en     km
en     km

ស្វែងយល់ពីជំងឺមហារីកមាត់ធ្មេញ (Oral Cancer)

Share

ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះ កើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់(Primary Lesion) ដូចជាអញ្ចាញធ្មេញ អណ្តាត តំបន់ក្រោមអណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។ នេះបើតាមការឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត។


ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ (ប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas) ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ និងលើក្រអូមមាត់ជាដើម។
តាមការបង្ហាញពីមន្ទីរកាល់ម៉ែតដដែរ មូលហេតុនៃជំងឺមហារីកមាត់ធ្មេញនេះ អាចកើតឡើងដោយសារតែការប្រែប្រួលខុសប្រក្រតីនៃ DNA (Oncogenes are activated as a result of mutation of DNA)។ បន្ថែមពីនេះ កត្តាប្រឈមសំខាន់ៗដែលធ្វើឲ្យងាយកើតជំងឺមហារីកមាត់ធ្មេញមានដូចជា ការជក់បារី ការពិសារស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ និងមានកត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខានពីធ្មេញសិប្បនិមិ្មតដែលធ្វើឲ្យមុតជាដំបៅរ៉ាំរៃ និងអ្នកជំងឺខ្វះអាហារូបត្ថម្ភជាដើម។ មួយវិញទៀតគឺ កត្តាមេរោគ (Bacteria) ពពួកផ្សិត (Fungi) វីរុស ឧទាហរណ៍ប្រភេទវីរុស HPV16 ក៏ជាមូលហេតុនៃបញ្ហានេះដែរ។

ជំងឺមហារីកមាត់ធ្មេញនេះ នៅដំណាក់កាលដំបូងជាដុំ រឺ ដំបៅមានលក្ខណ:ស្លូត(Premalignant lesion)មានដូចជាៈ បន្ទះពណ៌ស (Leukoplakia), បន្ទះពណ៌ក្រហម (Erythroplakia) ឬ ដំបៅពណ៌ក្រហមលាយស (Mixed Red & white lesion),បន្ទះឆ្នូតស(Oral lichen planus), និងសាច់ដុំក្នុងមាត់ទ្បើងក្រិន(Oral Submucour Fibrosis )ជាដើម។ នៅដំណាក់កាលនេះ បំរែបម្រួលនៃកោសិកាមានតិចតួច ហើយអ្នកជំងឺមិនមានការឈឺចាប់នោះទេ។

ហើយការប្រែប្រួលនេះអាចកត់សម្គាល់ និងដឹងដោយទន្តបណ្ឌិត ជាពិសេសគឺការច្រឹបសាច់យកទៅវិភាគ (Biopsy)។ ការពិនិត្យតាមដាន និងការព្រឹក្សាក្នុងការព្យាបាលក្នុងដំណាក់កាលដំបូង ពិតជាមានសារៈសំខាន់មុនពេលកោសិកានេះក្លាយជាកោសិកាមហារីក នៅដំណាក់កាលខ្លាំងនឹងមានកោសិកាមហារីក (Carcinoma in situ)។

យ៉ាងណារោគសញ្ញានៃជំងឺមហារីកមាត់ធ្មេញ តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញដូចតទៅ៖ រោគសញ្ញាដំបូងមានដូចជា បន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហម។ រីឯដំណាក់កាលបន្តបន្ទាប់មានឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន មានជាដំបៅក្នុងមាត់ដែលមិនជានិងមានសភាពឈឺចាប់ ងាយក្នុងការហូរឈាមដុំសាច់ឡើងរឹង និងចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់។ បន្ថែមពីនេះ អាចមានឈឺក្នុងត្រចៀក ក្បាលហាមាត់មិនរួច ស្ទះផ្លូវដង្ហើម ពិបាកញ៉ាំ ស្រកទំងន់លឿន និងឡើងកូនកណ្តុរតាមតំបន់ក ផ្សេងៗ(Cervical lymphadenopathy) ។
ចំពោះការធ្វើរោគវិនិច្ឆ័យ គឺអាស្រ័យទៅលើទំហំប្រភេទនៃជំងឺ និងដំណាក់កាលនៃការវិវត្តន៍។ ហើយមានការពិនិត្យក្នុងមាត់ដូចជា ដុំសាច់រីកលូតលាស់លឿន មានសភាពរឹង និងងាយចេញឈាម។ ចំណែកឯការធ្វើរោគវិនិច្ឆ័យមានការច្រឹបសាច់យកទៅពិសោធន៍ (Biopsy) ដើម្បីបញ្ជាក់យ៉ាងច្បាស់ពីប្រភេទជំងឺមហារីកមាត់ធ្មេញ រួមទាំងការអង្កេតផ្សេងទៀតដូចជា ថតឆ្លុះកាំរស្មីអ៊ិច អឹមអរអាយ ស្កេននែរ (Panoramic X-ray, Chest X-ray CT Scan, MRI) ដើម្បីដឹងពីទីកន្លែង និងការរីករាលដាល។


តទៅនេះ គឺជាវិធីសាស្រ្តព្យាបាលនៃជំងឺមហារីកមាត់ធ្មេញនេះ ដែលការព្យាបាលនេះផងដែរគឺអាស្រ័យទៅតាមដំណាក់ការវិវត្តន៍នៃជំងឺ មានដូចជា ការវះកាត់យកដុំកោសិកាមហារីកចេញ (Radical Surgery) ការព្យាបាលដោយប្រើប្រាស់កាំរស្មី (Radiotherapy) ការព្យាបាលដោយប្រើប្រាស់ថ្នាំគីមី (Chemotherapy) ឬការរួមបញ្ចូលគ្នានៃវិធីសាស្ត្រព្យាបាលខាងលើ និងការព្យាបាលថែទាំដំណាក់កាលចុងក្រោយ (Palliative Theraphy)។


លើសពីនេះទៅទៀត គឺជាវិធីសាស្រ្តការពារជំងឺមហារីកមាត់ធ្មេញ ដែលក្នុងនោះត្រូវ ធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អស្អាតបញ្ឈប់ការជក់បារី ផឹកស្រា និងពិសារស្លាម្លូ។ បន្ថែមពីនេះ ក្នុងករណីមានដុំសាច់ ឬ ដំបៅ ឬភាពប្រែប្រួល មិនធម្មតាក្នុងមាត់ដែលបានកើតឡើងហើយមិនជា ឬបាត់ទៅវិញក្នុងរយៈពេល ២ទៅ ៣អាទិត្យសូមព្រឹក្សាជាមួយទន្តបណ្ឌិតឯកទេស។ ព្រមទាំងណាត់ជួបជាមួយទន្តបណ្ឌិតជារាងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញរបស់លោកអ្នក។
និងជាចុងក្រោយសូមសាធារណជនយល់ថា ការធ្វើរោគវិនិច្ឆ័យទាន់ពេលអាចកាត់បន្ថយនូវអត្រាស្លាប់ និងងាយស្រួលក្នុងការព្យាបាល៕

Share

ព័ត៌មានទាក់ទង

Image