en     km
en     km

ស្វែងយល់អំពីជំងឺភ្នែកក្រហម រួមទាំងវិធីសាស្រ្តការពារនិងព្យាបាល

Share

កាលពីថ្មីៗនេះ កម្ពុជាមានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។ តទៅនេះកញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺភ្នែកក្រហម រួមទាំងវិធីសាស្រ្តការពារនិងព្យាបាលជំងឺនេះផងដែរ។  

យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហាញថា ជំងឺភែ្នកក្រហមឆ្លង(Conjunctivitis or Pink Eye) ជាការរលាកភ្នាស “ស” នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស (ជាពិសេស Adeno Virus) និង ពពួកបាក់តេរី (ដូចជា Staphylococcus aureus and staphylococcus) ។ នៅប្រទេសកម្ពុជា គេសង្កេតឃើញច្រើនកើតមានឡើងនៅក្នុងចំណោមសិស្សសាលា និងក្នុងសហគមន៍ ដែលមានអ្នកកើតជំងឺភ្នែកក្រហមឆ្លងនេះនៅរដូវភ្លៀង និងពេលខ្យល់ធា្លក់ពីជើង។ ជំងឺនេះមានលក្ខណៈរាតត្បាតក្នុងសហគមន៍ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកមានជំងឺភែ្នកក្រហមនេះ។

ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញពីរោគសញ្ញាជំងឺភ្នែកក្រហមផងដែរដោយក្នុងនោះ រួមមាន នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក (ស្រទាប់ស្ដើងដែលតម្រង់ផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែក) ជាពិសេសនៅពេលព្រឹក មានហូរទឹកភ្នែកច្រើនជាងមុន ដោយសារមានកើននូវការផលិតទឹកភ្នែក។ ហើយរោគសញ្ញាផ្សេងទៀតមានរកាំភ្នែកឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែកដូចជាពណ៌ខ្ទុះឬពណ៌ទឹកបាយ និងចុកគ្រាប់ភ្នែកជាដើម ។

បន្ថែមពីនេះ ជំងឺភ្នែកក្រហមនេះបណ្ដាលមកពីមូលហេតុ៣ប្រភេទធំៗដែលមានដូចជា មូលហេតុទី១ បង្កដោយវីរុស អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ព្រោះជាធម្មតាចាប់ផ្តើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមានហូរទឹកចេញពីភ្នែកតែមិនខាប់ទេ។  រីឯមូលហេតុទី២ បង្កដោយបាក់តេរី ភាគច្រើនមានអាចម៍ភ្នែកជាខ្ទុះ ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា ជួនកាលកើតឡើងជាមួយនឹងជំងឺរលាកត្រចៀកផងដែរ។

 សូមចំណាំផងដែរថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីមានឆ្លងរាលដាលលឿននិងងាយស្រួលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត។ ចំណែកមូលហេតុចុងក្រោយនៃជំងឺភ្នែកក្រហមនេះ គឺបង្កដោយអាឡែស៊ីបរិស្ថានជុំវិញខ្លួន ដូចជាធូលីដីឬគ្រឿងសំអាងជាដើម ដែលជាធម្មតាកើតលើភ្នែកទាំងសងខាង ដែលអាចបង្កជារមាស់ខ្លាំង ហូរទឹកភ្នែក អាចម៍ភ្នែក និងហើមភ្នែក ហើយអាចកើតឡើងជាមួយរោគសញ្ញានៃអាឡែហ្ស៊ីដូចជា រមាស់ច្រមុះ កណ្ដាស់ រមាស់បំពង់ក ឬហឺត ប៉ុន្តែការឆ្លងដោយអាឡែស៊ីនេះ មិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ផ្សេងទៀតទេ។ 

តទៅនេះ ក្រសួងសុខាភិបាលសូមណែនាំដល់បុគ្គលមានជំងឺភ្នែកក្រហមត្រូវអនុវត្តដូចតទៅ៖  ១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ២០វិនាទី មុននិងក្រោយពេល សម្អាតឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។ ប្រសិនបើគ្មានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងជែលដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។

២.ចៀសវាងការប៉ះ ឬត្រដុសឬញីភ្នែក ពីព្រោះធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ឬរាលដាលទៅភ្នែកម្ខាងទៀត។

៣. ប្រើដៃស្អាត លាងសម្អាតទឹករំអិលជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែលបានប្រើរួចជាមួយទឹកក្តៅ និងសាប៊ូបោកខោអាវ បន្ទាប់មកអ្នកត្រូវលាងដៃម្ដង ។

៤. កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយសម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ (កុំប្រើថ្នាំលើភ្នែកមិនឈឺ)។

៥. បោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់និងលាងដៃរបស់អ្នកបន្ទាប់ពីកាន់របស់របរបែបនេះ។ 

៦. ផ្អាកពាក់កែវភ្នែកឬ Contact lenses 

៧. ត្រូវសម្អាតវ៉ែនតា ដោយប្រុងប្រយ័ត្នកុំឱ្យប៉ះវត្ថុកខ្វក់ (ដូចជាកន្សែងដៃ) ។ 

៨. កុំចែករំលែកសម្ភារផ្ទាល់ខ្លួនជាមួយអ្នកដទៃ។

៩. កុំប្រើអាងហែលទឹក

និងទី១០. ប្រសិនបើអ្នកមានជំងឺរលាកភ្នែក ប៉ុន្តែមិនមានគ្រុនក្ដៅ ឬរោគសញ្ញាផ្សេងទៀត អ្នកអាចបន្តធ្វើការ ឬទៅសាលារៀនបាន។ ប៉ុន្តែបើអ្នកមានរោគសញ្ញា ត្រូវសម្រាកពីកន្លែងធ្វើការ ឬសាលារៀនដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត ។

ចំពោះសម្រាប់បុគ្គលមិនទាន់មានជំងឺភ្នែកក្រហមក៏ត្រូវអនុវត្តដូចខាងលើផងដែរដោយលាងដៃឱ្យស្អាតនិងឱ្យបានញឹកញាប់ ជៀសវាងយកដៃប៉ះភ្នែក ចៀសវាងការប៉ះពាល់ផ្ទាល់និងរក្សាគម្លាតជាមួយអ្នកជំងឺជាដើម។

ក្រៅពីនេះ ក្រសួងសុខាភិបាលបានណែនាំពីវិធីបង្ការកុំឱ្យមានជំងឺភ្នែកក្រហមឡើងវិញផងដែរ ដោយក្នុងនោះ៖ អ្នកជំងឺដែលធ្លាប់កើតជំងឺភ្នែកក្រហមត្រូវបោះចោលគ្រឿងសម្អាងភ្នែក ឬមុខ ឬជក់ផាត់មុខដែលបានប្រើពេលមានជំងឺភ្នែកក្រហម និងត្រូវបោះចោលនូវទឹកបន្តក់ដាក់ភ្នែក ដែលអ្នកធ្លាប់ប្រើ ពេលឈឺភ្នែកក្រហមឱ្យបានសមស្រប។ មួយវិញទៀតត្រូវសម្អាតវ៉ែនតា និងស្រោមដាក់វ៉ែនតា ដែលអ្នកបានប្រើពេលអ្នកឈឺភ្នែកក្រហមនោះ។

នាងកញ្ញាលោក លោកស្រី តទៅនេះគឺជាការថែទាំព្យាបាលដែលករណីភាគច្រើននៃជំងឺភ្នែកក្រហមស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្ដល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែកដើម្បីជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។  ហើយចំពោះអ្នកជំងឺភ្នែកក្រហមបង្កឡើងដោយសារធាតុអាលែហ្សេន (ដូច ជាលម្អង ឬសត្វកកេរ) ថ្នាំអាឡែហ្ស៊ី និងថ្នាំបន្តក់ភ្នែកមួយចំនួន ក៏អាចផ្តល់នូវការធូរស្រាលពីជំងឺផងដែរ។       ជាចុងក្រោយនៃអត្ថបទនេះ ប្រសិនជាសាធារណជនមានបញ្ហា ឬសាកសួរពីព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

Share

ព័ត៌មានទាក់ទង

Image