en     km
en     km

អ្នក​ខេត្តព្រះវិហារ​ជាង​ ១០០​ នាក់​ ទ្បើ​ង​មក​ក្រសួងមហាផ្ទៃ ​រក​ជំនួយ​រឿង​ជម្លោះដីធ្លី​

Share

cover-protesr-in-front-of-M.-of-Interior
ប្រជាពលរដ្ឋ​មក​ពី​ខេត្តព្រះវិហារ​ជាង​ ១០០​ នាក់​ នៅ​ថ្ងៃនេះ​ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ​ ដោយ​អ្នកខ្លះ​មាន​កាន់​បដា​ ខ្លះ​ទៀត​កាន់​រូបថត​សម្តេច​ ហ៊ុន​ សែន​ និង​បាន​ស្រែក​ទាមទារ​ឱ្យ​សម្តេច ​ហ៊ុន​ សែន​ និង​ សម្តេច​ក្រ​ទ្បា​ហោម​ ស​  ខេ​ង​ ជួយ​អន្តរាគមន៍​ និង​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គេ​ ដែល​ត្រូវ​បាន​អ្នកមាន​អំណាច​នៅ​ខេត្តព្រះវិហារ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

ប្រជាពលរដ្ឋ​ជាង​ ១០០​ នាក់​មក​ពី​ស្រុក​ជាំ​ក្សាន្ត​ នៃ​ខេត្តព្រះវិហារ​ បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ​ ដើម្បី​ឱ្យ​សម្តេច​ ស​ ខេ​ង​  ជួយ​ដោះស្រាយ​ប​ញ្ហ​ដីធ្លី​ ដែល​ពួក​គេ​ចោទ​ថា​ អ្នកមាន​អំណាច​ក្នុង​ខេត្ត​នេះ​បាន​រំលោភ​យក​។​

​អ្នក​តវ៉ា​ម្នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​ទាំង​អស់នោះ​ គឺ​អ្នកស្រី​អៀម​ សាវ៉ា​ន​ ។​ អ្នកស្រី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ថា​ គោលបំណង​សំខាន់​ដែល​អ្នកស្រី​ទ្បើ​ង​មក​តវ៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ​ គឺ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ ទាក់ទង​នឹង​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​អំណាច​នៅ​ខេត្តព្រះវិហារ​។​

អ្នកស្រី​ អៀម​ សាវ៉ា​ន​ បាន​ចោទប្រកាន់​ទៅ​លើ​លោក​ សួ​ស​ យ៉ា​រ៉ា​ ដែល​ជា​តំណាងរាស្ត្រ​ខេត្ត​នេះ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លោក​ ជុច​ ភឿន​ អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហា​រថា​ បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​ បាន​នាំ​យក​កងកម្លាំងប្រដាប់អាវុធ​ និង​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​គាត់​ ធ្វើ​ឱ្យ​គាត់​បាត់បង់​ផ្ទះសម្បែង​។​ អ្នកស្រី​ អៀម​ សាវ៉ា​ន​ សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ នឹង​ជួយ​ទាមទារ​ដីធ្លី​ឱ្យ​ពួក​គាត់​វិញ​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដូច​កាលពីមុន​វិញ​។​

«​ខ្ញុំ​ចង់បាន​និយាយ​ពី​រឿង​ដីធ្លី​ដែល​គេ​យក​ដី​ខ្ញុំ​ សួ​ស​ យ៉ា​រ៉ា​ និង​អ៊ុំ​ ម៉ា​រ៉ា​ ចៅហ្វាយខេត្ត​យក​ដី​ខ្ញុំ​ ឆ្នាំ​២០១១​ ដេញ​ខ្ញុំ​ចេញ​ ឈូស​ឆាយ​ផ្ទះ​ខ្ញុំ​ហ្នឹង​ បានជា​ខ្ញុំ​ហ្នឹង​អត់​មាន​កន្លែង​នៅ​ប៉ុន្មាន​ ៥-៦​ ឆ្នាំ​ហើយ​ ខ្ញុំ​ចាក​ចេញពី​ដី​ហ្នឹង​គ្មាន​ដីធ្លី​ដើរ​ជួល​ផ្ទះ​គេ​នៅ​សព្វថ្ងៃ​…»​។​

​តំណាង​អ្នក​តំ​វ៉ា​បញ្ហា​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ គឺ​លោក​ ផា​ន់​ ធឿ​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ គោលបំណង​ដែល​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ​នេះ​ គឺ​ដើម្បី​យក​ញត្តិ​មក​ដាក់​ឱ្យ​ក្រសួងមហាផ្ទៃ​ ជួយ​ដោះស្រាយ​ពី​បញ្ហា​ដីធ្លី​ ដែល​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រះវិហារ​បណ្តេញ​ ចេញពី​កន្លែង​ពួក​គាត់​រស់នៅ​។​

លោក​ ផា​ន់​ ធឿ​ន
លោក​ ផា​ន់​ ធឿ​ន

​លោក​ ផា​ន់​ ធឿ​ន​ បាន​បន្ថែម​ទៀត​ថា​ កន្លង​មក​លោក​ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ​ ឱ្យ​ជួយ​ដោះស្រាយ​ពី​ជម្លោះដីធ្លី​នេះ​ម្តង​រួច​មក​ហើយ​ តាម​រយៈ​អាជ្ញាធរ​ខេត្តព្រះវិហារ​ ប៉ុន្តែ​ពុំ​មាន​ដំណឹង​ពី​ដំណោះស្រាយ​នៃ​ការ​ដាក់​ញត្តិ​នោះ​ទាល់​សោះ​។​ លោក​ ថា​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ពួក​គាត់​សម្រេចចិត្ត​យក​ញត្តិ​មក​ដាក់​នៅ​ក្រសួង​មហាផ្ទៃ​ដោយ​ខ្លួនឯង​។​

​លោក​ ផា​ន់​ ធឿ​ន​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃនេះ​ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចូល​ជួប​មន្ត្រី​ធ្វើការ​នៅ​ខុទ្ទកាល័យ​សម្តេច​ ស​ ខេ​ង​ ដើម្បី​សួរនាំ​ពី​ការ​តវ៉ា​នេះ​ ដោយ​លោក​បញ្ជាក់​ថា​ មន្ត្រី​បម្រើ​ការងារ​នៅ​ខុទ្ទកាល័យ​បាន​ប្រាប់​លោក​ថា​ ញត្តិ​ដែល​តំណាង​ប្រជាពលរដ្ឋ​យក​មក​ដាក់​នៅ​ថ្ងៃនេះ​ ក្រសួងមហាផ្ទៃ​មិន​ទទួលយក​ទេ​ ដោយសារ​តែ​ក្រសួងមហាផ្ទៃ​បាន​ទទួលយក​ញត្តិ​នេះ​ម្តង​រួច​មក​ហើយ​ ហើយ​ក្រសួង​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដីធ្លី​នេះ​ផង​ដែរ​ ដោយ​ក្រសួង​នឹង​ផ្តល់​ដំណឹង​ទៅ​ប្រជាពលរដ្ឋ​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​

​លោក​ ផា​ន់​ ធឿ​ន​ សង្ឃឹមថា​ តាម​រយៈ​ការ​លើក​ទ្បើ​ង​របស់​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​នេះ​ នឹង​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​រស់នៅ​ទឹកដី​របស់​ពួក​គេ​វិញ​៖​ «​ខ្ញុំ​យក​ញត្តិ​ទៅ​ចូល​ខាងក្នុង​អម្បាញ់មិញ​ហ្នឹង​ គឺ​ខាង​ខុទ្ទកាល័យ​របស់​សម្តេច​ក្រ​ទ្បា​ហោម​ បាទ​ គាត់​ទទួល​ហើយ​ គាត់​ថា​ញត្តិ​នេះ​ខាង​អភិបាល​ខណ្ឌ​គាត់​បាន​ទទួល​ឱ្យមក​គាត់​ហើយ​ហើយ​អ​ញ្ចឹ​ង​គាត់​ចុះហត្ថលេខា​រួច​ហើយ​ មិន​អាច​ទទួល​យើង​បន្ត​ទៀត​ទេ​ព្រោះ​វា​ជាន់​គ្នា​..»​។​

​វិទ្យុ​ស្ត្រី​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តព្រះវិហា​ គឺ​លោក​ សួ​ស​ យ៉ា​រ៉ា​ ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​ អំពី​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល​។​

​ចំណែកឯ​លោក​ ជុច​ ភឿន​ អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ ដែល​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ដែរ​នោះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ លោក​ មិន​បានដឹង​ពី​ការ​ឈូស​ឆាយដី​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​នោះ​ទេ​។​ លោក​ ជុច​ ភឿន​បន្ត​ទៀត​ថា​ សព្វ​ថ្ងៃនេះ​លោក​ធ្វើការ​នៅ​តែ​ក្រសួង​វប្បធម៌​ទេ​ រឿង​ឈូស​ឆាយ​ដីធ្លី​នេះ​មិន​ប៉ះពាល់​ជាមួយ​លោក​ឡើយ​។​ លោក​ ជុច​ ភឿន​ បន្ថែម​ថា​ មាន​តែ​ប្រជាពលរដ្ឋ​ទេ​ ដែល​រស់នៅ​លើ​ដី​ហាមឃាត់​របស់​ក្រសួង​វប្បធម៌​ ដូច្នេះ​ក្រសួង​ត្រូវ​តែ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ដែល​បាន​ចែង​។​

«​រឿង​ឈូស​ឆាយ​ហ្នឹង​ខ្ញុំ​មិនដឹង​ឈូស​ឆាយ​អី​ទេ​។​ ខ្ញុំ​នៅ​តែ​ធ្វើការ​នៅ​ក្រសួង​វប្បធម៌​ទេ​ សព្វថ្ងៃ​ហ្នឹង​ ហើយ​ ៣-៤-៥-៦​ ខែ​មុន​ ខ្ញុំ​នៅ​កាន់​ព្រះ​វិហារ​ហ្នឹង​ ហើយ​រឿង​ឈូស​ឆាយ​ឈូស​អីហ្នឹង​ និយាយ​ឱ្យ​ចំ​ទៅ​គឺ​មិន​ប៉ះពាល់​ដល់​ខ្ញុំ​ទេ​…»​។​

​សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​មក​ពី​ ភូមិ​ស្វាយ​ជ្រុំ​ ភូមិ​ឫស្សី​ ឃុំ​ក​ន្តួ​ត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ពួក​គេ​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ មាន​ចំនួន​ ២៥៣​ គ្រួសារ​។​

​បើ​តាម​ញត្តិ​របស់​ពួក​គេ​ឱ្យ​ដឹង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១២​ លោក​ សួ​ស​ យ៉ា​រ៉ា​ អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ និង​លោក​ ជុច​ ភឿន​ អតីត​ប្រធាន​អាជ្ញារ​ធរ​ជាតិ​ព្រះ​វិហារ​ ជាមួយ​អាជ្ញាធរ​ខេត្ត​ បាន​នាំ​កងកម្លាំងប្រដាប់អាវុធ​ និង​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ រុះរើ​វាយ​កម្ទេច​ផ្ទះសម្បែង​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ ហើយ​បង្ខិតបង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ឱ្យ​ចាក​ចេញពី​ភូមិ​ ឃុំ​ខាងលើ​៕

Share

ព័ត៌មានទាក់ទង

Image