en     km
en     km

រាជរដ្ឋាភិបាល៖ពន្ធចំណេញមូលធនមិនទាន់សម្រេចជាផ្លូវការនៅដើមឆ្នាំ២០២៤ឡើយ

Share

សារពីរាជរដ្ឋាភិបាលអន្តរាគមន៍ភ្លាមៗបន្ថែមពីលើការបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ លើការប្រមូលពន្ធចំណេញមូលធន បានបញ្ជាក់ឱ្យដឹងថា មិនទាន់មានការសម្រេចជាផ្លូវការណាមួយពាក់ព័ន្ធករណីប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៣ឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

បន្ទាប់ពីមួយរយៈមកនេះ មានមតិលើកឡើងបង្ហាញពីការមិនពេញចិត្តជាច្រើននៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការប្រមូលពន្ធ ពិសេសលើពន្ធចំណេញមូលធន បើទោះបីជាមានការបំភ្លឺពីអគ្គនាយកដ្ឋានពន្ធដាររួចហើយក៏ដោយ ទាំងអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន​ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេច ហ៊ុន ម៉ាណែត បានចេញសារបន្តបន្ទាប់គ្នាលើកឡើងអន្តរាគមន៍លើបញ្ហានេះ។

តាមរយៈឃ្លីបសំឡេងនៅយប់ថ្ងៃទី២៧ ខែកញ្ញា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានការសម្រេចជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថា ត្រូវតែអនុវត្តការប្រមូលពន្ធចំណេញមូលធននៅឆ្នាំ២០២៤ ឬត្រូវកែសម្រួលឡើងវិញឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ។

«គោលការណ៍ចុងក្រោយដែលត្រូវអនុវត្តនោះ គឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលទេ ដែលត្រូវអនុវត្តឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា។ កិច្ចការងារនេះគឺខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរតន៍ តាំងពីថ្ងៃប្រជុំដំបូងគណរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែ០៨ ឆ្នាំស២០២៣»។

 

យ៉ាងណានៅថ្ងៃជាមួយគ្នានៃការបញ្ចេញសាររបស់នាយករដ្ឋមន្ដ្រី ពោលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានបំភ្លឺរឿងចោទប្រកាន់ថា រដ្ឋគិតតែប្រមូលពន្ធ ខណៈប្រទេសផ្សេងបានកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្តទៅហើយ។ ស្ថាប័នមួយនេះបានបំភ្លឺលើមតិរិះគន់នេះថា គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ និងមានចេតនាបំភាន់ មួលបង្កាច់ ព្រមទាំងចោទប្រកាន់លើការអនុវត្តការងារកន្លងមក របស់អង្គភាព។

 

 

នាពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលបានអនុម័តលើយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលជួយសម្រួលខាងសាររពើពន្ធមួយចំនួនដល់អ្នកធ្វើការលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ជាមួយគ្នាសង្គមស៊ីវិលដែលធ្វើការអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ស្វាគមន៍ចំពោះរឿងនេះ ដើម្បីបង្កភាពងាយស្រួលជួយអាជីវករ ខណៈចំណូលរបស់អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមការធ្លាក់ចុះ។

តែទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចអះអាងថា បញ្ហាដែលនាំឱ្យការរិះគន់លើការប្រមូលពន្ធនេះ ដោយសារមិនមានការជូនដំណឹងច្បាស់លាស់ឱ្យបានគ្រប់ជ្រុងជ្រោយទៅកាន់ម្ចាស់ទ្រព្យ និងម្ចាស់ទ្រព្យមិនយល់ច្បាស់ពីច្បាប់ពន្ធ។ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាថា រដ្ឋគួរតែរៀបចំឱ្យមានប្រព័ន្ធផ្ដល់ព័ត៌មានពីការប្រមូលពន្ធនេះឱ្យបានគ្រប់ជ្រុងជ្រោយ នោះនឹងជួយឱ្យគ្មានវិត្តិកើតឡើង និងមានស្ថិរភាពផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image