en     km
en     km

សកម្មជនដីធ្លីកោះកុង២នាក់ ត្រូវបានដោះលែងបណ្ដោះអាសន្ន ក្រោយជាប់ឃុំជិត១០០ថ្ងៃ

Share

អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី​ ​សេង​ ​លីន ដែលជាប់ពន្ធនាគារ ជិត១០០ថ្ងៃមកហើយ ដោយសារតែជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជននៅខេត្តកោះកុង ពេលនេះ អ្នកទាំងពីរត្រូវបានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ សម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីសិទ្ធិមនុស្សស្នើអាជ្ញាធរ អាជ្ញាធរងាកមកជំរុញដើម្បីរកដំណោះស្រាយជូនសកម្មជនដីធ្លីខាងលើ ជាជាងការរុញរឿងនេះដោះស្រាយនៅតុលាការ។លោក គីម ចាន់ចាវ រាយការណ៍

 

ការសម្រេចដោះលែងនេះ ធ្វើឡើងក្នុងសវនាការ នៅព្រឹកថ្ងៃទី០៥ ខែតុលានេះ។ ជាសវនាការដែលមានអ្នកតាមដានជាច្រើន និងមានការតវ៉ាទាមទារឱ្យដោះលែង សកម្មជនដីធ្លីទាំងពីរ ពីសំណាក់ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ដែលបានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍។ លោក ហង់ វាសនា កូនប្រុសអ្នកស្រី ផាវ ញ៉ើង បានប្រាប់វិទ្យស្ត្រីនៅរសៀលថ្ងៃទី០៥ ខែកញ្ញា​នេះថា មេធាវីកំពុងធ្វើអន្តរាគមន៍លើករណីនេះ។

«តុលាការ និងមេធាវី កំពុងសហការគ្នាធ្វើឯកសារហ្នឹង ដើម្បីយកឯកសារហ្នឹង ដើម្បីដោះលែង..»

លោក ហង់ វាសនា កូនប្រុសអ្នកស្រី ផាវ ញ៉ើង នៅមុខសាលាឧទ្ធរណ៍ព្រះសីហានុ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣

អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី​ ​សេង​ ​លីន រួមជាមួយសកម្មជនដីធ្លីមួយចំនួនទៀតដែលមានគ្នាប្រមាណជាង១០នាក់ ត្រូវបានសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន ក្នុងពេលឃាត់រថយន្តតំណាងសហគមន៍ភូមិព្រលាន នៅថ្ងៃទី២៩ ខែមិថុនា ដែលគ្រោងធ្វើដំណើរពីសហគមន៍របស់ពួកគេនៅខេត្តកោះកុង ឡើងមកដាក់ញត្តិស្នើសុំក្រសួងយុត្តិធម៌រកយុត្តិធម៌នៅភ្នំពេញ។

អ្នកស្រី ផាង ញ៉ើង (រូបភាពឯកសារ)

ក្នុងនោះតំណាងសហគមន៍ចំនួន៩នាក់ ដែលមានសកម្មជនទាំងពីរខាងលើផងនោះ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់។ ក៏ប៉ុន្តែអ្នកទាំងនោះបានប្ដឹងទាស់ទៅសាលឧទ្ធរណ៍ខេត្តព្រះសីហនុ ហើយសកម្មជន​ដីធ្លី​ខេត្ត​កោះ​កុងទាំង​៩​នាក់​ ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយការឃុំខ្លួនអស់រយៈពេល២ខែ​ ​ប៉ុន្តែ​ពួកគេ​ ​នឹង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​។​ ​

ទោះយ៉ាងណា ក្រោយការសម្រេចនេះ អ្នកស្រី ផាវ ញ៉ើង និង​អ្នកស្រី​ ​សេង​ ​លីន មិនអាចត្រូវបានដោះលែងនោះទេ ដោយអ្នកទាំងពីរ ​រងការ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​១​ឆ្នាំ​ ​ក្នុង​ករណី​ផ្សេង​មួយទៀត​ ​ដែល​ពួកគេ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​បរិ​ហា​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​របស់​ពួកគេ​។​

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ យល់ថាជាដំណើរការល្អមួយក្នុងដំណើការនីតិវិធី មុនអង្គសេចក្ដី ដ្បិតអង្គសេចក្ដីមិនទាន់បានជំនុំជម្រះប៉ុន្តែតាមការស្នើសុំរបស់មេធាវីតុលាការអាចសម្រចឱ្យអ្នកទាំងពីរអាចនៅក្រៅឃុំចំរដូវកាលបុណ្យទាន។

«ជារឿងល្អដែលពួកគាត់ ហើយរដូវនេះជារដូវភ្ជុំផង ពួកគាត់អាចជួបជុំគ្រួសារវិញ ហើយបានធ្វើបុណ្យធ្វើទាននៅរដូវបុណ្យភ្ជុំនេះជាមួយនឹងក្រុមគ្រួសារណា៎»

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ 

ប៉ុន្តែ អ្នកជំនាញសិទ្ធិមនុស្សរូបនេះ អះអាងថា ទោះជាត្រូវបានដោះលែងបណ្ដោះអាសន្នក្ដី ពួកគេបានរងនូវភាពអយុត្តិធម៌រួចទៅហើយ។ លើករណីនេះលោកស្នើឱ្យអាជ្ញាធរងាកមកជំរុញដើម្បីរកដំណោះស្រាយជូនសកម្មជនដីធ្លីខាងលើ ជាជាងការរុញរឿងនេះដោះស្រាយនៅតុលាការ។

«ដោយសារពួកគាត់ជាសកម្មជនដីធ្លី ជាតំណាងសកម្មជនដីធ្លី ហើយធ្វើការសកម្មនៅក្នុងការទាមទារ ធ្វើការតស៊ូមតិដើម្បីរកដំណោះស្រាយដីធ្លី ប៉ុន្តែពួកគាត់ត្រូវបានជាប់ បណ្តឹងជាច្រើននៅតុលាការ ហើយមានការកាត់ក្តីរហូតដល់មានការចាប់ឃុំខ្លួនគាត់ជាបន្តបន្ទាប់ នេះជារឿងដែលអយុត្តិធម៌ចំពោះគាត់ ដែលបញ្ហាដីធ្លីវាគួរណាស់តែអាជ្ញាធរហ្នឹង ជួយសម្របសម្រួលនិងជំរុញផ្តល់ដំណោះស្រាយដីធ្លីនេះឱ្យបានឆាប់ និងជារឿងមួយដែលល្អ ហើយការមួយដែលជួយដល់ពលរដ្ឋ។ មិនមែនយកមធ្យោបាយនៃការប្តឹង ការចាប់ខ្លួន ការគំរាមគំហែង ការបំផិតបំភ័យទាំងក្នុងសហគមន៍ ឬតំណាងសហគមន៍ជាដោះស្រាយ វាអត់ល្អទេ»។

 

ក្រុមសកម្មជននៃសហគមន៍ព្រលានខេត្តកោះកុង បានតស៊ូនឹងជម្លោះដីធ្លីនេះជាច្រើនចាប់តាំងពីឆ្នាំ២០០៦ បន្ទាប់ពីក្រុមហ៊ុនដែលមាន ទំនាក់ទំនងជាមួយឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ បានវិនិយោគដំណាំស្ករអំពៅលើដីសហគមន៍។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់សកម្មជន ក្នុងការការពារដីធ្លីរបស់ពួកគេ តែមានការរកាំរកូសជាមួយអាជ្ញាធរ ខណៈដែលក្រុមរបស់ពួកគេជារឿយៗតែងធ្វើសកម្មភាពតវ៉ា និងដាក់ញត្តិស្នើសុំក្រសួងស្ថាប័នរដ្ឋដែលពាក់ព័ន្ធជួយអន្តរាគមន៍លើវិវាទរ៉ាំរ៉ៃនេះ៕

 

Share

ព័ត៌មានទាក់ទង

Image