ថ្មីៗនេះផេកផ្លូវការរបស់សាលាបឋមសិក្សាដំណាក់ក្សាន្តបានបង្ហោះរូបភាពចំនួន០៣សន្លឹក ដែលមានគ្រូបង្រៀន និងសិស្សអង្គុយក្នុងរោងដោលចាស់ដែលជាថ្នាក់រៀនរបស់ពួកគេ ក្នុងទិដ្ឋភាពទឹកលិចដល់ជង្គង់។ រូបភាពនោះត្រូវបានបង្ហោះជាមួយខ្លឹមសារថា«ពួកយើងចង់បានអគារល្អ រៀននឹងគេដែរ»។ ក្រោយផ្ទុះការចាប់អារម្មណ៍ ភាគីពាក់ព័ន្ធបានចុះអន្តរាគមន៍ និងបកស្រាយពីបញ្ហានេះ។ លោក គីម ចាន់ចាវ រាយការណ៍
រូបភាពសិស្សនិងគ្រូបង្រៀននៅក្នុងថ្នាក់រៀនចាស់ ដែលកំពុងលិចទឹកនេះ ធ្វើឱ្យសារណជនមានការងឿងឆ្ងល់ថា តើរូបភាពនេះជាការពិតឬទេ? ហើយពួកគេកំពុងតែតស៊ូរៀនសូត្រក្នុងពេលដែលទឹកកំពុងលិចឬក៏យ៉ាងណា? មិនតែប៉ុណ្ណោះរូបភាព៣សន្លឹកនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្ដាញសង្គម ដែលជំរុញឱ្យមានការយកមកផុស និងចែកចាយ ដោយបន្ថែមនូវការបញ្ចេញមិតិក្នុងន័យងឿងឆ្ងល់ និងរិះគន់ពីភាពខ្វះខាតនេះ។ ទាំងនេះជាចម្ងល់ជុំវិញទិដ្ឋភាពសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
ក្រោយផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញសង្គម គណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សាដំណាក់ក្សាន្ត បានប្រកាសថា ទិដ្ឋភាពដែលសិស្សសាលានិងគ្រូនៅក្នុងថ្នាក់នៅពេលទឹកលិចនេះ ធ្វើឱ្យមានការយល់ច្រឡំថា លោកគ្រូកំពុងបង្រៀនសិស្សក្នុងទឹក។ ក៏ប៉ុន្តែគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សាដំណាក់ក្សាន្ត បកស្រាយថា នៅថ្ងៃទី៣ ខែតុលានោះ វេលាម៉ោង១រសៀលរហូតដល់ម៉ោង ២រសៀល លោកគ្រូនិងសិស្សបានបង្រៀននិងរៀនជាធម្មតា។ លុះដល់ម៉ោង២ និង៣០នាទីរសៀល ភ្លៀងក៏ ចាប់ផ្តើមធ្លាក់។ ដោយសាតែប្រភពទឹក៣ច្រកហូរបុកមកចូលបរិវេនសាលាតែមួយ ធ្វើឱ្យជំនន់ទឹកភ្លៀងកើន ឡើងយ៉ាងឆាប់រហ័ស សម្ភារដូចជា បង្គី អំបោស ធុងសំរាម អណ្ដែតពាសពេញផ្ទៃទឹក នាំឱ្យកុមាររត់ចេញពី បន្ទប់ដើម្បីស្រង់យកសម្ភារទាំងនោះត្រឡប់មកវិញ ជាហេតុធ្វើឱ្យសិស្សមានសភាពសើម។ ឃើញដូចនោះ លោកគ្រូបន្ទុកថ្នាក់ក៏បានហៅសិស្សឱ្យចូលបន្ទប់រៀនវិញ រួចធ្វើការណែនាំកុំឱ្យលេងទឹកកខ្វក់ និងត្រូវចេះ ការពារខ្លួនពីទឹកជំនន់ដើម្បីបង្ការការពារគ្រោះថ្នាក់។ បន្ទាប់មក លោកគ្រូបានឱ្យពួកគាត់ត្រឡប់ទៅផ្ទះដោយ ផ្អាកការបង្រៀននិងរៀននាពេលនោះផងដែរ។
ចំណែកក្រសួងអប់រំយុវជននិងកីឡា បានប្រកាសបកស្រាយករណីនេះស្រដៀងនឹងគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សាដំណាក់ក្សាន្តផងដែរ ដោយបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា។
ក្រសួងអប់រំក៏បានបញ្ជាក់ពីទិន្នន័យរបស់សាលាបឋមសិក្សានេះផងដែរថា «ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា ១ខ្នង ៥បន្ទប់ និង មានរោងដោល ១ ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ ស្រី ២នាក់ និងមានសិស្សសរុប ៣៦៦នាក់ ស្រី ១៧៤នាក់ ចែកចេញជា ១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យ ជាដើម»។
ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ ជាអាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀននិងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។
ទន្ទឹមនឹងដំណោះស្រាយក្រសួងអប់រំក៏បានអះអាងដែរថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យ តម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើនមកហើយក្ដី៕