en     km
en     km

​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើក​ពី​បញ្ហា​​ធំ​២ ​រាំងស្ទះ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​

Share

ទន្ទឹម​នឹង​ការលើកឡើង​អំពី​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​ខ្លះៗ​ដែរ ដែល​កម្ពុជា​ត្រូវ​ពុះពារ​ដោះស្រាយ ជាអាទិ៍​ទាក់ទង​នឹង​ការយល់ដឹង​អំពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ លោក គីម ចាន់ចាវ រាយការណ៍

 

លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ បានលើកឡើង​អំពី​សមិទ្ធផល​ក្នុង​ការអនុវត្ត​គោលការណ៍​គ្រឹះ​ទាំងឡាយ​នៃ​រដ្ឋធម្មនុញ្ញ ជាអាទិ៍​៖ ការរក្សា​ការពារ និង​គោរព​លើកតម្កើង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការអនុវត្ត​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជា​មូលដ្ឋានគ្រឹះ​នៃ​សណ្ដាប់ធ្នាប់​នយោបាយ​ទំនើប និង​ការ​ឈានឡើង​ជា​សង្គម​នីតិរដ្ឋ ដែល​ជា​រដ្ឋ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាដើម​។​​ លោកលើកឡើងសមិទ្ធផលនេះក្នុង​ទិវា​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ការប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃ​ទី​០៦ តុលា ឆ្នាំ​២០២៣។

​ ​ទន្ទឹម​នឹង​ការលើកឡើង​អំពី​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល​៣០​ឆ្នាំកន្លងមក លោក​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​ខ្លះៗ​ដែរ ដែល​កម្ពុជា​ត្រូវ​ពុះពារ​ដោះស្រាយ ជាអាទិ៍​ទាក់ទង​នឹង​ការយល់ដឹង​អំពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំងនោះ ​រួម​មាន​ចំណុច​គួរឱ្យ​កត់សម្គាល់​ចំនួន​ពីរ​គឺ​៖ បញ្ហា​ទី​១.​លក្ខណៈ​ជឿនលឿន​នៃ​រដ្ឋធម្មនុញ្ញ និង​និន្នាការ​សកល​នៃ​ច្បាប់​ថ្មីៗ​របស់​កម្ពុជា​ដែល​រង​ឥទ្ធិពល​នៃ​វប្បធម៌​ចម្រុះ មាន​កម្រិត​សកល​និង​លក្ខណៈ​បច្ចេកទេស​ខ្ពស់ ហើយ​ទាមទារ​នូវ​ពេលវេលា​សម្រាប់​ការបកស្រាយ ឬ​ពន្យល់​ជា​បន្តបន្ទាប់ និង​ខ្ជាប់ខ្ជួន​តាមរយៈ​ការពង្រឹង​ពង្រីក​យន្តការ​អប់រំ​បណ្ដុះបណ្ដាល និង​ការផ្សព្វផ្សាយ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រហូត​ដល់​មហា​ជន​។ ដំណោះស្រាយលោកថា កិច្ចការ​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ទាំង​ស្ថាប័នរដ្ឋ និង​គ្រប់​តួអង្គ​សង្គម ដើម្បី​រួមគ្នា​កសាង​សង្គម​នីតិរដ្ឋ សម្រាប់​ពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។ ដោយឡែក ស្ថាប័ន​អនុវត្ត​ច្បាប់ មាន​តួនាទី​សំខាន់​ក្នុង​កិច្ចការ​នេះ ទាំង​ភារកិច្ច​ផ្សព្វផ្សាយ​ច្បាប់ ទាំង​ការបំពេញ​សមត្ថកិច្ច​ផ្ទាល់​របស់​ខ្លួន ដោយ​ត្រូវ​ធ្វើជា​គំរូ​ដល់​មហាជន និង​ប្រកាន់ខ្ជាប់​សុចរិត​ភាព តម្លាភាព និង​ការទទួលខុសត្រូវ​។​

 

លោក​ អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ

ចំណែក​បញ្ហា​ទី​២ លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញាលើកពី កម្រិតយល់ដឹង​ទូទៅ​អំពី​យុត្តិធម៌​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដែល​លោក​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អះអាងថា អាច​នៅ​មាន​ការ​ប្រឈម​ក្នុង​ការអនុវត្ត​ជាក់ស្ដែង ដោយសារ​បរិវត្ត​កម្ម​នយោបាយ សេដ្ឋកិច្ច និង​ច្បាប់​ឈាន​ឡើង​លឿន ខណៈ​ដែល​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត អំពី​សិទ្ធិ​តាម​ផ្លូវច្បាប់ ទាក់ទង​នឹង​ការប្រើប្រាស់​អំណាច​របស់​ខ្លួន​តាមរយៈ​សាលាជម្រះក្ដី ដែល​អាច​នាំឱ្យ​មាន​គម្លាត​យុត្តិធម៌​សង្គម​ក្នុង​ករណី​ខ្លះ​។ ​

​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ដែល​ត្រូវបាន​អនុម័ត​ដោយ​សភាធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​១៩៩៣​ ហើយព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោត​ម្ត សីហនុ អតីតព្រះមហាក្សត្រ​បាន​ឡាយ​ព្រះ​ហត្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើរ​ដ្ឋ​ធម្មនុញ្ញ​នេះ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣​ ដែលមកទល់នឹងពេលនេះ ​អាយុកាល​គម្រប់​៣០​ឆ្នាំ​ហើយ​។ ក្នុង​ដំណើរការ​អនុវត្ត​រយៈ​ពេល​៣០​ឆ្នាំ​មកនេះ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ត្រូវបាន​ធ្វើ​វិសោធនកម្ម​ចំនួន​១០​លើក និង​ត្រូវបាន​បង្កើត​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន​មួយ ដោយ​អនុវត្ត​ស្រប​តាម​នីតិវិធី​ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​របស់​សង្គម ពិសេស​នៅ​ចំពោះមុខ​ករណី​នៃ​ការជាប់គាំង​ផ្នែក​ច្បាប់ និង​នយោបាយ ដែលចាំបាច់ត្រូវស្រាយ​៕

 

Share

ព័ត៌មានទាក់ទង

Image