en     km
en     km

ទំនាស់ដីស្ករអំពៅនៅកំពង់ស្ពឺ៖ ប្រជាសហគមន៍ថាខ្លួនមិនបានពន្លឺយុត្តិធម៌ពីការអន្តរាគមន៍របស់រដ្ឋាភិបាលនៅឡើយ

Share

ភ្នំពេញ៖ បើទោះបីជាខាងមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ និងប្រជាសហគមន៍ដែលមានបញ្ហាចាក់ស្រេះរឿងទំនាស់ដីធ្លី បានជួបពិភាក្សាជុំវិញបញ្ហានេះក្តី ប៉ុន្តែសហគមន៍ អះអាងថាករណីនេះ នៅតែមានភាពចម្រូងចម្រាស ហើយខ្លួនមើលឃើញថាមិនមានតម្រុយណាមួយដែលបញ្ជាក់ថាពលរដ្ឋដែលមានបញ្ហាដីធ្លីនឹងទទួលបានពន្លឺយុត្តិធម៌ឡើយ។

បន្ទាប់ពីការរងចាំអស់រយៈពេល៦ថ្ងៃរបស់ប្រជាសហគមន៍ចំនួន៣ រួមមានសហគមន៍ត្រពាំងជោរ សហគមន៍អមលាំង និងសហគមន៍រស្មីសាមគ្គី ដែលមានបញ្ហាចាក់ស្រេះរឿងទំនាស់ដីធ្លី ជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់នៅខេត្តកំពង់ស្ពឺឡើងទៅដាក់ញាត្តិនៅមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត នៅថ្ងៃទី១៤ វិច្ឆិកា កន្លងទៅខាងមន្ទីក៏បានជូនដំណឹងហៅចូលពិភាក្សាជុំវិញបញ្ហានេះ។ ប៉ុន្តែជាលទ្ធផលក្រោយជួបពិភាក្សា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងសហគមន៍ត្រពាំងជោរ លោក ស៊ឹង សុខុម ប្រាប់វិទ្យុស្រ្តីថា ខ្លួនជាមួយនឹងពលរដ្ឋដែលមានបញ្ហាដីធ្លីហាក់មិនមានក្តីសង្ឃឹមក្នុងការទទួលបានដំណោះស្រាយត្រឡប់ឡើយ។

លោក ស៊ឹង សុខុម សង្កត់ធ្ងន់ថាការចូលជួបនឹងមន្ទីរដែនដីខេត្តមិនមានតម្រុយណាមួយដែលធ្វើឱ្យលោកមើលឃើញពីពន្លឺយុត្តិធម៌ឡើយ។ ផ្ទុយទៅវិញលោកអះអាងថា ខាងមន្ទីបែរជាបន្តចោទប្រកាន់ពលរដ្ឋថាកាន់កាប់ដីធ្លីខុសច្បាប់ គ្មានប្លង់ច្បាស់លាស់ ដោយយោងតាមមាត្រាច្បាប់នានា។

យ៉ាងណាមិញ​ តំណាងសហគមន៍រូបនេះបានលើកយកហេតុផលតបទៅនឹងការលើកឡើងរបស់មន្ទីរដែនដី ដោយលោកនិយាយថាទាំងនេះមិនមែនជាកំហុសរបស់ពលរដ្ឋទេ ព្រោះកន្លងមកពលរដ្ឋបានស្នើឱ្យអជ្ញាធរភូមិឃុំ ធ្វើប្លង់ដែរ ប៉ុន្តែអាជ្ញារធរទាំងនោះមិនយកចិត្តទុកដាក់ធ្វើជូនពលរដ្ឋ។

លោក ស៊ឹង សុខុម៖«បាទ!បាទ! អញ្ចេះដីដែលរដ្ឋសម្បទានវាផ្សេង ហើយដីដែលក្រុមហ៊ុនទិញ ទិញហ្នឹងគឺទិញពីអជ្ញាធរ អជ្ញាធរស្រុកហ្នឹងឃុបឃិតយកដីពលរដ្ឋទៅលក់ ហើយដល់តែក្រុមហ៊ុនទិញ ក្រុមហ៊ុនអះអាងថាដីហ្នឹងទិញ ហើយមន្រ្តីនគរបាល មន្រ្តីសូរិយោដីចេញប្លង់ឱ្យក្រុមហ៊ុន ហើយបែរជាចោទប្រកាន់ថាគេដីគេ គេមានសិទ្ធិ គេមានប្លង់ក្រុមហ៊ុនគេមានប្លង់គេមានសិទ្ធិកាន់កាប់ត្រឹមត្រូវ ហើយពលរដ្ឋទៅថាកម្មសិទ្ធិខ្លួនឯង ទាំងដែលធាតុពិតក្រុមហ៊ុនទិញពីអជ្ញាធរ អជ្ញាធរចេញប្លង់ឱ្យ ហើយដីអតីតរបស់ពលរដ្ឋអត់ដែលធ្វើប្លង់ឱ្យផងឱ្យគាត់មានប្លង់មកពីណា។»

ដោយមើលឃើញករណីមន្ទីរដែនដីខេត្តកំពង់ស្ពឺបន្តចោទប្រកាន់បែបនេះ បង្កឱ្យលោកព្រមទាំងសហគមន៍ទាំងមូលហាក់មិនមានក្តីសង្ឃឹមឡើយក្នុងការទទួលបានដំណោះស្រាយឡើយ ក្រៅតែពីដាក់ក្តីសង្ឃឹមទៅលើប្រសាសន៍ដែលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកន្លងមកដោយជម្រុញឱ្យមានការដោះស្រាយបញ្ហាទំនាស់ដីធ្លីពលរដ្ឋទាំងឡាយក្នុងអណត្តិនេះ។

លោក ស៊ឹង សុខុម៖ កន្លងមកយើងធ្លាប់ជជែកគ្នាប៉ុន្មានឆ្នាំមុនដូចអ្នកគ្រូដឹងហើយពួកយើងរងគ្រោះហ្នឹងវា១០ឆ្នាំមកហើយ ដែលការជជែកការចចារវគ្គមុនៗហ្នឹងដល់សន្យាចុះមកស្រាវជ្រាវ សន្យាចុះមកដោះស្រាយហ្ន៎តែអត់ចុះមកទេ ហើយឥឡូវនេះចាប់ផ្តើមថ្មីនេះយើងមិនសង្ឃឹម១០០ភាគរយ ៥០ភាគរយអីនៅឡើយទេ ប៉ុន្តែយោងទៅតាមព័ត៌មាន ការនិយាយរបស់នាយករដ្ឋមន្ត្រីថ្មី អណត្តិថ្មីនេះគាត់ថាត្រូវតែដោះស្រាយអ៊ីចឹងទៅណា៎។»

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាសហគមន៍ ឡើងទៅដាក់ញាត្តិមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងស្នើសុំឱ្យជួយអន្តរាគមន៍ និងជំរុញឱ្យមានការដោះស្រាយទំនាស់ដីធ្លីដែលពលរដ្ឋទាំងនោះ បន្ទាប់ពីក្រសួងរៀបចំដែនដីនរគរូបនីយកម្ម​ និងសំណង់ សន្យាថាខ្លួន នឹងធ្វើការដោះស្រាយឱ្យប្រជាពលរដ្ឋក្នុងឆ្នាំ២០២១ តែមកទល់ឆ្នាំ២០២៣នេះ ពលរដ្ឋនៅតែមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ៕

Share

ព័ត៌មានទាក់ទង

Image