en     km
en     km

ករណីស្ត្រីម្នាក់រងហិង្សាត្រូវគេយកលាមកដាក់មាត់ និងយកម្ទេសញាត់ប្រដាប់ភេទនៅកំពត ជាការពិតឬទេ?

Share

ដោយនៅតែមិនអាចទទួលយកបាននូវការសម្រេចរបស់ប្រព័ន្ធតុលាការថ្នាក់ក្រោម ស្ដ្រីជនរងគ្រោះនៃអំពើហិង្សាម្នាក់នៅខេត្តកំពត បានចេញមុខម្ដងជាពីរដង ស្រែកទាមទារឱ្យតុលាការកំពូល រកយុត្តិធម៌ និងកិត្តិយសដល់ខ្លួនករណីស្ត្រីដែលរងហិង្សាត្រូវគេយកលាមកដាក់មាត់ និងយកម្ទេសញាត់ប្រដាប់ភេទ។ លោក គីម ចាន់ចាវ រាយការណ៍

 

ការចែករំលែកវីដេអូករណីស្ដ្រីវ័យក្មេងម្នាក់រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត បានរងអំពើហិង្សាវាយដំរាងកាយ និងម៉ាក់ងាយកិត្តិយសយ៉ាងខ្លាំង មានការចាប់អារម្មណ៍តាមដានជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយស្ត្រីរងគ្រោះបានចេញមុខតាមវីដេអូឃ្លីបលើកឡើងករណីនេះដោយខ្លួនឯងផង និងក្រោយមកមានការចូលរួមសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញផង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។ ត្បិតអ្នកតាមដានភាគច្រើនអះអាងថា បើជាការពិត វាករណីដែលអសីលធម៌ជាខ្លាំងសម្រាប់សង្គម។

អង្គហេតុដំបូងនៃករណីនេះ ដោយសារជនរងគ្រោះជាស្ត្រីមានវ័យជាង២០ឆ្នាំ​ដែលវិទ្យុស្រ្តីសម្រេចមិនបញ្ចេញឈ្មោះ បានទៅជេរម្ដាយជនជាប់ចោទមានឈ្មោះ ប្រាំង នួន អាយុ៤៧ឆ្នាំ ក្រោយពេលចៅរបស់គាត់ទៅបន្ទោរបង់នៅមុខផ្ទះ និងមានការបោះលាមកមកមុខផ្ទះខ្លួនជារៀងរាល់ថ្ងៃ។ រហូតថ្ងៃមួយជនជាប់ចោទឈ្មោះ ម៉េង ងៀន រួមទាំងម្ដាយឈ្មោះ ប្រាំង នួន  និងបុរសម្នាក់ជាកូនដែរបានមកស្ទាក់ធ្វើបាបបោចសក់ និងខ្វាចមុខស្ដ្រីរងគ្រោះមានវ័យជាង២០ឆ្នាំ ព្រមទាំងយកលាមកូនបញ្ច្រកចូលមាត់ស្ដ្រីជនរងគ្រោះផងដែរ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ស្ត្រីរងគ្រោះ។

ពាក់ព័ន្ធនឹងករណីហិង្សា និងទង្វើប្រាសចាកសីលធម៌នេះ វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពី លោក អ៊ីង​ រតន:​ មន្រ្តីនគរបាលនៃស្នងករដ្ឋាននគរបាលខេត្តកំពត ដោយលោកបានណែនាំឱ្យមើលសេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបានចេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្ដីបំភ្លឺនោះបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពតបានសម្រេចឱ្យ ជនជាប់ចោទឈ្មោះ ម៉េង ងៀន ជាប់ពន្ធនាគារ រយៈពេលឆ្នាំ១ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្យួរ(មានន័យថាអ្នកទោសអាចមានសេរីភាពនៅក្រៅឃុំបានជាធម្មតា) និងបង្គាប់ឱ្យសងសំណងជាប្រាក់ចំនួន៤លានរៀល។

រូបភាពស្ត្រីរងគ្រោះ ក្នុងពេលផ្ដល់សម្ភាសន៍ដល់សារព័ត៌មាន និងរូបភាពពេលថតវីដេអូឃ្លីប អំពាវនាវសុំអន្តរាគមន៍

ដោយមិនអាចទទួលយកបាននូវការសម្រេចរបស់ប្រព័ន្ធច្បាប់ថ្នាក់ក្រោម ស្ដ្រីជនរងគ្រោះ បានសម្រេចប្ដឹងបន្តទៅសាលាឧទ្ធរណ៍ព្រះសីហនុ។ សារណានៃបណ្ដឹងសាលាឧទ្ធរណ៍ព្រះសីហនុ បានកត់កំណត់ហេតុពេលដេញដោយគ្នាថា ជនជាប់ចោទឈ្មោះ  ម៉េង ងៀន មានលទ្ធភាពសងសំណងតែ១ពាន់ដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្តែស្ត្រីជាជនរងគ្រោះទាមទារសំណង១៥០លានរៀន ឬស្មើនឹងប្រមាណ៣៧,៥០០ដុល្លារ។ ការទារសំណងជំងឺចិត្តច្រើនបែបនេះដោយសារជនរងគ្រោះអះអាងថា ជនជាប់ចោទឈ្មោះ ម៉េង ងៀន និងម្ដាយ បានមើលងាយមកលើខ្លួនម្ដងហើយម្ដងទៀត ដោយបានប្រព្រឹត្តិអំពើអសីលធម៌យកលាមកមកញាត់មាត់ វាយធ្វើបាបចាប់ហែកមាត់ និងយកម្ទេសមកញាត់ប្រដាប់ភេទ និងប្រុងយកដុំថ្មវាយជនរងគ្រោះផងដែរ។

ទោះយ៉ាងណា ក្នុងសារណានេះ សាលាឧទ្ធរណ៍ព្រះសីហនុ និងជនជាប់ចោទឈ្មោះ ម៉េង ងៀ​ន មិនបានបដិសេធថា ការលើកឡើងរបស់ជនរងគ្រោះដែលថា ជនជាប់ចោទបានប្រព្រឹត្តិអំពើអសីលធម៌យកលាមកមកញាត់មាត់ និងយកម្ទេសមកញាត់ប្រដាប់ភេទឡើយ។ ក៏ប៉ុន្តែបានសាលាឧទ្ធរណ៍ព្រះសីហនុ បានសម្រេចដូចសាលាដំបូងខេតកំពតដដែលដោយព្យួរទោសជនជាប់ចោទឱ្យនៅក្រៅឃុំដដែល តែត្រូវបង្កើនប្រាក់សំណងជូនជនរងគ្រោះដល់១០លានរៀន ឬស្មើនឹង២,៥០០ដុល្លារ។

ដោយនៅតែមិនអាចទទួលយកបាននូវការសម្រេចរបស់តុលាការជាន់ទាបទាំងពីរថ្នាក់ ស្ត្រីរងគ្រោះបានប្តឹងបន្តទៅកាន់តុលាការកំពូលដើម្បីរកយុត្តិធម៌ជូនខ្លួនបន្ត។ ទន្ទឹមនឹងនេះក៏មានសារព័ត៌មានអនឡាញជាច្រើនបានតាមដាន និងសម្ភាសស្ត្រីរងគ្រោះអំពីករណីហិង្សាប្រាសចាសសីលធម៌នេះផងដែរ។ ក្នុងនោះស្ត្រីរងគ្រោះបានអំពាវនាវឱ្យតុលាការកំពូលរកយុត្តិធម៌ ដ្បិតអីអ្នកទោសដែលធ្វើទារុណកម្ម​លើខ្លួន ត្រូវបានតុលាការ​ថ្នាក់ក្រោមសម្រេចព្យួរទោស ដាក់ឱ្យនៅក្រៅឃុំ រស់នៅក្នុងជីវភាពដូចពលរដ្ឋសាមញ្ញធម្មតា៕

 

Share

ព័ត៌មានទាក់ទង

Image