en     km
en     km

សាលាដំបូងបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារពលរដ្ឋម្នាក់ដែលរិះគន់រដ្ឋាភិបាល៣ឆ្នាំ

Share

តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចកាត់ទោសពលរដ្ឋម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមបទចោទប្រកាន់៣ករណី គឺពីបទញុះញង់និងបរិហាកេរ្តិ៍ ជេរប្រមាថនៅតាមទីសាធារណៈ និងប្រមាថចេស្ដាអង្គព្រះមហាក្សត្រកម្ពុជា។ អ្នកដែលត្រូវជាប់ទោស៣ឆ្នាំនោះគឺ លោក កង សារ៉ន ជាពលរដ្ឋមួយរូបដែលតែងរិះគន់រដ្ឋាភិបាល ពិសេសបក្សកាន់អំណាចជុំវិញបញ្ហាសង្គមមួយចំនួនដូចជា បញ្ហាដីធ្លី អំពើពុករលួយ គ្រឿងញៀន និងករណីអន្តោប្រវេសន៍វៀតណាមលើទឹកដីកម្ពុជា។

(កញ្ញា កែវ សុជាតា រាយការណ៍)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក កង សារ៉ន បង្ហាញពីទុក្ខលំបាករបស់ខ្លួននិងក្រុមគ្រួសារ ដោយសារតែពួកលោកពុំអាចចាកចេញពីផ្ទះសម្បែង ឬចេញទៅរកស៊ីតាមជីវិតប្រចាំថ្ងៃដូចសព្វដងបានឡើយ។ ក្នុងនោះ លោក កង សារ៉ន អះអាងថា លោកមិនខ្លាចក្នុងការដើរចូលគុកនោះទេ ហើយលោកនឹងមិនរត់គេចខ្លួន តែផ្ទុយទៅវិញលោកត្រៀមខ្លួនជាស្រេចដើម្បីឱ្យកងកម្លាំងមកចាប់ខ្លួនលោកនៅក្នុងគេហដ្ឋាន។ នេះបើយោងតាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុក ត្រឹប ហង្ស នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក កង សារ៉ន៖ «នេះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣បាទ គ្រួសារខ្ញុំអត់បានហ៊ានចេញទៅណាទេបាទ ដោយនៅតែក្នុងផ្ទះ ដោយដឹងដំណឺងពីតំណាងមេធាវីថា គេ[តុលាការ]មានដីការឃុំខ្លួនខ្ញុំចឹងបាទ។ នេះសូម្បីតែមងក៏មិនបានចេញទៅដាក់ ប្រពន្ធក៏មិនបានទៅលក់នំលក់ដូរ។ និយាយរួមទៅគឺនៅតែក្នុងផ្ទះទាំងបួននាក់ ម្តាយ ប្រពន្ធ និងកូន»។

នៅក្នុងវីដេអូតាមគណនីខាងលើដដែលបង្ហាញថា លោកបារម្ភពីសុវត្ថិភាពរបស់កូនស្រីលោកជាខ្លាំង ដោយសារតែជាស្រ្តីភេទផងនិងជាជនមានពិការភាពផង។ លោកក៏លើកឡើងពីបញ្ហាម្តាយចាស់ជរាដែលមានអាយុ១០២ឆ្នាំដែលស្ថិតនៅក្រោមការមើលថែរបស់លោក ដែលលោកផ្ទាល់ជាមេគ្រួសារ។

លោក កង សារ៉ន៖ « សម្រាប់ជីវិតខ្ញុំផ្ទាល់ ខ្ញុំមិនស្តាយស្រណោះ ជាការពិតខ្ញុំមិនស្តាយស្រណោះអ្វីទាំងអស់តែគ្រាន់តែស្រណោះខ្លាំងជាងគេបំផុតគឺកូនស្រី។ កូនស្រីពេញរូបពេញរាង ហើយ[មាន]អាយុ១៩ឆ្នាំ ហើយគ្នាពិការគថ្លង់។ ដល់ពេលអត់ពីខ្ញុំទៅ តើទៅជាយ៉ាងណា? យើងដឹងហើយសង្គមរាល់ថ្ងៃ សូម្បីតែក្មេងអាយុបីបួនឆ្នាំក៏មានការរំលោភបំពាន ហើយចុះ​ទម្រាំតែកូនខ្ញុំ ហើយគ្នាជាជនពិការគថ្លង់អ៊‌ីចឹងទៀត តើនឹងទៅជាយ៉ាងណា? ទី២គឺម្តាយ ម្តាយកាន់តែចាស់ជរាទៅហើយ។ ខ្ញុំមិនមែនអូសទាញយកទាំងម្តាយទាំងកូនដែលជាជនពិការ[និង]ចាស់ជរាយកមកបង្ហាញជូនពុកម៉ែបងប្អូនទេ។ រឿងនេះជាការពិតនៅក្នុងបន្ទុកគ្រួសារខ្ញុំ។»។

ចំណែកឯ ប្រពន្ធរបស់លោក កង សារ៉ន បាននិយាយដោយសំឡេងក្រៀមក្រំថា អ្នកស្រីមិនចេះអក្សរហើយអ្នកស្រីក៏មិនចេះទាំងប្រើប្រាស់ទូរសព្ទផង តើឱ្យអ្នកស្រីរស់យ៉ាងម៉េចបើគ្មានស្វាមីជួយទំនុកបម្រុងនោះ។  ​

ប្រពន្ធរបស់លោក កង សារ៉ន៖ «ខ្ញុំល្ងង់ណាស់អក្សរក៏មិនចេះ ទូរសព្ទក៏មិនចេះប្រើ។ [ខ្ញុំ]សុខចិត្តទៅស្លាប់បើយកប្តីខ្ញុំទៅ។ នេះបើប្តីខ្ញុំទោសឧក្រិដ្ឋមិនថាលក់ម៉ាលក់គ្រឿងញៀនមិនថា ប្តីខ្ញុំគ្រាន់តែបង្ហោះឱ្យយួនចេញឬយួនចូល ក៏មានបញ្ហាមកចាប់។»។

យោងតាមទំព័រហ្វេសប៊ុកគណនី ស្រី គឹះ បានបង្ហោះជាវីដេអូរៀបរាប់ថា លោក កង សារ៉ន កំពុងរងអំពើអយុត្តិធម៌ជាខ្លាំង ដ្បិតលោកពុំអាចបញ្ចេញមតិលើបញ្ហាជនជាតិវៀតណាមរស់នៅលើទឹកដីរបស់កម្ពុជាបានឡើយ។ លោកបញ្ជាក់ថា តំណាងមេធាវីការពារក្តីឱ្យលោកបានទាក់ទងមកប្រាប់កាលពីព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ឱ្យដឹងថា លោកត្រូវតុលាការខេត្តបន្ទាយមានជ័យសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កង សារ៉ន ត្រូវតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅទៅសាកសួរចម្លើយក្រោមបទចោទប្រកាន់បីករណី ដោយទី១ពីបទញុះញង់ ទី២ជេរប្រមាថនៅតាមទីសាធារណៈ និងទី៣ប្រមាថចេស្ដាអង្គព្រះមហាក្សត្រ។ លោកបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ និងបានបេជ្ញាថា ទោះបីមួយជំហានស្លាប់ក៏លោកមិនស្តាយជីវិតដែរ ពីព្រោះលោកស្រឡាញ់កម្ពុជាដែលជាទឹកដីកំណើតខ្លួន ទើបលោកហ៊ានលើកយកបញ្ហាសង្គមមកវែកញែក៕

Share

ព័ត៌មានទាក់ទង

Image