ ដែលបូកបញ្ជូលទាំងភ្ញៀវមកពីចិននិងឥណ្ឌាផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Puvaneswaran Kunasekaran សាស្ត្រាចារ្យជាន់ខ្ពស់នៅមហាវិទ្យាល័យបរិស្ថានវិទ្យា-មនុស្សនៃសាកលវិទ្យាល័យ Universiti Putra Malaysia បានប្រាប់សារព័ត៌មាន CNA ថា ការលើកលែងទិដ្ឋាការនេះជាឱកាសមួយក្នុងការទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់ម៉ាឡេស៊ីក្នុងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន។

លោកគូសបង្ហាញថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតមួយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ប្រទេសជិតខាងដែលនៅក្នុងតំបន់អាចគំរាមកំហែងដល់គោលដៅរបស់ម៉ាឡេស៊ីក្នុងការទាក់ទាញភ្ញៀវទេសចរចិន។  លោកបន្ថែមថា ក្រៅពីប្រទេសម៉ាឡេស៊ី ថៃក៏ជាប្រទេសមួយដែលបានលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនផងដែរ។

វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ពិសេសជាយានសម្រាប់ស្តារឡើងវិញនូវវិស័យឧស្សាហកម្មដែលធា្លប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។ សូមរំលឹកថា ប្រទេសថៃគឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។

គួរបញ្ជាក់ដែរថា ប្រទេសចិនកំពុងសាកល្បងបើកការធ្វើដំណើរដោយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសចំនួន៥រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី។ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសទាំងនេះ អាចធ្វើអាជីវកម្ម ឬធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសចិនដោយគ្មានទិដ្ឋាការសម្រាប់រយៈពេល ២៥ថ្ងៃ៕

Share

ព័ត៌មានទាក់ទង

Image