en     km
en     km

លោក Biden នឹង​ទៅ​អ៊ីស្រាអែល ខណៈ​សង្រ្គាម​នៅ​តំបន់ហ្គាហ្សា បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌

Share

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃពុធ សប្តាហ៍នេះ ខណៈដែលអ៊ីស្ត្រាអែលត្រៀមបង្កើនការវាយលុកប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលធ្វើឱ្យកើតមានវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា និងបង្កើនការភ័យខ្លាចលើជម្លោះកាន់តែធ្ងន់ធ្ងរជាមួយអ៊ីរ៉ង់។ លោក គីម ចាន់ចាវ រាយការណ៍

 

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden នឹងបង្ហាញពីការដើរតួយ៉ាងសំខាន់នៃការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្តកំពូលនៅមជ្ឈិមបូព៌ា បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១,៣០០នាក់ ក្នុងអំឡុងពេលការវាយលុកឆ្លងកាត់ទីក្រុងភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដែលជាថ្ងៃតែមួយដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៧ ខែតុលានេះ។

អ៊ីស្រាអែលបានឆ្លើយតបជាបឋម ដោយការរឹតបន្តឹងការបិទផ្លូវរបស់ខ្លួនលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស រួមទាំងការរឹតបន្តឹងការនាំចូលប្រេងឥន្ធនៈ និងការទម្លាក់គ្រាប់បែកនៅតំបន់នោះដោយការវាយប្រហារតាមអាកាស ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ និងបានជម្លៀសមនុស្សរាប់សែននាក់ទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានចរចាជាច្រើនម៉ោងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Tel Aviv កាលពីព្រឹកថ្ងៃអង្គារ ដោយនិយាយថា លោក Biden នឹងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។

លោក Blinken បានបង្ហើបប្រាប់អ្នកយកព័ត៌មានពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងទទួលបានព័ត៌មាន អំពីគោលបំណង និងយុទ្ធសាស្ត្រសង្រ្គាម។ លោក Blinken បានបន្ថែមថា “(ប្រធានាធិបតី Biden) នឹងលើកពីរបៀបដែលខ្លួននឹងធ្វើប្រតិបត្តិការ ក្នុងធមធ្យោបាយមួយដែលកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ហូរទៅកាន់ជនស៊ីវិលនៅតំបន់ហ្គាហ្សា តាមរបៀបដែលមិនផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស”។

ជុំវិញការវាយប្រហាររវាងក្រុមហាម៉ាស់និងកងកម្លាំងអ៊ីស្រាអែល បានបង្កជាភាពវឹកវរ និងអសន្តិសុខសុវត្ថិភាពនៅក្នុងតំបន់នេះ។  នៅក្នុងនោះ ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្រ្ទីបភាគខាងជើង ដោយទៅរកកន្លែងសុវត្ថិភាពផ្សេងដើម្បីជ្រកកោន។ នេះ​បើយោងតាមការឱ្យដឹងពីអង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ការសងសឹករបស់អ៊ីស្រាអែលនេះក្លាយជាការវាយប្រហារដ៏ព្រៃផ្សៃមួយក្នុងប្រវត្តិសាស្រ្តនៃការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល ដែលធ្វើឱ្យអារ៉ាប់ និងសហភាពអាហ្រ្វិកព្រមានអ៊ីស្រាអែលថា ការលុកលុយនេះអាចនាំឱ្យមានការប្រល័យពូជសាសន៍ក្នុងទំហំដែលមិនធ្លាប់មានពីមុនមក។ យ៉ាងហោចណាស់ មនុស្សនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីបចំនួន ២,៦៧០នាក់បានស្លាប់ ក្នុងនោះសុទ្ធសឹងតែប្រជាជនស៊ីវិលរបស់ប៉ាឡេស្ទីន៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង