en     km
en     km

គណបក្សភ្លើងទៀន អំពាវនាវផ្ដល់លទ្ធភាពដល់ក្រុមគណបក្សខ្លួនប្រជែងការបោះឆ្នោត ក្រោយការចងសម្ព័ន្ធ

Share

សម្ព័ន្ធភាពឆ្ពោះទៅអនាគត របស់គណបក្សចំនួន៤ដែលមាននិន្នាការប្រជែងជាមួយគណបក្សកាន់អំណាច ត្រូវបានធ្វើឡើងជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលានេះ។ ទន្ទឹមនឹងការចងសម្ព័នគណបក្សនយោបាយនេះ តំណាងគណបក្សភ្លើងទៀន អំពាវនាវដល់អ្នកកាន់អំណាចផ្ដល់លទ្ធភាពដល់ក្រុមគណបក្សខ្លួនមានទីតាំងសម្រាប់ប្រជែងការបោះឆ្នោត។ លោក គីម ចាន់ចាវ រាយការណ៍

 

សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងក្លាយជាកម្លាំងចលករថ្មីមួយសម្រាប់ជាការជម្រុញ និងលើកទឹកចិត្តព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនាពេលអនាគត។ នេះជាការលើកឡើងរបស់ក្រុមគណបក្សចំនួន៤ ដែលបានចងសម្ព័ន្ធ ជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំស២០២៣នេះ។

គណបក្សចំនួន៤នោះ រួមមាន គណបក្សភ្លើងទៀន តំណាងដោយលោក សុក ហាច គណបក្សឆន្ទៈខ្មែរ តំណាងដោយលោក ផល ស៊ីថន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន តំណាងដោយលោក យ៉េង វីរៈ និងគណបក្សកែទម្រង់កម្ពុជា របស់លោកប៉ុល ហំម។ តំណាងគណបក្សទាំង៤អះអាងថា​ មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យពិតប្រាកដ ទើបអាចជាចលករមួយក្នុងការចូលរួមពង្រឹង និងលើកស្ទួយប្រកបដោយប្រសិទ្ធភាពនូវការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីសម្រេចគោលបំណងខាងនេះ ទើបពួកគេបាន បានព្រមព្រៀងគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះ ទៅអនាគត» ស្របតាមមាត្រា ៣៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ពាក់ព័ន្ធនឹងការចងសម្ព័ន្ធនេះលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ បានផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រីថា សម្ព័ន្ធភាពរបស់គណបក្សទាំង៤ គ្រាន់តែជាការរួមកម្លាំងគ្នាដើម្បីបំពេញចំណុចខ្វះខាតឱ្យគ្នា និងចែកតំបន់ឬខេត្តមូលដ្ឋានដើម្បីឈរឈ្មោះឬគៀងគរសំឡេងគាំទ្រឆ្នោតពីប្រជាពលរដ្ឋទេ ដែលជាការល្អប្រសើរមួយ ប៉ុន្តែមិនអាចឱ្យមានភាពខ្លាំងក្លាឡើយ។ អ្នកវិភាគរូបនេះយល់ថា ដើម្បីឱ្យសកម្មភាពនយោបាយរបស់ពួកគេខ្លាំងបាន លុះត្រាតែមានការប្របាច់បញ្ចូលគ្នាជាគណបក្សតែមួយ។

«ងាករួមគ្នាដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច គណបក្សប្រជាជន គឺចំណុចខ្លាំងកន្លែងហ្នឹង។ ក៏ប៉ុន្តែវាមិនទាន់ជាចំណុចខ្លាំងសម្រាប់បរិបទនៃគណបក្សនយោបាយតូចៗក្រៅរដ្ឋាភិបាលទាំងស្រុងទេ។ ខ្លាំងលុះត្រាតែពួកគាត់ទាំងអស់ហ្នឹងរួមគ្នាទៅជាគណបក្សតែមួយ បានន័យថាដូចករណីគណបក្សភ្លើងទៀន ហើយនឹងគណបក្សសិទ្ធិមនុស្ស រួមគ្នាកាលឆ្នាំ២០១៣កន្លងទៅហើយ ប្រកាសទៅជាគណបក្សសង្គ្រោះជាតិ អាហ្នឹងទើបជាចំណុចខ្លាំង។ លុះត្រាតែបក្សទាំង៤គៀងគរគណបក្សតូចៗដែលមានឆន្ទៈគណបក្សប្រជាធិបតេយ្យពិតប្រាកដហ្នឹងមកឈរជាមួយគ្នាទើបជាសក្ដានុពលដែលអាចប្រកួតប្រជែងគណបក្សកាន់អំណាចបាននៅអនាគតកាលបាទ»។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ

 

ជុំវិញគំនិតផ្ដួចផ្ដើមនេះ លោក សុខ ហាច តំណាងគណបក្សភ្លើងទៀន បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះដោយបង្ហើបថា ការបង្រួបបង្រួមរវាងគណបក្សដែលបានចងសម្ព័ន្ធទាំង៤ក្លាយជាគណបក្សតែមួយ អាចនឹងកើតឡើងនៅពេលណាមួយ។

«យើងអត់មានបំបាត់លទ្ធភាពទេ។ ម្នាក់ៗយើងថ្ងៃណាមួយយើងដើរលេងជាមួយគ្នាស្អីជាមួយគ្នាថ្ងៃណាមួយយើងរៀបការជាមួយគេ ខ្នើយមួយពីរនាក់ យើងធ្វើទៅ។ តាមការជាក់ស្ដែងដូច្នេះយើងអត់មានអ្វីដែលExclude…អ្វីដែលយើងច្បាស់លាស់ខ្លួនយើង..គឺថាយើងរួបរួមគ្នា ដើម្បីសម្ព័ន្ធភាពទៅអនាគតៗ គឺលទ្ធិប្រជាធិបតេយ្យ លទ្ធិស្អីៗហ្នឹង តែជាពិសេសគឺភាពចម្រុងចម្រើនរបស់ប្រជាជន»។

លោក សុខ ហាច តំណាងគណបក្សភ្លើងទៀន ក្នុងសន្និសីទកាសែត ប្រកាស «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»

សម្ព័ន្ធភាពឆ្ពោះទៅអនាគត បើកចំហសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយ ដែលមាន ទស្សនៈ គោលដៅ និងគោលជំហរនយោបាយដូចគ្នា ដើម្បីរួបរួមគ្នាសម្រេចគោលបំណងខាង ដោយឈរ លើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាពជាតិ។ នេះបើតាមការប្រកាសរួមរបស់គណបក្សទាំង៤។

នៅថ្ងៃដែលគណបក្សប្រឆាំងទាំង៤ចងសម្ព័ន្ធគ្នានេះ ខាងគណបក្សកាន់អំណាចឯណោះវិញ គឺមានគណបក្សតូចមួយប្រកាសចងសម្ព័ន្ធភាពជាមួយ។ នោះគឺគណបក្សគណបក្សខ្មែរតែមួយ របស់លោក គុជ លី។ តាមរយៈសេចក្តីប្រកាស គណបក្សខ្មែរតែមួយ បានលើកឡើងថា គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេស «តម្លៃសន្តិភាព» គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា។

ទន្ទឹមនឹងប្រកាសពីបំណងចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរតែមួយ ក៏បានអំពាវនាវដល់គណបក្សនយោបាយនានា ឱ្យចូលរួមបង្កើតសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជាផងដែរ ក្រោមហេតុផលដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅអនាគត។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងសន្និសីទកាសែត ប្រកាស «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»

ក្នុងពេលដែលមានការចងសម្ព័នគណបក្សនយោបាយនេះ តំណាងគណបក្សភ្លើងទៀន អំពាវនាវដល់អ្នកកាន់អំណាចផ្ដល់លទ្ធភាពដល់ក្រុមគណបក្សខ្លួនមានទីតាំងសម្រាប់ប្រជែងការបោះឆ្នោតផងដែរ ខណៈគណបក្សបក្សប្រឆាំងមួយនេះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ថ្មីៗនេះឡើយ ដោយគ.ជ.ប អះអាងថាគណបក្សនេះមិនមានច្បាប់ដើមនៃការចុះបញ្ជីគណបក្សនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image