en     km
en     km

ក្រសួង​ការងារ​ជំរុញ​ឱ្យ​ស្ត្រី​កម្ពុជា​ ងាក​មក​ចាប់អារម្មណ៍​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​

Share

cover-Training-Course--M-of-Labour
មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ទ្បើ​ង​ថា​ ដើម្បី​ឱ្យ​ប្រទេស​ជាតិ​មានការ​រី​ចម្រើន​នោះ​ គឺ​ត្រូវ​តែ​មានការ​ចូលរួម​ពី​ស្ត្រី​ដោយ​មិន​អាច​ខ្វះ​បាន​ ហើយ​ការ​ចូលរួម​នេះ​ដែរ​ ស្ត្រី​ត្រូវ​ចូលរួម​រៀន​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​កសាង​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ជាដើម​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

​មន្ត្រី​ក្រសួង​ការងារ​ជំរុញ​ឱ្យ​សិស្ស​-​និស្សិត​ ប្រជាពលរដ្ឋ​ជា​ស្ត្រី​ ត្រូវ​គិតគូរ​ពី​ការ​សិក្សា​ជំនាញ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ ដោយសារ​តែ​ក្រសួង​សង្កេត​ឃើញ​ថា​ ការ​សិក្សា​ជំនាញ​នេះ​ភាគច្រើន​មាន​តែ​បុរស​។​
​ការ​ជំរុញ​របស់​មន្ត្រី​ក្រសួង​ការងារ​នេះ​ ធ្វើ​ទ្បើ​ង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ថ្នាក់​ជាតិ​ “​ស្តី​ពី​ ឱកាស​ស្មើគ្នា​រវាង​ស្ត្រី​ និង​បុរស​ ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​ការ​សិក្សា​ពេញ​មួយ​ជីវិត​ នៃ​ប្រទេស​ជប៉ុន​ និង​ ប្រទេស​ហ្វី​លី​ពី​ន​”​ ដែល​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​លោក​ ប៉ុក​ ប៉ាន់​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ក្នុង​សិក្ខាសាលា​ខាងលើ​នេះ​ថា​ នារី​ ឬ​ បុរស​ គឺ​មានឱកាស​ការងារ​ស្មើគ្នា​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។​ ប៉ុន្តែ​លោក​ថា​ ឆ្លង​តាម​បទ​ពិសោធ​កន្លង​មក​ ស្ត្រី​កម្ពុជា​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នោះ​ទេ​។​

លោក​ ប៉ុក​ ប៉ាន់
លោក​ ប៉ុក​ ប៉ាន់

​លោក​ ប៉ុក​ ប៉ាន់​ បន្ត​ថា​ ក្រសួង​ការងារ​លើកទឹកចិត្ត​ទៅ​លើ​ស្ត្រី​ ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ លោក​បាន​បន្ថែម​ទៀត​ថា​ មូលហេតុ​ដែល​ស្ត្រី​មិនសូវ​ចាប់អារម្មណ៍​ ទៅ​លើ​ការ​សិក្សា​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​ដោយសារ​តែ​ស្ត្រី​ខ្មែរ​នៅ​មានការ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ខ្មែរ​ ដែល​ឪពុក​ម្តាយ​មិន​ងាយ​ឱ្យ​កូនស្រី​ខ្លួន​ទៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ​។​

​លោក​ ប៉ុក​ ប៉ាន់​ បាន​បន្ថែម​ទៀត​ថា​ដើម្បី​ជួយ​សម្រួល​ និង​លើកទឹកចិត្ត​ឱ្យ​មាន​ស្ត្រី​ចូល​រៀន​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ ក្រសួង​នឹង​ជួយ​សម្រួល​ទៅ​ដល់​ពួក​គេ​៖​ «​ទី​១​ សម្រួល​ធ្វើ​ម៉េច​ឱ្យ​នារី​អាច​ចូល​មក​រៀន​បាន​ច្រើន​ ឧទាហរណ៍​បុរស​ គឺថា​ក្មេងៗ​អាច​មក​នៅ​វត្ត​បាន​ ហើយ​ជា​ប្រពៃណី​គឺថា​ កូនស្រី​គឺ​ខ្មែរ​យើង​មិន​ងាយ​ឱ្យ​ចេញពីផ្ទះ​ទេ​ ដូច្នេះ​យើង​ធ្វើ​ម៉េច​យើង​នឹង​បង្កើត​អន្តេវាសិកដ្ឋាន​ គឺ​បង្កើត​អន្តេវាសិកដ្ឋាន​ដើម្បី​ឱ្យ​នារី​មាន​លទ្ធភាព​អាចម​ករៀន​បាន​..»​។​

​ជំនួយការ​នាយិកា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហេ​ប​ភី​ច័ន្ទ​តារា​ គឺ​អ្នកស្រី​ សៀង​ វ​ណ្ណា​វី​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ការ​បង្កើត​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ គឺ​មាន​សារៈសំខាន់​ណាស់​ទៅ​ដល់​ពលរដ្ឋ​ ឲ្យ​មាន​ជំនាញ​ខ្លួន​ច្បាស់​ក្នុង​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​។​

​អ្នកស្រី​ សៀង​ វ​ណ្ណា​រី​ បន្ត​ទៀត​ថា​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហេ​ប​ភី​ច័ន្ទ​តារា​ ផ្តល់​ឱកាស​ទៅ​លើ​ស្ត្រី​អាច​ចូល​រៀន​ជំនាញ​ដូច​ជា​ អ៊ុតសក់​ កាត់សក់​ ធ្វើ​ក្រចក​ជាដើម​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បាន​ជំនាញ​មួយ​ជាក់លាក់​ ក្នុង​ការ​ប្រកប​មុខរបរ​ផ្ទាល់ខ្លួន​ ដោយ​អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​ លក្ខខណ្ឌ​ដែល​ពួក​គេ​អាច​ចូល​រៀន​បាន​ គឺ​ត្រូវ​មាន​ជីវភាព​ខ្វះខាត​និង​មាន​ឆន្ទៈ​ក្នុង​ការ​សិក្សា​ជំនាញ​ដែល​បាន​លើក​ទ្បើ​ង​ខាងលើ​។​

​អ្នកស្រី​សៀង​ វ​ណ្ណា​វី​បាន​ន្ថែ​ម​ទៀត​ថា​ ស្ត្រី​នៅ​ពេល​បច្ចុប្បន្ន​នេះ​មានឱកាស​ច្រើន​នៅ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​គឺ​មិន​ចាញ់​បុរស​នោះ​ទេ​៖​ «​បច្ចុប្បន្ន​នេះ​បើ​តាម​ខ្ញុំ​ឃើញ​មជ្ឈមណ្ឌល​ខាង​បច្ចេកទេស​មួយ​ចំនួន​ គឺ​គាត់​ផ្តល់​ឱកាស​ចំពោះ​បុរស​និង​ស្ត្រី​ ប៉ុន្តែ​ចំពោះ​លក្ខខណ្ឌ​ចូល​រៀន​ហ្នឹង​ ភាគច្រើន​គឺ​សិស្ស​ប្រុស​ចូល​រៀន​ច្រើន​ជាង​…»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី​៤​ ហើយ​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​ក្រសួង​ សុខាភិបាល​ ការងារ​ និង​ សុខមាលភាព​ និង​ ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​សមាគម​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ជប៉ុន​៕

Share

ព័ត៌មានទាក់ទង

Image