en     km
en     km

រយៈពេល១ខែនៃបណ្ដឹងព្រហ្មទណ្ឌ កែវសុវណ្ណឫទ្ធិ ទើបដល់ដៃការិយាល័យដីកាអគ្គស្នងការនគរបាលជាតិ

Share

បណ្ដឹងពាក់ព័ន្ធករណីហិង្សា និងដកហូតសម្ភារៈ របស់លោក កែវ សុវណ្ណឫទ្ធិ ទើបតែបានដល់ដៃការិយាល៏យដីកានៃអង្គស្នងការដ្ឋាននគរបាលជាតិ ខណៈលោកបានដាក់តាំងពី១ខែមុន។ សង្គមស៊ីវិលថា អាជ្ញាធរមានសមត្ថកិច្ចគួរតែដុតដៃជើងក្នុងរឿងនេះ ជាជាងអូសបន្លាយពេលនាំឱ្យមានការរិះគន់។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានរយៈពេល១ខែ ដែលបណ្ដឹងរបស់អតីតគរុនិស្សិតឯកទេសអប់រំកាយកែវ សុវណ្ណឫទ្ធិ បានដាក់នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក កែវ សុវណ្ណឫទ្ធិបញ្ជាក់នៅថ្ងៃនេះថា បណ្ដឹងរបស់លោកទើបត្រូវបានការិយាល័យដីការនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានតែប៉ុណ្ណោះ មិនដឹងពេលណាដោះស្រាយបាននោះទេ។

លោកអះអាងថា បើរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានបណ្ដឹងរបស់លោក តែបែរជាស្ងប់ស្ងាត់ដដែលលោកនឹងបន្ដទៅកានតុលាការ។ តែយ៉ាងណាលោកសង្ឃឹមថា ករណីបណ្ដឹងរបស់លោកនឹងដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ។

គួរជម្រាបថា លោកកែវ សុវណ្ណឫទ្ធិបានដាក់ពាក្យបណ្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១២ ខែតុលា បន្ទាប់ពីមន្ដ្រីនៃសាលាខណ្ឌដូនពេញបានប្រើហិង្សាលើរូបលោក និងបណ្ដាលឱ្យលោកដួលសន្លប់នៅមុខក្រសួងអប់រំ ព្រមទាំងដកហូតសម្ភារៈប្រើប្រាស់ដូចជា ទូរសព្ទ និងកាមេរ៉ា របស់លោកនៅមុខសាលាខណ្ឌផងដែរ ពេលលោកទៅដាក់ពាក្យសុំអន្ដរាគមន៍ករណីហិង្សា។

សមត្ថកិច្ចគួរតែដុតដៃជើងនៅក្នុងរឿងនេះ ជាជាងអូសបន្លាយពេល ដែលនាំឱ្យ អ្នករងគ្រោះ និងអ្នកតាមដានក្នុងរឿងនេះរិះគន់ដល់អាជ្ញាធរ។  នេះជាសម្ដីលោក សឹង សែនករុណា មន្ដ្រីនាំពាក្យនៃអង្គការសមាគមអាដហុកក្នុងរឿងនេះ។

រយៈពេល៩ខែ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានដោះស្រាយ ឆ្លើយ​តប​មតិ​-​យោបល់ និង​សំណូមពរ​ពលរដ្ឋ​ជាង​២​០០​សំណើ តាមរយៈហ្វេសប៊ុកក្រសួងមហាផ្ទៃ និងផ្ញើ​សារ​ទៅ​កាន់ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស សុខា និង​អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង។

ថ្លែកាលពីថ្ងៃទី៣១ ខែតុលា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបញ្ជាក់ថា រយៈពេល៩ខែនេះ មានសំណូមពរពីពលរដ្ឋជិត៦០០ករណី។ ក្នុង​នោះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បាន​បណ្ដឹង​​២២៩ករណី  អគ្គនាយកដ្ឋាន​រដ្ឋបាល​ទទួល​បាន​បណ្ដឹង​១៤១ និង​អធិការដ្ឋាន​ទទួល​បាន​៤៣ បណ្ដឹង និង​អគ្គនាយកដ្ឋាន​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

Share

ព័ត៌មានទាក់ទង

Image