en     km
en     km

ទស្សនៈផ្សេងៗគ្នាត្រូវបានលើកមកជជែក ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំសាទរបុណ្យឯករាជ្យជាតិ

Share

ការចូលរួមប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ នៅវិមានឯករាជ្យ

ភ្នំពេញ៖ ក្នុងឱកាសអរបអរសាទរថ្ងៃបុណ្យឯករាជរាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ លើកទី៧០ ដែលនឹងប្រារព្ធឡើងនៅថ្ងៃស្អែកនេះ គេសង្កេតឃើញមានការរៀបចំដងទង់ជាតិ និងបដាដែលមានភ្ជាប់នឹងសារសំខាន់ៗនៅតាមដងផ្លូវជាហូរហែរ ក្នុងន័យរំលឹកការចង់ចាំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាបានរំដោះខ្លួនចេញពីក្រោមអាណានិគមនិយមបារាំង ក្លាយជាប្រទេសមានឯករាជ្យភាពដោយរស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសណាឡើយ។ ជុំវិញឱកាសនេះ ពលរដ្ឋមួយចំនួនដែលរួមមានយុវជន យុវតី និងអ្នកជំនាញ បានបង្ហាញពីទស្សនៈផ្សេងៗគ្នា​។ ក្នុងនោះពួកគេក៏បានលើកឡើងពី ឯករាជ្យភាពបច្ចប្បន្ននៅកម្ពុជាតាមការយល់ឃើញរៀងៗខ្លួនផងដែរ។

ចង់ដឹងថាពលរដ្ឋមានទស្សនៈបែបណាខ្លះចំពោះថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧០នេះ? ហើយតើមានការមើលឃើញយ៉ាងណាទាក់ទងនឹងឯករាជ្យភាពនៅកម្ពុជាបច្ចប្បន្ន? តទៅនេះសូមនាងកញ្ញា លោក លោកស្រីស្តាប់ការរាយការណ៍ដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

នៅថ្ងៃ៩ វិច្ឆិកា ២០២៣ ជាថ្ងៃបុណ្យឯករាជ្យជាតិខួបលើកទី៧០ ដែលប្រជាជនទាំងចាស់ ក្មេង ដឹងថាជាថ្ងៃដែលកម្ពុជាបានរំដោះខ្លួនចេញពីក្រោមអាណានិគមនិយមបារាំង ក្លាយជាប្រទេសមានឯករាជ្យដោយរស់មិនស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសណាឡើយ។ ខណៈពេលដែលកម្ពុជាកំពុងរៀបចំបុណ្យឯករាជ្យជាតិ មានការលើកឡើងពីទស្សនៈរបស់យុវជនខុសៗគ្នា ខ្លះនឹកឃើញពីស្នាព្រះហស្ថ​សម្តេច នរោត្តមសីហនុ ដែលរំដោះប្រទេសក្លាយជាប្រទេសឯករាជ្យ ហើយខ្លះទៀតក៏បកស្រាយនិយមន័យនៃពាក្យឯករាជ្យជាតិនៅកម្ពុជាទៅតាមការយល់ឃើញរៀងៗខ្លួន។ លើសពីនេះអ្នកនយោបាយមួយចំនួនក៏បានបញ្ចេញមតិជុំវិញថ្ងៃបុណ្យឯករាជ្យជាតិខាមុខនេះផងដែរ។

ជាទស្សនៈរបស់យុវតី សៀក សុជាតិ និស្សិតនៃសាកលវិទ្យាល័យមួយ យល់ថារាល់ពេលដែលនិយាយពីថ្ងៃ ៩ វិច្ឆិកា កញ្ញា តែងនឹករឭកដល់ស្នាព្រះហស្ថរបស់ព្រះបាទនរោត្តម សីហនុ ដែលទ្រង់ខិតខំទាមទារ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានឯករាជ្យភាព។

យុវតី សៀក សុជាតិ៖«ទាក់ទងនឹងបុណ្យឯករាជ្យជាតិហ្នឹង មិនត្រឹមតែខ្ញុំទេគឺពលរដ្ឋខ្មែរទាំងមូល ទូទាំងពិភពលោកគឺនឹកដល់ រំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជាក៏ដូចជារំលឹកដល់ស្នាព្រះហស្ថរបស់សម្តេច នរោត្តម សីហនុ ដែលទ្រង់បានខិតខំព្យាយាមឱ្យកម្ពុជាទទួលបានឯករាជ្យជាតិក៏ដូចជាសន្តិភាពដល់សព្វថ្ងៃនេះ។»

ចំណែក យុវជន ខឿន សុឃាង សម្តែងក្តីសប្បាយរីករាយស្របពេលដែលនិយាយអំពីប្រធានបទថ្ងៃបុណ្យឯករាជ្យជាតិ ដោយលោកមើលឃើញពីសារៈសំខាន់នៃថ្ងៃនេះ។ តាមរយៈការសិក្សាកន្លងមក និងការសង្កេតឃើញរបស់លោកទៅនឹងតថភាពសង្គមបច្ចប្បន្នលោកយល់ថាមានលក្ខណៈល្អប្រសើរ បើធៀបនឹងស្ថានភាព​មុនពេលកម្ពុជាមិនទាន់ទទួលបានឯករាជ្យ។

យុវជន ខឿន សុឃាង៖«បាទបង! ក្នុងនាមជាកូនខ្មែរមួយរូប ក្នុងនាមជាបញ្ញាវ័នដែលមកសិក្សាថ្នាក់វិទ្យាល័យហើយនេះដោយសារថ្ងៃស្អែកជាបុណ្យឯករាជ្យជាតិអ៊ីចឹងខ្ញុំ នឹកឃើញទៅដល់ស្នាព្រះហស្ថព្រះអង្គ(ព្រះបាទនរោត្ត សីហនុ) ដោយសារកន្លងមកហ្នឹងខ្ញុំដឹងព័ត៌មានដោយសារតែឪពុកម្តាយរបស់ខ្ញុំចាស់ៗកន្លងមកហ្នឹងគឺពេលដែលគាត់អត់ទាន់ទទួលបានឯករាជ្យហ្នឹងគឺគាត់មានការលំបាកខ្លាំងហាស៎គឺអត់ដូចសព្វថ្ងៃនេះទេ អ៊ីចឹងបន្ទាប់ពីឯករាជ្យមករាល់ថ្ងៃនេះគឺខ្ញុំឃើញថាមានការអភិវឌ្ឍច្រើន អ៊ីចឹងទៅខ្ញុំអាចមករៀននៅសាកលវិទ្យាល័យអីផ្សេងៗ បញ្ចេញមតិ អភិវឌ្ឍខ្លួននៅក្នុងសង្គម អ៊ីចឹងខ្ញុំទទួលបានថាឯករាជ្យហ្នឹងគឺមានសារៈសំខាន់មែនទែន។»

លើសពីនេះ ក៏មានការបញ្ចេញមតិពីលោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយលោកបានបង្ហាះសន្លឹកឯកសារ ដោយមានភ្ជាប់នឹងសារនៅលើបណ្តាញសង្គម ក្នុងន័យដាស់តឿនស្មារតីពលរដ្ឋឱ្យចង់ចាំពីការពិតនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យភាព ក្រោមការដឹកនាំរបស់សម្តេចនរោត្ត សីហនុ។

លោករៀបរាប់ក្នុងសារដើមថា«បុណ្យឯករាជ្យជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០២៣ សូមអាននិងចងចាំ ប្រវត្តិសាស្រ្តពិតប្រាកដ នៃប្រទេសកម្ពុជា ស្តីពី ព្រះរាជបូជនីយកិច្ច របស់ សម្តេចព្រះនរោត្តម សីហនុ ដើម្បីទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ក្នុងដើមទសវត្សរ៍ ឆ្នាំ ១៩៥០។ សូមពលរដ្ឋខ្មែរគ្រប់រូប អាននិងចងចាំប្រវត្តិសាស្រ្តពិតប្រាកដ នៃប្រទេសកម្ពុជា ដែលត្រូវបានជនក្បត់ជាតិ និងជនផ្តាច់ការ បំភ្លៃឲ្យខុសពីការពិត ដើម្បីស្រួលបោកបញ្ឆោតប្រជារាស្រ្តខ្មែរ។»

លើសពីការបញ្ចេញមតិនៃការយល់ឃើញចំពោះថ្ងៃបុណ្យឯករាជ្យជាតិ ក្នុងនោះក៏មានការលើកឡើងពីស្ថានភាពឯករាជ្យភាពរបស់កម្ពុជាបច្ចប្បន្ន។សម្រាប់កញ្ញា អឿង ឡៃហ៊ី និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មមើលឃើញថា មកទល់នឹងសព្វថ្ងៃកម្ពុជាពិតជាមានឯករាជ្យភាពពេញលេញ ដោយកញ្ញាសំអាងទៅលើការអភិវឌ្ឍខ្លួនរបស់កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់គឺមានការរីកចម្រើន ហើយលើសពីនេះកញ្ញាបន្ថែមថា ពលរដ្ឋមានឱកាសក្នុងការចាប់យកជំនាញ និងមានសិទ្ធិក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ រួមទាំងការបញ្ចេញមតិផងដែរ។

កញ្ញា អឿង ឡៃហ៊ី៖«ខ្ញុំយល់ឃើញថាបច្ចប្បន្ននេះប្រទេសយើងទទួលបានឯករាជ្យភាពពេញលេញហើយបង ដោយសាអ្វី? ដោយសារបច្ចប្បន្ននេះយើងមានសន្តិភាពព្រោះអីពាក្យសន្តិភាពមួយគឺសំដៅដល់ការរីកចម្រើនគ្រប់វិស័យ ដូច្នេះធ្វើឱ្យនិស្សិតឬក៏បញ្ញាវ័ន្តជំនាន់ក្រោយហ្នឹងទទួលបានការសិក្សាបានគ្រប់គ្រាន់ មានការអភិវឌ្ឍរីកចម្រើនទាំងទេសចរណ៍ ទាំងវិស័យអប់រំ ទាំងវិស័យផ្សេងៗទៀត សម្រាប់ខ្ញុំពាក្យថាឯករាជ្យពេញលេញហ្នឹង នឹងមិនសំដៅទៅដល់ការទទួលបានជំនួយ ឬក៏អ្វីទេ ដោយសារតែការទទួលបានជំនួយ យើងគិតថាពេលខ្លះជំនួយផ្តល់មកដោយឥតសំណង អ៊ីចឹងយើងត្រូវគិតថាគេផ្តល់មកដោយឥតសំណងហើយ យើងអត់ទទួលយក វារាងពិបាកដែរ តែបើគេផ្តល់មកដោយទាមទារសំណងហួសហេតុពេកក៏យើងអត់ទទួលយកដែរ។»

ចំណែកលោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ បានលើកឡើងពីចំណុចសំខាន់មួយចំនួនដែលកម្ពុជាត្រូវធ្វើ ដើម្បីប្រាកដថា កម្ពុជាមានឯករាជ្យភាពពេញលេញ។

លោក មាជ សុវណ្ណរ៉ា៖««សំខាន់នៅលើឆន្ទៈមេដឹកនាំកម្ពុជាបច្ចប្បន្ន គោលនយោបាយរបស់ខ្លួននែក៎ ប្រទេសស្មើមុខស្មើមាត់ដែលជាសមាជិកអង្គការសហប្រជាជាតិ ហើយប្រទេសដែលកើតមានសេរីពហុបក្ស ប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្រោយពីមាន២៣តុលា ឆ្នាំ១៩៩១នោះគឺមានថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស អ៊ីចឹងកម្ពុជាត្រូវឈរនៅលើអ្វីជារដ្ឋឯករាជ្យការពារអធិបតេយ្យភាព ដែលធានា និងការពារដោយរដ្ឋធម្មនុញ្ញ អ៊ីចឹងអ្នកដឹកនាំកម្ពុជាបច្ចប្បន្នដែលជាអ្នកបន្តវេន ជាអ្នកជំនាន់ថ្មី ឈាមថ្មី ចិត្តថ្មី គីតថ្មី ធ្វើថ្មីហាស៎ត្រូវធ្វើយ៉ាងមិចឱ្យមើលឃើញនៅលើឆាកអន្តរជាតិនែក៎ពិសេសមហាអំណាច មហាអំណាចចិន និងមហាអំណាចសហរដ្ឋអាមេរិកនែក៎កុំឱ្យលំអៀង។» 

ខុសគ្នាពីកញ្ញា អឿង ឡៃហ៊ី យុវជន ខឿង សុឃាង​ សង្កេតថាបើទោះបីជាកម្ពុជាមានការរីកចម្រើនក្តី ក៏ប៉ុន្តែលោកនៅតែចង់ឃើញកម្ពុជាក្លាយខ្លួនជាប្រទេសមួយដែលមានកត្តិនាមរីកចម្រើនគ្រប់វិស័យជាពីសេសគឺវិស័យអប់រំ។ ការណ៍ដែលលោកលើកឡើងបែបនេះព្រោះថាលោកមើលឃើញថាកម្ពុជានៅមិនទាន់មានឯករាជ្យភាពពេញលេញនៅឡើយ ដោយវិស័យខ្លះគឺនៅពឹងផ្អែកជំនួយបណ្តាប្រទេសមួយចំនួន ដែលនេះជាក្តីបារម្ភរបស់លោកខ្លាចកម្ពុជាមានបញ្ហាក្នុងករណីដែលប្រទេសជំនួយសម្លឹងឃើញផលប្រយោជន៍។

លោក ខឿង សុឃាង៖ខ្ញុំឃើញថាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះអត់ទាន់បានទទួលបានឯករាជ្យភាពពេញលេញទេ ដោយសពព្វថ្ងៃនេះខ្ញុំមានឃើញពីប្រទេសកម្ពុជាហ្នឹងគឺទទួលបានជំនួយពីបណ្តាប្រទេសផ្សេងៗ អ៊ីចឹងគឺទៅថ្ងៃមុខទៀតខ្ញុំចង់ មានគំនិតថាចង់ឱ្យកម្ពុជាហ្នឹងទទួលបានឯករាជ្យពេញលេញ ដើម្បីទទួលបានឯករាជ្យពេញលេញហ្នឹងក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំនឹងដុះខាត់សមត្ថភាពហ្នឹងឱ្យមានវិស័យធនធានមនុស្សឱ្យមានចំណេះដឹងទូលំទូលាយ ដើម្បីប្រទេសយើងរីកដុះដាលទៅមុខទៀតដើម្បីទទួលបានឯករាជ្យពេញលេញ។» 

ក្រឡេកទៅមើលទស្សនៈរបស់កញ្ញា អ៊ុំ ចាន់ថាច វិញ កញ្ញាយល់ថាកម្ពុជាគួរតែពង្រឹងខ្លួនជាវិស័យទៅលើផ្សេងៗឱ្យមានគុណភាព ដោយកញ្ញាអះអាងថា កញ្ញាចង់ឃើញកម្ពុជាក្លាយជាប្រទេសមួយដែលមានការអភីវឌ្ឍពឺងទៅលើសមត្ថភាព គុណភាពរបស់ធនធានយុវជននៅកម្ពុជាដោយមិនពឺងផ្អែកទៅលើជំនួយប្រទេសណាមួយឡើយ។

កញ្ញា អ៊ុំ ចាន់ថាច «ចំពោះខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញប្រទេសយើងផ្ទាល់ដែលជាប្រទេសកម្ពុជាហ្នឹងមានភាពរីកចម្រើនកាន់តែខ្លាំង របៀបឱ្យវារីកចម្រើនគ្រប់វិស័យដូចជាវិស័យទេចរណ៍ វិស័យកសិកម្ម ឧហ្សាហកម្មអីហ្នឹងហាស៎បងឱ្យវារីកចម្រើនកាន់តែខ្លាំងជាងមុន ហើយលក្ខណៈរស់ខ្លួនឯងមិនទទួលជំនួយពីបណញ្តាប្រទេសផ្សេងៗ តែក្នុងករណីមួយប្រសិនជាផ្តល់ជំនួយដោយឥតសំណងគឺពួកយើងបើកចិត្តទទួលយក ប៉ុន្តែបើពួកគាត់ផ្តល់ជំនួយដោយទាមទារសំណងបន្តិចបន្តួច ឬធំដុំដែលហួសពីលទ្ធភាពដែលយើងអាចផ្តល់ឱ្យគេបាន នោះពួកយើងត្រូវដកថយហើយគិតឡើងវិញ ហើយត្រូវវិភាគថាតើយើងគួរបន្តទទួលជំនួយពីគេ ឬក៏យើងត្រូវតែដើរផ្លូវដោយខ្លួនឯងជ្រើសរើសដោយខ្លួនឯង។

បុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ឆ្នាំហើយ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីអាណានិគមបារាំង៕

Share

ព័ត៌មានទាក់ទង

Image