en     km
en     km

សហជីពថាការបន្ថែមប្រាក់ឈ្នួល៤ដុល្លារមិនអាចជួយកម្មករឡើយ ដោយស្នើរដ្ឋាភិបាលជួយគាំទ្របន្ថែម​ដល់កម្មករ

Share

តំណាងសហជីពមួយចំនួននៅតែអះអាងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតដែលត្រូវបានតំឡើង៤ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០២៤ មិនអាចជួយសម្រួលជីវភាពកម្មករនិយោជិតឱ្យមានភាពល្អប្រសើរឡើយ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលពិចារណឡើងវិញលើតម្លៃប្រាក់ឈ្នួលនេះ ឬផ្ដល់ការគាំទ្របន្ថែមដល់កម្មករនិយោជិត ដើម្បីឱ្យពួកគេរស់នៅបានសមរម្យ។ លោក គីម ចាន់ចាវ រាយការណ៍

 

ប្រតិកម្មរបស់តំណាងសហជីពបែបនេះ ក្រោយពេលដែល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ បានសម្រេច ផ្ដល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៤ បន្ថែម៤ដុល្លារ សរុបចំនួន ២០៤ដុល្លារ តាមរយៈការបោះឆ្នោត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ប្រធានសម្ព័ន្ធសហជីចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារ មិនទាន់អាចធានាការចំណាយក្នុងការរស់នៅបានឡើយ ដោយសារនៅមិនទាន់អាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករនៅឡើយទេ ក្នុងគ្រាដែលគេសង្កេតឃើញថា ទំនិញនៅលើទីផ្សារ នៅតែបន្ដឡើងថ្លៃ។

«ដោយសារតែយើងមើលឃើញថាតម្រូវការចាយវាយរបស់បងប្អូនកម្មករមានការចំណាយច្រើនជាងមុនហើយបញ្ហាការងារក៏មិនសូវសំបូរដូចមុនដែរ ហើយមួយវិញទៀតយើងក៏ពិនិត្យឃើញថាអតិផរណាខ្ពស់ជាងអ្វីដែលជាការដំឡើងប្រាក់ឈ្នួលទៅទៀត។ ដូច្នេះការតំឡើងប្រាក់ឈ្នួលដែលទាបជាងតម្លៃអតិផរណា វាមិនអាចឆ្លើយតបទៅនឹងការចំណាយបានទេ។ ទឹកប្រាក់ចំនួន៤ដុល្លារនេះវាមិនអាចឱ្យគាត់ចាយទៅតាមតម្រូវការបានទេ»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីចលនាកម្មករ

 

ពាក់ព័ន្ធប្រាក់ឈ្នួលកម្មករនិយោជិតនេះ អ្នកស្រី សំ ស្រីមុំ អគ្គហិរញ្ញឹកសហព័ន្ធសហជីពសេរីកម្មករ ដយល់ថាប្រាក់ខែ២០៤ដុល្លាររបស់កម្មករនិយោជិតនេះមិនឆ្លើយតបនឹងស្ថានភាពអតិផរណាតម្លៃទំនិញនៅកម្ពុជា។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលគួរផ្ដល់ការគាំទ្រមួយចំនួនបន្ថែមដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត។

«ថ្លៃទឹកថ្លៃភ្លើងយើងគួរតែមានការចុះតម្លៃជួយសម្រួល ទី២ សុំឱ្យរដ្ឋាភិបាលចំណាយកញ្ចប់ណាមួយដើម្បីជួយទៅកម្មករដើម្បីកាត់បន្ថយការចំណាយរបស់គាត់ ព្រោះអីយើងឃើញថាបច្ចុប្បន្នកម្មករម្នាក់ៗ អ្នកណាក៏មានបំណុលដែរ អញ្ចឹងដើម្បីឱ្យធ្វើការដោះស្រាយនូវបញ្ហានេះ រដ្ឋាភិបាលគួរតែមានកញ្ចប់ណាមួយសម្រាប់សម្រួលកម្មករ។ ហើយទី៣ទៀតយើងចង់ឱ្យគាត់ជួយសម្រួលលើសុខភាពសុវត្ថិភាពគាត់ ឧទាហរណ៍ការចំណាយលើពេទ្យមួយចំនួនឃើញថាប.ស.ស ទទួលខុសត្រូវ ប៉ុន្តែទាក់ទងទៅនឹងម្ដាយចាស់របស់គាត់ការចំណាយរបស់គាត់ អ្នកមានម្ដាយមានកូន គាត់មិនមានប.ស.ស ការចំណាយមានការធំដែរគួររដ្ឋាភិបាលមានកញ្ចប់ណាមួយសម្រាប់ជំនួយពួកគាត់»។

អ្នកស្រី សំ ស្រីមុំ អគ្គហិរញ្ញឹកសហព័ន្ធសហជីពសេរីកម្មករ

 

 ឆ្លើយតបនឹងក្ដីលោកកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីការតស៊ូរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្នុងកិច្ចការងារនេះ ដោយថា ការចរចារទម្រាំបានដល់២០៤ដុល្លារនេះ គឺក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានខិតខំ ពិភាក្សាចរចារគ្នា២០លើក ដោយមានការចរចានៅកម្រិចភាគីនីមួយ៨លើក ការចរចានៅកម្រិតភាគីទ្វេភាគី២លើក និងការចរចានៅកម្រិតត្រីភាគី១០លើក។

«ភាគីទាំងអស់ត្រូវគោរព បទបញ្ញត្តិមានចែងស្ដីពីប្រាក់ឈ្នួលអប្បបរមា ដែលកំណត់ឈរលើគោលការណ៍នៃលក្ខណៈ៧ចំណុច។ ទី១ស្ថានភាពគ្រួសារ ទី២អតិផរណា ទី៣គឺការចំណាយក្នុងការរស់នៅ ទី៤ផលិតភាព ទី៥ ការប្រកួតប្រជែងរបស់ប្រទេស ទី៦ គឺស្ថានភាពទីផ្សារការងារ ទី៧ គឺកម្រិតចំណេញរបស់វិស័យ។ ដូច្នេះក្នុងការចរចាគឺយើងត្រូវតែគិតពីផលប្រយោជន៍ទាំងភាគីនិយោជក និងភាគីកម្មករនិយោជិត។ និយោជកមិនអាចបើរោងចក្រសហគ្រាសដោយគ្មានកម្មករនិយោជិតធ្វើការ។ កម្មករនិយោជិត(មិនអាច)ធ្វើការដោយគ្មានរោងចក្រសហគ្រាសនោះទេ»។

លោកកត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

 

ទោះយ៉ាងណា លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) អះអាងថា ប្រាក់ឈ្នួលចំនួន២០៤ដុល្លារនេះ មិនធ្វើឱ្យកម្មករនិយោជិតពេញចិត្តឡើយ ដោយមិនអាចសមស្របនឹងស្ថានភាពរស់នៅរបស់កម្មករនិយោជិតឡើយ ទើបពួកគេទាមទារឱ្យផ្ដល់ប្រាក់២១៥ដុល្លារ ដែលថៅកែអាចមានលទ្ធផ្ដល់ឱ្យបាន។

«តាមពិតគាត់ទារ២១៥(ដុល្លារ)ហ្នឹងវាចំនួនតិចផង ប៉ុន្តែគាត់គិតថាចំនួននេះដែលនិយោជកអាចតំឡើងឱ្យបាន។ ហើយគាត់ចំណាយច្រើន គាត់ចំណាយវិញរហូតទៅដល់២៥០ទៅ៣០០ដុល្លារឯណោះ។ ការផ្ដល់ប្រាក់ឈ្នួលប៉ណ្ណឹងវាអត់ឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ទេ។ ម្យ៉ាងវិញទៀតយើងមើលឃើញអតិផរណាខ្ពស់ បើយើងមើលទៅ៤ដុល្លារហ្នឹងប្រហែលជា២ភាគរយតែប៉ុណ្ណោះ ដែលទំនិញទីផ្សារផ្សេងៗវាឡើងដល់ជិត១០ភាគរយ ហើយអតិផរណាសរុបវាដល់២,៥ភាគរយ»។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)

 

ជា​រៀង​រាល់​ឆ្នាំ ​ក្រសួង​ការងារ ​តែង​តែ​សម្រប​សម្រួល ជាមួយតំណាងកម្មករ សហជីព និងភាគីថៅកែក្រុមហ៊ុន​ ឱ្យ​មាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ។​ ប្រាក់ឈ្នួលក៏ត្រូវបានតំឡើងជារៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ​២០២៣​ ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​និយោជិត​ទទួល​បាន​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ មុនឈានដល់ការដំឡើង៤ដុល្លារនៅឆ្នាំបន្ទាប់នេះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង