ក្រោយការវែកញែក និងរិះគន់តាមបណ្ដាញសង្គមពាក់ព័ន្ធការប្រមូលពន្ធ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អះអាងថា រដ្ឋាភិបាលថ្មីមិនមានការបង្កើតច្បាប់ពន្ធថ្មីដាក់ឱ្យប្រជាពលរដ្ឋអនុវត្ត និងមិនមានដំឡើងអត្រាពន្ធទេ។ នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពន្ធនៅកម្ពុជាគឺមានតែ១៣មុខប៉ុណ្ណោះ។ ក៏ប៉ុន្តែជុំវិញការប្រមូលពន្ធអ្នកវិភាគនយោបាយស្នើឱ្យរដ្ឋធ្វើឡើងដោយយុត្តិធម៌។ លោក គីម ចាន់ចាវ រាយការណ៍
បន្ទាប់ពីមួយរយៈមកនេះ មានមតិលើកឡើងបង្ហាញពីការមិនពេញចិត្តជាច្រើននៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការប្រមូលពន្ធ ពិសេសលើពន្ធចំណេញមូលធន បើទោះបីជាមានការបំភ្លឺពីអគ្គនាយកដ្ឋានពន្ធដាររួចហើយក៏ដោយ ទាំងអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានចេញសារបន្តបន្ទាប់គ្នាលើកឡើងអន្តរាគមន៍លើបញ្ហានេះ។
ទោះយ៉ាងណា ពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត ប្រកាសពីការលើកលែងពន្ធមួយចំនួនទៅដល់ប្រជាពលរដ្ឋ រួមទាំងការមិនយកភាស៊ីពីពលរដ្ឋដែលលក់ដូរតិចតួចតាមកញ្ជើ ល្អីនោះឡើយ។
«ការលុបបំបាត់ភាស៊ី ការបង់ភាស៉ីថ្លៃផ្សេងៗ ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារនានាទូទាំងប្រទេស រដ្ឋបន្តមិនយកភាស៊ីនេះទេ។ កន្លងទៅមានការជ្រួលច្របល់ នៅផ្សារខ្លះបារម្ភពីរឿងយកភាស៉ីតាម កញ្ជើ ល្អី កញ្ច្រែង អត់ទេ រដ្ឋគ្មានគោលនយោបាយយកទេ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមើលប្រយ័ត្នមានគេទៅយក គឺខុសហើយ»។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត មាស នីអ្នកវិភាគនយោបាយជំរុញឱ្យរដ្ឋាភិបាលផ្ដល់ការបញ្ជាក់អំពីការអនុគ្រោះអំពីប្រភេទអាជីវកម្ម ឬករណីដែលរដ្ឋាភិបាលមិនយកពន្ធនេះឱ្យបានច្បាស់លាស់។ ហើយការប្រមូលពន្ធលោកស្នើឱ្យធ្វើឡើងដោយយុត្តិធម៌។
«ទិដ្ឋភាពជាក់ស្ដែង ក្នុងកាលៈទេសៈដ៏ពិបាកនេះ ទាំងរដ្ឋហើយនឹងរាស្ត្រត្រូវការរស់ដូចគ្នា។ ចឹងកុំឱ្យរដ្ឋចង់រស់តែម្នាក់ឯង ហើយធ្វើឱ្យទទួលរងផលប៉ះពាល់មកដល់រាស្ត្រ ហើយរាស្ត្រក៏ត្រូវតែសកម្មដែរនៅក្នុងការបង់ពន្ធទៅតាមលក្ខខណ្ឌច្បាប់តម្រូវឱ្យ ក៏ប៉ុន្តែក៏សុំឱ្យមានយុត្តិធម៌ សមធម៌ទាំងសងខាងដែរបាទ ព្រោះអីបើសេដ្ឋកិច្ចនៅថ្នាក់គ្រួសារពិបាករស់រដ្ឋក៏ពិបាករស់ដែរបាទ»។
លោកបណ្ឌិត មាស នីអ្នកវិភាគនយោបាយ
ទោះយ៉ាងណាអ្នកវិភាគរូបនេះអះអាងថា ប្រទេសនីមួយៗ នៅពេលប្រព័ន្ធពន្ធដារមិនរឹងមាំ មិនអាចឱ្យប្រទេសរឹងមាំ នឹងនាំឱ្យប្រទេសធ្វើដំណើរទៅមុខទាន់គេឡើយ។ អ្នកវិភាគរូបនេះក៏បានកត់សម្គាល់ដែរថា គោលការណ៍បង់ពន្ធដែលគេនាំគ្នាលើកឡើងមកវែកញែកក្រោយការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ មិនមែនជារឿងថ្មីឡើយ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារទើបតែលើកឡើងក្នុងពេលនេះដើម្បីឱ្យពលរដ្ឋទូទាត់ពន្ធចំពេលដែលសេដ្ឋកិច្ចពលរដ្ឋកំពុងថយចុះ និងចំពេលដែលប្រទេសជិតខាងដូចជាថៃជាដើមបង្ហាញពីគោលការណ៍ផ្ទុយពីរដ្ឋាភិបាលកម្ពុជាបានធ្វើ ខណៈការប្រៀបធៀបតែងកើតមានចំពេលដែលប្រទេសទាំងពីរមាននាយករដ្ឋមន្ត្រីថ្មីដូចគ្នានេះ៕