en     km
en     km

ក្រសួងព័ត៌មានដាក់កំហិត លើអ្នកសារព័ត៌មានជាង៨០០ស្ថាប័ន ដែលទទួលថវិកាពីកាស៊ីណូថបដាយអឹម៉ិន នៅតាកែវ

Share

ក្រុមហ៊ុនកាស៊ីណូថបដាយអឹម៉ិន (TOP DIAMOND CASINO)។ រូបភាព៖ CNC TV

ភ្នំពេញ៖ បន្ទាប់ពីមានការតាមដានអស់រយៈពេលជិតមួយខែ ករណីក្រុមហ៊ុនកាស៊ីណូថបដាយអឹម៉ិន ចេញសេចក្តីព័ត៌មានថា មានអ្នកសារព័ត៌មានមកពីអង្គភាពរហូតជិតទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំថវិកាខ្លួន នោះ បច្ចប្បន្នត្រូវបានគេរកឃើញថាពិតជាមានករណីបែបនេះពិតមែន។ លើសពីនេះ ក្រសួងព័ត៌មានក៏បានប្រកាសដាក់កំហិតដល់អ្នកសារព័ត៌មានទាំងនោះឱ្យចូលខ្លួនសារភាព ហើយទាមទារឱ្យក្រុមហ៊ុនធ្វើបញ្ជីរាយនាមបណ្ដាអង្គភាពសារព័ត៌មានដែលពាក់ព័ន្ធ ជាមួយនឹងហេតុផលដែលត្រូវផ្តល់ប្រាក់ទៅពួកគេ បញ្ជូនទៅក្រសួងព័ត៌មាន។

កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍

ករណីដែលក្រុមហ៊ុនកាស៊ីណូឈ្មោះ ថបដាយអឹម៉ិន(TOP DIAMOND CASINO) ដែលមានទីតាំងនៅព្រំព្រទល់ខេត្តតាកែវ ចេញលិខិតជាសាធារណថាមានអ្នកសារព័ត៌មានរហូតដល់ជិត៩០០អង្គភាព បានយកថវិកាពីខ្លួន បានបង្កើតជារូបភាព និងរឿងរ៉ាវមួយដែលមហាជនមានការភ្ញាក់ផ្អើល ហើយបញ្ចេញទស្សនៈផ្សេងៗគ្នា។ ជុំវិញការជជែកទៅលើប្រធានបទនេះ ក៏បណ្តាលឱ្យមានសាធារណជនមួយចំនួនងឿងឆ្ងល់ ថាតើពិតជាមានអ្នកសារព័ត៌មានទទួលការឧបត្ថម្ភពីកាស៊ីណូមែនឬយ៉ាងណា? ហើយបើមានមែនតើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាអាចនឹងធ្លាក់ដល់កម្រិតណា?

ជាការឆ្លើយតប ក្រោយផ្ទុះចំណាប់អារម្មណ៍ពីសំណាក់មហាជនដែលប្រើប្រាស់បណ្តាញសង្គមជជែកលើបញ្ហានេះ ក៏បណ្តាលឱ្យសមត្ថកិច្ច និងក្រសួងព័ត៌មានបើកការស្រាវជ្រាវដើម្បីធ្វើការផ្ទៀងផ្ទាត់ថាពិតឬមិនពិត។ គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ​មានរយៈពេលជិតមួយខែហើយដែលភាគីពាក់ព័ន្ធធ្វើការតាមដានទៅលើព័ត៌មានមួយនេះ ហើយបច្ចប្បន្នត្រូវបានគេរកឃើញថាពិតជាមានបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗទទួលប្រាក់ពីកាស៊ីណូថមដាយអឹម៉ិននេះ គឺជាការពិត។

ជាក់ស្តែង​លោក លោក ជៀម ថៃ ប្រធានការិយាល័យមន្ទីព័ត៌មានខេត្តតាកែវ ដែលជាអ្នកចូលរួមតាមដានលើរឿងនេះផ្ទាល់ ប្រាប់វិទ្យុស្រ្តីថា ជាលទ្ធផលបន្ទាប់ពីចំណាយពេលធ្វើការសើបអង្កេតលើបញ្ហាកន្លងមកបង្ហាញថាជាការពិតដែលមានករណីអ្នកសារព័ត៌មានទៅយកប្រាក់ពីក្រុមហ៊ុនកាស៊ីណូ ដោយលោកអះអាង ទៅលើទិន្នន័យដែលរកឃើញគឺមានដល់ទៅជាង៨០០ស្ថាប័ន។

យ៉ាងណាមិញពាក់ព័ន្ធទៅនឹងហេតុផលនៅពីក្រោយដែលក្រុមហ៊ុនកាស៊ីណូត្រូវផ្តល់ការឧបត្ថម្ភទៅកាន់អ្នកសារព័ត៌មានទាំងនោះ  សមត្ថកិច្ចនៅមិនទាន់រកឃើញនៅឡើយទេ ដោយលោក ជៀម ថៃ និយាយថាភាគីកាស៊ីណូផ្ទាល់មិនបានបញ្ជាក់ប្រាប់។

លោក ជៀម ថៃ៖« បាទ!ប្រាំបីរយជាងហ្ន៎ បាទហើយយើងក៏មិនដឹងថាមិចដែរពីព្រោះថាវាគ្មានអំណះអំណាងណាមួយខាងនោះគេទម្លាយមកឱ្យចំមុខដែរ មិនដឹងថាគេគិតមិចទេបានធ្វើចឹងណាស់ ហើយបើថាគេដាក់កំហុសមកអ្នកព័ត៌មានគេអត់ដាក់កំហុសអីទេ គេគ្រាន់តែថាគេចេញឧបត្ថម្ភឱ្យអីចឹងទៅណាស់»

ជុំវិញបញ្ហានេះ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រកាសព័ត៌មានទៅកាន់បណ្តាអ្នកសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធទទួលថវិការ ពីកាស៊ីណូឈ្មោះ ថប់ដាយអឹម៉ិន ឱ្យចូលខ្លួនសារភាព ដោយក្រសួងដាក់កំហិតក្នុងរយៈពេលមួយខែយ៉ាងយូរ។ លើសពីនេះក្រសួងបានទុកពេល២សប្តាហ៍យ៉ាងយូរគិតចាប់ពីថ្ងៃប្រកាសនេះតទៅ ដើម្បីឱ្យ ក្រុមហ៊ុនធ្វើបញ្ជីរាយនាមបណ្ដាអង្គភាពសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួន និងភ្ជាប់ជាមួយរបាយការណ៍បំភ្លឺអំពីមូលហេតុនៃការផ្ដល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗទៅកាន់អ្នកសារព័ត៌មាន រួចបញ្ជូនទៅក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានបានព្រមានចំៗថា បើក្នុងករណីអ្នកសារព័ត៌មានទាំងនោះ មិនព្រមបញ្ឈប់សកម្មភាពដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មានទេ គឺពួកគេនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។

ក្រសួងព័ត៌មាន និងសមត្ថកិច្ច បើកការស៊ើបអង្កេត និងឈានដល់ធ្វើការព្រមានធ្ងន់ៗបែបនេះ ដោយសារតែកាស៊ីណូខាងលើចេញ លិខិត​ជា​សាធារណៈកាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ​ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា«មាន​អ្នកសារព័ត៌មាន​មកពី​អង្គភាព​ប្រមាណ​៧០០​ទៅ​៩០០​អង្គភាព មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការសុំ​លុយកាក់ និង​បាន​ទទួល​ការឧប្ថម្ភ​ពី​ក្រុមហ៊ុន​កាស៊ីណូ​»

 

 

Share

ព័ត៌មានទាក់ទង

Image