ក្រោយពីមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋអំពីស្ថានភាពអាកាសធាតុ និងជំនន់ទឹកភ្លៀង សារព័ត៌មានមួយចំនួនបានចុះផ្សាយថាពីស្ថានភាពទឹកឱ្យមានការប្រុងប្រយ័ត្នថាទឹកស្ទឹងព្រែកត្នោនឹងហក់ឡើយ ទន្ទឹមនឹងភ្លៀងធ្លាក់ជាប់ៗគ្នា។ សារព័ត៌មានTVFB បានចុះផ្សាយថា «សូមតាមដាន និងប្រុងប្រយត្ន័! បើកទ្វារទឹកធំនៅទំនប់៧មករាចំនួន៤ រំដោះទឹកដែលធ្លាក់ពីខេត្តកំពង់ស្ពឺ»។ ចំណែក លោក មាស រិទ្ធី អគ្គនាយករង និងជាអ្នកគ្រប់ព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស ក៏បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួនថា «អ្នករស់នៅតាមដងស្ទឹងព្រែកត្នោត និងអ្នកនៅភ្នំពេញផ្នែកជាប់មាត់ស្ទឹងត្រៀមខ្លួនឲ្យហើយទឹកជំនន់ពីកំពង់ស្ពឺធ្លាក់មកហើយ,,ក្នុងចន្លោះ12ម៉ោងខាងមុខនឹងមកដល់,,រដ្ឋបាលខេត្តកំពង់ស្ពឺព្រមាន(17-10-2023)»។ ការផ្សព្វផ្សាយទាំងនេះត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។
ក៏ប៉ុន្តែព័ត៌មានទាំងនេះត្រូវបាន មន្ត្រីជំនាញច្រានចោល។ លោក ចាន់ យុត្ថា មន្ត្រីនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអះអាងថា ស្ថានភាពស្ទឹងព្រែកត្នោតមិនមានការហក់ឡើងខ្លាំងគួរឱ្យព្រួយបារម្ភឡើយ។ ហើយលោកណែនាំឱ្យពលរដ្ឋដែលនៅតំបន់សណ្ដរស្ទឹងព្រែកត្នោតកុំមានការភ័យព្រួយដូចការផ្សាយរបស់អ្នកសារព័ត៌មានខាងលើ។ សូមស្ដាប់ការលើកឡើងរបស់លោក ចាន់ យុត្ថា ដោយមេត្រី!