en     km
en     km

គ្រួសារ​សព​លោក​ឈាង រ័ត្ន​ស្នើឱ្យ​បញ្ឈប់​ការចែករំលែក​និង​លុប​រូបភាព​ឬ​វីដេអូ​មិនសមរម្យ​ដែលបានបង្ហោះ

Share

 

ក្រុមគ្រួសារ​សព​លោក ឈាង រ័ត្ន នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣​នេះ បានចេញសេចក្ដីជូនដំណឹង ​ទទូច​ស្នើសុំ​ដល់​អ្នកសារព័ត៌មាន និង​សាធារណជន​ទាំងអស់ ដែល​បាន​បង្ហោះ​រូបភាព ឬ​វីដេអូ​ទាំងឡាយណា ដែល​មិន​គួរ​គប្បី​ពាក់ព័ន្ធ​នឹង​លោក ឈាង រ័ត្ន ឱ្យ​បញ្ឈប់​ការ​បង្ហោះ ចែករំលែក និង​លុប​ចេញ​ពី​គ្រប់​បណ្ដាញ​សង្គម រួមាន​ជាអាទិ៍​៖ បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​(Facebook) និង​ធី​ក​ថក់​(TikTok)​ជាបន្ទាន់​។​

​ការប្រកាស​ស្នើសុំ​យ៉ាងទទូច​បែប​នេះ​ពី​ ​ក្រុមគ្រួសារ​សព​របស់លោក ឈាង រ័ត្ន ខណៈដែលពួកគេកំពុងកាន់ទុក្ខ និងមមាញឹកក្នុងការរៀបចំពិធីបុណ្យសពនេះ ក្រោយ​ពី​មាន​អ្នកសារព័ត៌មាន និង​សាធារណជន​មួយចំនួន បាន​បង្ហោះ និង​ចែករំលែក​រូបភាព និង​វីដេអូ​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​សព​របស់លោក ឈាង រ័ត្ន ជា​ហូរហែ ដោយ​គ្មាន​ការអនុញ្ញាត​។ ក្រុមគ្រួសារ​សព​របស់​លោក ឈាង រ័ត្ន ចាត់ទុក​ទង្វើ​ទាំងនេះ​ថា ហាក់​មិន​បាន​ផ្ដល់​ការគោរព​សិទ្ធិ​បុគ្គល និង​ឱ្យ​តម្លៃ ហើយ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​នៃ​សព និង​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​របស់​ក្រុម​គ្រួសារ​ទាំងមូល​។​

 

​ លោក ឈាង រ័ត្ន ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ និង​ត្រូវ​ជា​ស្វាមី​របស់​លោកស្រី សុន្ទរ​រី ហៅ​ស្រី​អូន បាន​ទទួល​មរណភាព ​ដោយ​ការសន្និដ្ឋានបឋមថាជាការធ្វើអត្តឃាត​(​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​) កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣​។ មរណភាព​របស់​លោក​បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​លើ​បណ្ដាញ​សង្គម​ជា​ខ្លាំង ដ្បិតថា​លោក​គឺជា​បុគ្គលសាធារណៈ​មាន​អ្នក​ស្គាល់​ច្រើន និង​ធ្លាប់​ធ្វើ​កិច្ចការ​សង្គម និងមនុស្សធម៌​ជាច្រើន​ផងដែរ​។

ក្រុមគ្រួសាររបស់លោក ចាត់ទុកការបង្ហោះរូបភាព ឬវីដេអូ អំពីទិដ្ឋភាពករណីលោក ឈាង រ័ត្ន ពេលមរណភាពនេះ គឺមិនបានបង្ហាញពីសេចក្ដីថ្លៃថ្នូរ និងគុណធម៌ក្នុងនាមជាមនុស្ស និងធ្វើឱ្យសីលធម៌សង្គមជាតិទាំងមូលមានការធ្លាក់ចុះផងដែរ៕

Share

ព័ត៌មានទាក់ទង

Image