ស្ដ្រីកម្ពុជាដ៏ល្បីល្បាញផ្នែកកីឡាប៊ីយែការ៉ុម ស្រួង ភាវី ត្រូវបានជ្រើសរើសឱ្យទទួលពាន Asia Special Award 2023 នៅកូរ៉េខាងត្បូង បានផ្ញើសមិទ្ធផលនេះជូនប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ដោយសង្ឃឹមថា ពានអន្ដរជាតិនេះ នឹងជាប្រយោជន៍ដល់ប្រទេសកម្ពុជា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលទទួលស្គាល់ពីទេពកោសល្យលើផ្នែកកម្សាន្តផ្សេងៗ ដូចជា ការបង្ហាញម៉ូត សម្តែង ច្រៀង និងសម្រស់ នៅអាស៊ី ដែលរៀបចំដោយ Asia Model Festival ត្រូវបានជ្រើសរើសអ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ែការ៉ុម ឱ្យទទួលពានរង្វាន់ Asia Special Award 2023។
អ្នកនាង ស្រួង ភាវី បានផ្ញើពានរង្វាន់នេះ ក៏ដូចជាសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ដល់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។ អ្នកនាងសង្ឃឹមថា រាល់ភាពជោគជ័យដែលកូនខ្មែរទទួលបាន សូមគាំទ្រ ស្រលាញ់ ផ្ដល់តម្លៃ ផ្ដល់កម្លាំងចិត្ត និងលើកស្ទួយដល់ពួកគាត់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅលើឆាកអន្តរជាតិ។
អ្នកនាង ស្រួង ភាវី តែងតែធ្វើសកម្មភាពមនុស្សធម៌ជាមួយកុមារកម្ពុជា ដោយការជួយផ្ដល់ជាសម្ភារៈ អគារសិក្សា និងនាំកុមារដែលមានជំងឺបេះដូងទៅព្យាបាលនៅប្រទេសកូរ៉េ ព្រមទាំងនៅកម្ពុជាផ្ទាល់ផងដែរ ដោយយកថវិកាដែលទទួលបានពីការប្រកួតបង្វែរធ្វើសកម្មភាពមនុស្សធម៌ទាំងអស់។ កាលពីពេលថ្មីៗនេះដែរ អ្នកនាងក៏បានធ្វើជាទូតសុឆន្ទៈរបស់អង្គការលំដាប់អន្ដរជាតិមួយ គឺ អង្គការ”ទាហ៊ានសម្រាប់ជួយសង្គ្រោះ”នៅកូរ៉េខាងត្បូង។ សារព័ត៌មានអន្តរជាតិដ៏ធំមួយរបស់ប្រទេសកូរ៉េបានចុះផ្សាយថា កីឡាការិនី ស្រួង ភាវី មានពន្លឺភ្លឺនៅទិសបូព៌ា ហើយចែងចាំងដល់ទិសបច្ចិម។ អត្ថន័យនៃការចុះផ្សាយនេះ គឺមានន័យថា ស្រួង ភាវី កំពុងមានភាពល្បីល្បាញនៅទ្វីបអាស៊ីខាងកើត ហើយឥឡូវនេះល្បីល្បាញដល់ទិសខាងលិច គឺដល់ទ្វីបអឺរ៉ុបទៀតផង។
សូមជម្រាបថាកម្មវិធីមហោស្រព Asia Model Festival នៅឆ្នាំ២០២៣នេះ ជាខួបលើកទី១៨ឆ្នាំ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ មហោស្រពនេះក៏ជាកម្មវិធីដែលឈានមុខគេមួយនៅក្នុងឧស្សាហកម្មម៉ូដ និងសម្រស់។
ក្រៅពីអ្នកនាងស្រួង ភាវី នៅមានសិល្បៈករខ្មែរមួយរូបទៀតក៏បានទទួលពានរង្វាន់ពីកម្មវិធីមហោស្រពនេះដែរ គឺលោក ទ្រី ដារាវុធ បានឈ្នះពានរង្វាន់ Model Star Award ពីAsia Model Festival ដែរ៕