en     km
en     km

នាទីសុខភាព៖ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរនិងសាច់ខួរក្បាល!

Share

ងាកមកមើលព័ត៍មានសុខភាពវិញ​ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹង ការស្វែងយល់អំពី ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និង សាច់ខួរក្បាល ដើម្បីឲ្យ អ្នកនាងកញ្ញា លោក លោកស្រី យល់ដឹងបន្ថែម។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត្រ។

ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និងសាច់ខួរក្បាល ហៅតាមភាសាបច្ចេកទេសថា(អេស្យូត សាប់រាល ហ៊ាម៉ាតូម៉ា)(Acute Subdural Haematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចក្បាល រហូតដល់រយៈពេលមួយអាទិត្យក្រោយគ្រោះថ្នាក់ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់ដែលហៅតាមភាសាបច្ចេកទេសថា (សាប់រាល ហ៊ាម៉ាតូម៉ា)(subdural haematoma)។ ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹង មិនពាក់មួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាដើម។

បើតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែតកម្ពុជា ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកមន្ទីរពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅក្នុងស្រោមខួរក្បាលនោះចេញ។

ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារ ៣ របៀប៖ ទី១បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង និងសួតទី២បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល  នឹងទី៣ការខូចខាតដល់ជាលិកាខួរក្បាល ដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល។

ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើអោយមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាល ដែលជាអ្នកបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។

ចំណែកឯ ការប៉ះពាល់វិញ  ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺដូចជា អាយុក្រោម ៤០ឆ្នាំមានហានិភ័យ ២០% នៃការស្លាប់  អាយុចាប់ពី ៤០ឆ្នាំទៅ ៣០ឆ្នាំមានហានិភ័យ ៦៥% នៃការស្លាប់នឹងចាប់ពី ៨០ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ ៨៨%។

ការជាសះស្បើយពីជំងឺនេះត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូចឬធំ ទៅតាមការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្លាកស្នាមរបួសដែលជាសំណល់របស់ជំងឺទាំងផ្លូវកាយ និងផ្លូវចិត្តជារៀងរហូតក៏មានដែរ។

រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖ ការឈឺក្បាលខ្លាំងឬតិច ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក ការវង្វេង  ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ  ទន់ត្របកភ្នែកងងុយជាប់រហូត  ពិបាកនិយាយ ឬនិយាយមិនចេញ  ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ  ទន់ ឬពិការមួយចំហៀងខ្លួន  ​ការបាត់បង់ស្មារតី ឬសន្លប់។

ចំណែកឯការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ដិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(ភីស៊ីអឌៀរ៉ាភីស)(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំលេង (ស្ពីចឌៀរ៉ាភីស)(speech therapists)ផងដែរ។ ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។

ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយមានរោគសញ្ញារឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យជាបន្ទាន់ ជាពិសេសពេទ្យកាល់ម៉ែត ដើម្បីស្វែងរកជំងឺឈាមកកក្នុងស្រោមខួរក្បាលឬស្រទាប់ខួរក្បាល និងព្យាបាលឲ្យបានទាន់ពេល៕

អត្ថបទ៖កញ្ញា ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image