en     km
en     km

អាជ្ញាធរប្រកាស​ពីការ​រឹតត្បិត​ការលេងល្បែងក្នុងកាស៊ីណូ

Share

ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាឱ្យបានចំពោះបុគ្គលមួយចំនួនដែលត្រូវបានរឹតត្បិតមិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីណែនាំស្តីពី ការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា។

សេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម៖

១៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។

២៖ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។

៣៖ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។

៤៖ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។

៥៖ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។ ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ។

ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាថា បុគ្គលដែលត្រូវបានរឹតត្បិតខាងលើ មិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានធ្វើការណែនាំដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ចំនួន៥ចំណុចដែលរួមមាន៖

១៖ ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង

២៖ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រក-ទ្វារចូលបរិវេណកាស៊ីណូ

៣៖ ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែងរបស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព

៤៖ ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និងបណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និង

៥៖ ត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន៕

Share

ព័ត៌មានទាក់ទង

Image