en     km
en     km

កម្មកររោងចក្រMLរាប់រយនាក់តវ៉ាឱ្យថៅកែក្រុមហ៊ុនបើកប្រាក់ខែទៀងទាត់និងមិនកាត់អត្ថប្រយោជន៍ការងារ

Share

កម្មករ កម្មការិនីរោងចក្រមួយកន្លែងនាក្រុងប៉ោយប៉ែត បានចេញតវ៉ានៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុន បើប្រាក់ខែឱក្យបានទៀងទាត់ ខណៈដល់ថ្ងៃបើប្រាក់ខែ តែក្រុមហ៊ុនបានប្រកាសថាពន្យាពេលបើក។ មន្ទីរការងារខេត្តបន្ទាយមានជ័យថានឹងដោះស្រាយជាមួយក្រុមហ៊ុន ជូនកម្មករ តែរងចាំការសម្រចពីក្រសួងការងារសិន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្មករ កម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ អឹម អេល អ៊ីនធីមេត អាប់ផារៀល (ML Intimate Apparel)ជាច្រើនរយនាក់បានតវ៉ាឱ្យថៅកែក្រុមហ៊ុនបើកប្រាក់ខែទៀងទាត់ និងគ្មានកាត់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ។

ក្នុងសម្លៀកបំពាក់អាវពណ៌ផ្កាឈូក កម្មករ កម្មការិនី បានកាន់ក្រដាសដោយសរសេរថា ក្រុមហ៊ុនត្រូវបើកលុយឱ្យបានទៀងទាត់ និងខ្លះទៀតស្នើឱ្យក្រុមហ៊ុនគិតលុយតាមម៉ាស៊ីនឱ្យកម្មករវិញ។

ផ្អែកតាមប្រភពពីមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សសង់ត្រាល់ បានឱ្យដឹងថា ការផ្ទុះធ្វើសកម្មភាពតវ៉ារបស់កម្មករ លើបញ្ហាទាមទារប្រាក់ខែនេះ  ដោយសារខាងក្រុមហ៊ុន បានពន្យាពេលការបើកប្រាក់ខែជាញឹកញាប់ និងកាត់អត្ថប្រយោជន៍របស់កម្មករដូចជា ប្រាក់រង្វាន់ទៀងទាត់ប្រចាំខែ និងប្រាក់រង្វាន់លើតួនាទីផងដែរ។

គួរជម្រាបថា រោងចក្រML នេះមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង ក្នុងសង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា បានប្រាប់វិទ្យុស្ដ្រីថា លោកបានបញ្ជូនក្រុមការងារតាមដានករណីនៅព្រឹកមិញនេះ។

យោងតាមលោកប្រធានមន្ទីរការងារ ថារោងចក្រ MLត្រូវបើកប្រាក់ខែឱ្យកម្មករ កម្មការិនីលើកទី១នៅថ្ងៃនេះ តែដោយសារមានបញ្ហាស្ទះថវិកាទើបសុំពន្យាពេល ជាហេតុធ្វើឱ្យកម្មករធ្វើការតវ៉ា។

លោក នួន ស៊ីណា បញ្ជាក់ថាចាប់តាំងពីលោក ចូលកាន់តំណែងជាប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ កម្មករ កម្មការិនីនៃរោងចក្រផលិតសម្លៀកបំពាក់ML បានធ្វើការតវ៉ាចំនួន២ដងមកលើកក្នុងករណីដូចគ្នានេះ។ កាលពីលើកមុន មន្ទីរការងារបានហៅតំណាងក្រុមហ៊ុន និងកម្មករមកជជែកដោះស្រាយផងដែរ ព្រមទាំងតាមដានការសន្យារបស់ក្រុមហ៊ុនជាបន្តបន្ទាប់។ ចំណែកករណីនៅថ្ងៃនេះ នឹងអនុវត្តដូចកាលមុនដែរ ឱ្យស្របតាមនីតិវិធីនៃច្បាប់ស្ដីពីការងារ ដោយបញ្ជូនកំណត់ហេតុទៅក្រសួងការងារ និងរងចាំការសម្រេចពីក្រសួងមកវិញ។

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា នឹងជំរុញឱ្យមានរោងចក្រនៅតាមបណ្ដាខេត្ត ដែលអាចផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ តែយ៉ាងណាសង្គមស៊ីវិលបានដាក់ការព្រួយបារម្ភថា ឆ្ងាយពីខ្សែភ្នែកអាជ្ញាធរ និងសង្គមស៊ីវិលពេលមានបញ្ហាកើតឡើង។

លោកស្រី សុខ នី អនុប្រធានព័ន្ធសហជីពសេរីកម្មករ ធ្លាប់ប្រាប់វិទ្យុស្ដ្រីថា ពេលរោងចក្រនៅឆ្ងាយ នឹងមានកង្វះការយកចិត្តទុកដាក់ទៅលើផលវិបាករបស់កម្មករ កម្មការនី ខណៈមានបញ្ហាក្នុងទាមទារដំណោះស្រាយគឺអាចនឹងចាយពេលយូរ។

គួរម្លឹកឡើងវិញថា កាលពីការតវ៉ារបស់កម្មករ កម្មការិនីនៃរោងចក្រML កន្លងមកដោយសាររោងចក្រដែលមានថៅកែជាជនជាតិចិននេះ បានពន្យាពេលបើកប្រាក់ខែពី ២ដងក្នុងមួយខែ ទៅ៤ដងក្នុងមួយខែ ដែលខុសពីច្បាប់ការងាររបស់ក្រសួងការងារ ថែមទាំងបើកប្រាកខែមិនគ្រប់ចំនួនផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image