en     km
en     km

សហគមន៍មានទំនាស់ដីស្ករអំពៅនៅកំពង់ស្ពឺ នឹងបន្តដាក់ញត្តិនៅភ្នំពេញ ករណីមន្ទីរដែនដីខេត្តកំពង់ស្ពឺមិនឆ្លើយតបញត្តិរបស់ពួកគេ

Share

 

សហគមន៍ឡើងទៅដាក់ញត្តិនៅសាលាខេត្តកំពង់ស្ពឺនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាព៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

ភ្នំពេញ៖ បញ្ហាទំនាស់ដីធ្លីរាំរ៉ៃរវាងប្រជាសហគមន៍នៅខេត្តកំពង់ស្ពឺជាមួយនឹង ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់ នៅតែចាក់ស្រេះជាបញ្ហា ដែលកន្លងមកមិនមានដំណោះស្រាយជាដុំកំភួនជូនពលរដ្ឋពាក់ព័ន្ធឡើយ។ ដោយហេតុនេះពួកគេបានឡើងទៅដាក់ញត្តិនៅមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ។ បើទោះជាបែបនេះក្តី​ គិតត្រឹមពីថ្ងៃដាក់ញត្តិមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះមានរយៈពេល៥ថ្ងៃហើយ ពួកគេនៅមិនទទួលបានដំណឹង ឬការឆ្លើយតបបែបណាមួយពីមន្ទីរនោះឡើយ។ ជាមួយគ្នានេះតំណាងសហគមន៍ដាក់ការតាំងចិត្តថាខ្លួន និងពលរដ្ឋមានទំនាស់ដីធ្លី នឹងមិនបញ្ឈប់សកម្មភាពដាក់ញត្តិឡើយ ករណីនៅមិនមានការយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហា។

ព័ត៌មាននេះរាយការណ៍ដោយកញ្ញា គុជ ស៊ីកុល……

បន្ទាប់ពីក្រសួងរៀបចំដែនដីនរគរូបនីយកម្ម​ និងសំណង់ សន្យាថាខ្លួន នឹងធ្វើការដោះស្រាយឱ្យប្រជាពលរដ្ឋក្នុងឆ្នាំ២០២១ តែមកទល់ឆ្នាំ២០២៣នេះ ពលរដ្ឋបែរជាមិនទទួលបានដំណោះស្រាយណាមួយនៅឡើយ។ ដោយហេតុនេះនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានប្រជាសហគមន៍ចំនួន៣ រួមមានសហគមន៍ ត្រពាំងជោរ សហគមន៍អមលាំង និងសហគមន៍រស្មីសាមគ្គី ឡើងទៅដាក់ញត្តិនៅមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងស្នើសុំឱ្យស្ថាប័នរៀបចំដីធ្លីមួយនេះ ជួយអន្តរាគមន៍ និងជំរុញឱ្យមានការដោះស្រាយទំនាស់ដីធ្លីដែលពលរដ្ឋទាំងនោះសំអាងថា ជាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអស់រយៈពេលជាង១០ ជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ ហើយខាងតំណាងមន្ទីរដែនដីក៏បានចេញមកទទួលញត្តិនេះហើយ។

ពាក់ព័ន្ធករណីនេះ លោក ស៊ូ សំអឿន តំណាងសហគមន៍អមលាំង​ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បើទោះបីជាមានការចេញមកទទួលញត្តិក្តី ប៉ុន្តែពួកគេនៅមិនទាន់ទទួលបានលទ្ធផលបែបណាឡើយ ដោយថ្ងៃដែលក្រុមលោកដាក់ញាត្តិកៀកនឹងថ្ងៃដែលកម្ពុជាត្រូវរៀបចំប្រារព្ធបុណ្យឯករាជ្យជាតិ។ លើសពីនេះលោកក៏បានបន្ថែមថា​មន្ទីរដែនដីខេត្តកំពង់ស្ពឺនៅតែមិនអាចសន្យាថ្ងៃណានឹងបានឆ្លើយតបនោះទេ ព្រោះទាមទារពេលវេលាក្នុងការត្រួតពិនិត្យសំណើរ។

លោក ស៊ូ សំអឿន៖«បាទ!ក្មួយរឿងបញ្ហាដីធ្លីដែលយើងបានឡើងទៅដាក់ញត្តិកាលពីមុនដែលយើងទៅដាក់នៅទីស្នាក់ការខេត្ត ហើយនៅក្រសួងនរគរូបនីយកម្មនៅខេត្តកំពង់ស្ពឹហាស៎ក្មួយ អ្វីដែលយើងបានដាក់ហ្នឹងលទ្ធផលមិនទាន់បានទទួល ដោយសារអញ្ចេះ ដោយសារគេប្រារពញ្ធទិវាជ័យជម្នះនៅខេត្តកំពង់ស្ពឺហ្នឹង អ៊ីចឹងកាលពីថ្ងៃដែលពូឡើងទៅដាក់ជាមួយនឹងក្រុមការងារ និងក្រុមសហគមន៍ហ្នឹងគឺថ្ងៃទី៨ ខែ១១ ហ្នឹងហើយ អ៊ីចឹងទៅគាត់(មន្ទី)សន្យាអញ្ចេះសន្យាថាគាត់នឹងជូនដំណឹងមកតាមរយៈលេខទូរស័ព្ទដែលគាត់បានឱ្យ។»

យ៉ាងណាមិញមកទល់នឹងពេលនេះក្រុមពលរដ្ឋដែលអះអាងថាខ្លួនជាជនរងគ្រោះ មិនទាន់ទទួលបានដំណឹងត្រឡប់ពីខាងមន្ទីរដែនដីឡើយ។ ក្នុងពេលដែលមន្ទីរមិនព្រមឆ្លើយតប ហើយបន្តពន្យារពេល ​លោក ស៊ូ សំអឿន ព្រមានថាខ្លួន និងសមាជិកដទៃ នឹងទៅតវ៉ាសារជាថ្មីដោយមានមានសមាជិកកាន់តែច្រើន រហូតឈានបន្តដាក់ញត្តិនៅក្រសួងរៀបចំដែនដីនរគរូបនីយកម្ម​ និងសំណង់នៅភ្នំពេញតែម្តង ព្រោះលោកថានេះជាបញ្ហាប៉ះពាល់ដល់ជីវភាពពលរដ្ឋតកូន-ចៅ។

លោក ស៊ូ សំអឿន៖«នៅក្មួយ នៅតែអត់មានព័ត៌មានដដែលពួកខ្ញុំកំពុងតែរងចាំដំណឹងហ្នឹង ឥឡូវនេះយើងកំពុងតែរៀបចំចាប់ផ្តើមប្រជុំហើយនឹងគ្រោងប្រសិនបើមិនមានចម្លើយនៅក្នុងរយៈពេល៧ថ្ងៃទេ យើងនឹងគ្រោងឡើងទៅក្រសួងដែនដីនៅភ្នំពេញទៀតបាទ! ដោយសាររឿងរបស់គាត់មានពាក់ព័ន្ធជាមួយនឹងរឿងជីវិតគាត់ ជាមួយកូនចៅរបស់គាត់តវែងអន្លាយយូរអង្វែងដែរ អ៊ីចឹងគាត់មិនអាចបោះបង់ចោលនូវគៅលបំណងរបស់គាត់ នូវគោលដៅរបស់គាត់ដែលគាត់ថាប្តឹងផ្តល់តវ៉ាជាមួយរដ្ឋាភិបាលជាមួយនឹងក្រុមហ៊ុនឱ្យធ្វើការឱ្យបានដីរបស់គាត់ត្រឡប់មកវិញ បើមិនដូច្នោះទេគាត់នឹងមានជីវភាពកាន់តែខ្វះខាតទៅដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែលំបាកវេទនាទៅ ជំពាក់លុយធនាគាហើយគ្មានមធ្យោបាយដោះស្រាយជូនគាត់ ហើយកូនក៏អត់មានការសិក្សារហូតដល់អាចនឹងធ្លាក់ដល់ចៅទៀតក៏ថាបានដោយសារតែរឿងដីធ្លីមិនបានដោះស្រាយហ្នឹងហាស៎ក្មួយ។»

តំណាងសហគមន៍អមលាំងនេះដដែល ឱ្យដឹងថាកន្លងមកក៏មានដំណោះស្រាយជូនពលរដ្ឋពាក់ព័ន្ធទំនាស់ដីធ្លី ដោយលោកប្រាប់ថាដំណោះស្រាយទី១ គឺខាងក្រុមហ៊ុនបានផ្តល់ជាថវិកាចំនួន៣០០ដុល្លាអាមេរិកក្នុងមួយគ្រួសារ ក្នុងការបញ្ចប់ទំនាស់។ បន្ទាប់ពីមានការមិនយល់ព្រមពីពលរដ្ឋមួយចំនួនធំ ខាងក្រុមហ៊ុនមានបានចេញដំណោះស្រាយលើកទី២ ដោយផ្តល់ជាថវិកាចំនួន៥០០ដុល្លាអាមេរិកក្នុងមួយគ្រួសារ។ ក៏ប៉ុន្តែចំនួនគ្រួសារដែលមិនព្រមទទួលទឹកប្រាក់ ដើម្បីបញ្ចប់ទំនាស់នៅតែមានមានច្រើន ដោយលោក ស៊ូ សំអឿន និយាយថាមានប្រមាណ ១,០៩៦ (១ពាន់៩៦)គ្រួសារ នៅមិនព្រមទទួលយកដោយអះអាងថាជាហេតុផលមិនសមស្រប។

កាលពីឆ្នាំ២០១០ ពលរដ្ឋដែលមកពីខេត្តកំពង់ស្ពឺទាំងនោះ ដែល​មានទំនាស់ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​របស់​លោក​ឧកញ៉ា លី ​យ៉ុងផាត់​ ដោយក្នុងពេលនោះពួកគេដាក់បទចោទថាក្រុមហ៊ុន បាន​ឈូស​ឆាយ​បំពាន​យក​ដី​ស្រែ​របស់​ពួក​គេ​ សម្រាប់​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​អំពៅ៕

Share

ព័ត៌មានទាក់ទង

Image